Sunday, September 21, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ខាតលុយជាង២០មុឺនដុល្លារ

ឱក សុគន្ធកញ្ញា ខាតលុយជាង២០មុឺនដុល្លារ

ឱក សុគន្ធកញ្ញា ដល់ត្រើយសុខសាន្តហើយ ព្រោះជាតារាចម្រៀងមានឥទ្ធិពលជាងគេនៅហង្សមាស ផង ប្អូនថៅកែហង្សមាសផង និងមានប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទៀត។

ទោះជាយ៉ាងណា ក្រោយមានប្តី ឱក សុគន្ធកញ្ញា ដែលប្រឈមបាត់មុខពីឆាកតន្ត្រីដល់ទៅ៣ខែនោះ នាងប្រឈមការខាតប្រាក់ចំណូលរហូតជាង២០ម៉ឺនដុល្លារ…។

ឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនឡើងឆាកច្រៀងចុងក្រោយកាលពីថ្ងៃទី១២ ខែតុលា នៅក្រុមហ៊ុន R&F ហើយនាងក៏សម្រាលកូននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតាំងពីនោះមក ប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះបាត់ខ្លួនរហូតព្រោះសម្ងំថែទាំសុខភាពឱ្យបានរឹងដៃរឹងជើង ខណៈដែលក្រុមការងារហង្សមាសបានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា នឹងអាចវិលឡើងឆាកតន្ត្រីវិញនៅអំឡុងដើមខែកុម្ភៈឆ្នាំ២០២០។

ការបាត់មុខជាង៣ខែនេះ គេអាចធ្វើការសន្និដ្ឋានបានថា សុគន្ធកញ្ញា បាត់លុយមិនក្រោម២០ម៉ឺនដុល្លារឡើយ ដោយសំអាងថា មុនពពោះសុគន្ធកញ្ញា ចេញច្រៀង១កម្មវិធីស៊ីថ្លៃចាប់ពី៣០០០ដុល្លារឡើង ហើយក្នុងរដូវក្តៅនាងច្រៀងមិនក្រោម២០កម្មវិធីទេ ក្នុង១ខែ បានន័យថា យ៉ាងហោចណាស់តារាចម្រៀងហង្សមាស រូបនេះ អាចរកប្រាក់ចំណូលបាន៦ម៉ឺនដុល្លារ ក្នុង១ខែៗ។

ទោះជាយ៉ាងណា សុភមង្គលសំខាន់ជាងលុយ ហេតុនេះហើយ ទោះជាប្រឈមខាតលុយធំយ៉ាងណា ក៏ឱក សុគន្ធកញ្ញា នៅតែយកកូនឱ្យខាងតែបានអំឡុងពេលត្រូវប៉ាន់ទីផ្សារសិល្បៈនេះដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។

តារាចម្រៀងល្បីល្បាញរូបនេះ បានសម្រាលកូនជាង១ខែទៅហើយ ខណៈកាលពីថ្ងៃទី១១ ខែធ្នូ នាងទើបធ្វើពិធីចេញខែកូនប្រុស អ៊ឹង បញ្ញាបុត្រ ហៅឆលី ទៀតផង ដោយមានតារារួមអាជីពយ៉ាងច្រើនកុះករទៅអបអរសាទរ បន្ទាប់ពីនាងបានបីកូនជិះយន្តហោះពីថៃមកស្រុក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្វីដែលឱក សុគន្ធកញ្ញា កាន់តែរីករាយថែមទៀតនោះ គឺក្រោយពេលនាងមានកូនប្រុសម្នាក់នេះ ស្រាប់តែស្វាមីរបស់នាង លោកសុខលី កាន់តែស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងជាងមុនទៅទៀត ទោះជាលោករវល់យ៉ាងណាក៏មិនចង់ឃ្លាតពីអ្នកចម្រៀងរូបនេះឡើយ។

សុគន្ធកញ្ញា រំភើបសប្បាយចិត្តខ្លាំងណាស់ ព្រោះពេលនេះនាងបានស្គាល់នូវសុភមង្គលពិតក្នុងជីវិត ដែលជាក្តីសុបិនពីមុន ពេលនេះអ្វីៗគ្រប់យ៉ាងមានក្នុងកណ្តាប់ដៃនាងទៅហើយ។

តារាជាច្រើនបានចាត់ទុកសុគន្ធកញ្ញា ថា ជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា នៅឆ្នាំ២០១៩ ដែលកម្រមានតារារូបណាធ្វើបានដូចជារូបនាង។

ប៉ុន្តែមានមតិខ្វែងគំនិតគ្នា ដោយខ្លះថា សុគន្ធកញ្ញា នៅតែល្បីដូចមុនដដែល ប៉ុន្តែខ្លះថា នាងនឹងប្រឈមការចុះខ្សោយជាមិនខាន នៅពេលដែលមានប្តីមានកូននេះ បើទោះជានាងក្លាយទៅជាប្អូនថៅកែហង្សមាស ក៏ដោយ។

ប៉ុន្តែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ បានលើកឡើងថា ឱក សុគន្ធកញ្ញា នៅតែល្បី ឬធ្លាក់កូដនៅលើកណ្តាប់ដៃហង្សមាស ជាអ្នកកំណត់មិនមែនរឿងមានប្តីកូននោះទេ ព្រោះប៊ីយ៉នសេ មានប្តីកូនហើយនៅតែល្បីដដែល។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែល មង្គលការរបស់នាងមានការចាប់អារម្មណ៍ពីមហាជនច្រើនជាងគេ បើប្រៀបធៀបតារាផ្សេងៗទៀត ដែលរៀបការនៅឆ្នាំនេះដែរ ព្រោះគ្រាន់តែចំណាយកម្មវិធីជប់លៀងអស់ជាង១០ម៉ឺនដុល្លារ ហើយមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

ដោយឡែក ការបានកូនមួយនេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់នាង ព្រោះនៅថ្ងៃរៀបការ សុគន្ធកញ្ញា បង្ហើបប្រាប់តារាកំប្លែងនាយក្រឹម ថា នាងចង់បានកូន៣ ហេតុនេះហើយគឺនៅតាមយកកូន២ ថែមទៀត ដូច្នេះលោកអ៊ឹង សុខលី ប្រុងខ្លួនឱ្យហើយទៅ៕

RELATED ARTICLES