ពិតជាមិនខនបំណងមែន ដែលអតីតតារាសម្ដែងជើងចាស់ លោកយស បូវណ្ណៈ បានផ្អាកសិល្បៈជាង១ទសវត្សមកហើយ ប៉ុន្តែបានលេចមុខជាថ្មីក្នុងរឿង ”លោកឪពុក” របស់ផលិតកម្មមហាហង្ស នោះ ត្រូវបានជាប់ជាតារាសម្ដែងបានសមជាងគេក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ដអន្ដរជាតិ អាស៊ាន-ប៉ាស៊ីហ្វិក លើកទី៥៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

ដោយឡែក រឿង ”ព្រលឹង” របស់ផលិតកម្មមហាហង្ស ដែរ ជាប់ជម្រើសជាភាពយន្ដល្អបំផុតផ្នែក “Best Visual Effect Top 3” ក្នុងចំណោមភាពយន្ដមកពីជាង១០០ប្រទេស ទូទាំងពិភពលោក។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស សប្បាយរីករាយខ្លាំងណាស់ចំពោះលទ្ធផលនេះ ព្រោះជាមោទកភាពមួយរបស់ភាពយន្ដខ្មែរដែលមានមុខលើឆាកអន្ដរជាតិ ហើយនឹងធ្វើឲ្យវិស័យភាពយន្ដខ្មែរកាន់តែមានទីផ្សារទូលាយជាងមុនថែមទៀតជាមិនខាន នៅពេលដែលបរទេសបានទទួលស្គាល់ពីស្នាដៃថា ភាពយន្ដខ្មែរមានគុណភាពដែលគេអាចទទួលយកបាន។

គួរបញ្ជាក់ថា លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានដឹកនាំគណៈប្រតិភូផលិតកម្មរបស់លោក ចេញដំណើរទៅចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដើម្បីទៅចូលរួមកម្មវិធី “Asian Pacific Film Festival 2020” លើកទី៥៩ នៅទីក្រុងម៉ាកាវ ស្របពេលដែលផលិតកម្មរបស់លោកត្រូវបានគណៈកម្មការជ្រើសជ្រើសយក២រឿងជាប់គ្នា ក្នុងចំណោមភាពយន្ដទាំង៥០រឿង ដែលមាន៧៨ប្រទេសចូលរួមនោះ គឺរឿង ”លោកឪពុក” និងរឿង ”ព្រលឹង”។

ដោយឡែក សម្រាប់តារាសម្ដែងដែលទៅចូលរួមដើរលើកម្រាលព្រំក្រហម តំណាងឲ្យភាពយន្ដទាំង២រឿងនោះ មានដូចជា អ្នកនាងភិន សុដាលីស , ចាន់ រតនា , ភឹម តារាវិបុល , មូល សារ៉ាវ៉ាន់ និងលោកហេង នរៈកក្កដា ។

លោសុភិន អះអាងថា នេះជាលើកទី៣ហើយដែលផលិតកម្មមហាហង្ស បានយកភាពយន្ដរបស់ខ្លួនចូលរួមប្រកួតនៅមហោស្រពភាពយន្ដនៅចិន នេះ ខណៈដែលសុដាលីស និងតារាវិបុល វិញ ប្រាប់ថា ជាលើកទី២សម្រាប់ពួកគេដែលបានទៅចូលរួមព្រឹត្តការណ៍ដ៏អស្ចារ្យនៅប្រទេសចិននេះ។

យ៉ាងណា គណៈប្រតិភូរបស់មហាហង្ស នឹងមកដល់ស្រុកវិញនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០៕




