Sunday, September 21, 2025
Homeតារាខ្មែរអ៊ុង នីនិច្ច ចាប់យកទាំង២

អ៊ុង នីនិច្ច ចាប់យកទាំង២

តារាចម្រៀងវ័យក្មេង កញ្ញាអ៊ុង នីនិច្ច បានឱ្យដឹងថា នៅដើមឆ្នាំ២០២០នេះ នាងត្រៀមចេញបទចម្រៀងថ្មីៗថែមទៀតតាមរយៈការចំណាយលុយធ្វើបទចម្រៀងដោយខ្លួនឯង ព្រោះពេលនេះនាងមិនទាន់ឈរជើងនៅផលិតកម្មណាមួយទេ។

ប៉ុន្តែ នីនិច្ច ថា នាងនឹងចូលជ្រកនៅផលិតកម្មណាមួយ ប្រសិនបើផលិតកម្មនោះមានគោលការណ៍ល្អ ហើយសមស្របជាមួយនាង។

អ៊ុង នីនិច្ច វាចាថា “ខ្ញុំជាតារាចម្រៀងប្រចាំនៅក្រសួងព័ត៌មាន ហើយខ្ញុំមានមោទកភាពដែលបានឈរជើងនៅទីនោះ ព្រោះបទចម្រៀងដែលខ្ញុំច្រៀងសុទ្ធតែជាបទទាក់ទងការអភិវឌ្ឍរបស់ជាតិ។ ប៉ុន្តែសម្រាប់ការឡើងឆាកវិញ ខ្ញុំយកបទផ្ទាល់ខ្លួនមកច្រៀងដែលយើងធ្វើបានជាច្រើបទមកហើយ ភាគច្រើនជាបទយុវវ័យ និងបទ Cover ពីបទដើមខ្លះៗដែរ”។

នីនិច្ច បន្តថា “ខ្ញុំអាចនិយាយបានថា ចំពោះបទចម្រៀងខ្ញុំចាប់យកទាំង២តែម្តង គឺទាំងបទជាតិនៅក្រសួងព័ត៌មាន និងការធ្វើបទចម្រៀងដោយខ្លួនឯង។ ខ្ញុំមិនអាចចោលមួយណាបានទេ ព្រោះអាជីពចម្រៀងជាការស្រលាញ់តាំងពីតូចរបស់ខ្ញុំម៉្លេះ។ ចំពោះការចូលផលិតកម្មវិញ ខ្ញុំអាចនឹងចូល បើពេលវេលាសមស្របណាមួយមកដល់”។

ទោះជាមិនទាន់ចូលផលិតកម្មណាមែន ប៉ុន្តែអ៊ុង នីនិច្ច បានចេញច្រៀងតាមឆាកតន្ត្រីធំៗជាញឹកញាប់ ពិសេសតាមបណ្តាស្ថានីយទូរទស្សន៍ផ្សេងៗ ហើយនាងមានក្រុមរាំអមដូចតារាចម្រៀងល្បីផ្សេងៗទៀតផងដែរ។

ដោយឡែក ឪពុកម្តាយរបស់នីនិច្ច វិញ សុទ្ធតែជាអ្នកស្រលាញ់សិល្បៈខ្លាំង ហើយពួកគាត់តែងតែទៅតាមកូនស្រីដល់ឆាកតន្ត្រីទៀតផង ដើម្បីលើកទឹកចិត្តតារាចម្រៀងរូបនេះ។ ប៉ុន្តែទន្ទឹមនឹងនេះក៏លេចឮថា នីនិច្ច ត្រូវបានឪពុកម្តាយតាមការពារដូចរ៉េត ស៊ូហ្សាណា ដែរ ដោយសារតែខ្លាចនាងមានប្រុសតាមឆក់ស្នេហ៍។

អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង “កំពូលតារា” របស់ PNN រូបនេះអះអាងថា នាងមិនទាន់មានស្នេហាទេ ព្រោះឆ្នាំនេះទើបមានវ័យ២២ឆ្នាំ។ នាងថា ចង់ពង្រឹងទៅលើអាជីពសិល្បៈឱ្យបានរឹងមាំជាងនេះ ចំណែករឿងស្នេហាឬមង្គលការមិនទាន់ជាពេលវេលា ដែលនាងត្រូវផ្តោតនៅពេលនេះឡើយ៕

RELATED ARTICLES