បុរសរូបសង្ហាពូកែវោហាស័ព្ទនិងជាពិធីកររបស់ទូរទស្សន៍ហង្សមាស លោកនាង វ៉ាងសាន់ ដែលបានចាប់ដៃតារាសម្ដែងឈួន ពន្លឺ បើកហាងផឹកស៊ីចំណាយទុនអស់៤ម៉ឺនដុល្លារនោះ បានធ្វើពិធីជប់លៀងធំគម្រប់២ឆ្នាំនៃអាជីវកម្មរបស់ពួកគេ កាលពីរាត្រីថ្ងៃទី៦ ខែមករា ដោយមានតារាប្រុសស្រីជាច្រើនដួងទៅចូលរួមអបអរសាទរ។

ហាងរបស់វ៉ាងសាន់ និងឈុន ពន្លឺ ឈ្មោះសាន់ឡាយ (Sunlight) មានទីតាំងនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានថៅកែវ័យក្មេងទាំង២ អះអាងថា កាក់កបគួរសម ទើបធ្វើពិធីជប់លៀងនេះឡើងដើម្បីជាការអរគុណដល់អតិថិជន ក៏ដូចជាតារារួមអាជីពទាំងអស់ដែលតែងតែទៅគាំទ្រហាងរបស់លោកនាពេលកន្លងមក។

ប្រុសរូបសង្ហាលោកនាង វ៉ាងសាន់ អះអាងថា លោកបានធ្វើពិធីជប់លៀង៤០តុ ក្នុងនោះភាគច្រើនគឺជាតារារួមអាជីពតែម្ដង ដែលត្រូវបានអញ្ជើញឲ្យចូលរួម ហើយលោករីករាយខ្លាំងណាស់ ដែលកន្លងមកតែងមានអ្នកសិល្បករមួយចំនួនមកញាំអាហារ ឬធ្វើកម្មវិធីនៅហាងរបស់លោកជាញឹកញប់។

ចំណែកលោកឈួន ពន្លឺ វិញ អះអាងថា ការធ្វើខួបគម្រប់២ឆ្នាំនេះ ក៏ជាការពង្រីកហាងរបស់លោកថែមមួយជាន់ទៀតទៅផ្នែកខាងលើកដែរ ហេតុនេះហើយហាងអាចដាក់ភ្ញៀវបានច្រើនជាងមុន ពិសេសអ្នកដែលមានដៃគូចង់ញាំអាហារកណ្ដាលក្រុង បែបរ៉ូមែនទិកអី ពួកគាត់ច្បាស់ជាទៅជាន់ខាងលើហ្នឹងហើយ។

តារាសិល្បៈរួមអាជីពបានសរសើរទាំងនាង វ៉ាងសាន់ និងឈួន ពន្លឺ ដែលមិនចេះលេងម៉ូដឡានដូចតារាផ្សេងៗទៀត ហើយប្រឹងសន្សំលុយបើកមុខរបរផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈនេះ ព្រោះសិល្បៈមិនថិតថេរទេ ហេតុនេះហើយនៅពេលដែលពួកគេមានឱកាសគួរតែចេះឆក់យកឱកាសធ្វើជំនួញដូចតាារទាំង២ ទើបធ្វើឲ្យជីវភាពល្អប្រសើរឡើង៕
