Sunday, September 21, 2025
Homeព័ត៌មានជាតិនាយចឺម បង្ហាញមុខសង្សារ ថ្ងៃសម្ពោធវីឡា២០ម៉ឺនដុល្លារ

នាយចឺម បង្ហាញមុខសង្សារ ថ្ងៃសម្ពោធវីឡា២០ម៉ឺនដុល្លារ

នាយចឺម ឬសុខ មេសា ហាក់ស្ទាក់ស្ទើរប្រាប់រឿងមង្គលការជាមួយសង្សារថ្មី ស្រីស្អាតសាច់ដូចបណ្ដូលចេកកញ្ញាគៀត បេលឡា ហៅហ្វាហ្វា បើទោះជានៅក្នុងថ្ងៃឡើងផ្ទះវីឡាថ្មី តម្លៃក្បែរ២០ម៉ឺនដុល្លានោះ អូនហ្វា បានទៅឈរទទួលភ្ញៀវ ហើយបង្ហាញកាយវិការដូចប្រពន្ធនាយចឺម ក្ដី។

ប៉ុន្ដែយ៉ាងណា តាមព័ត៌មានថា នាយចឺម បានភ្ជាប់ពាក្យនឹងត្រៀមរៀបការជាមួយអូនហ្វាហ្វា ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

នាយចឺម និយាយបែបរដាក់រដុបថា ”រឿងអីបង? រៀបការកាលណា ខ្ញុំមិនដឹងទេ។ រឿងភ្ជាប់ពាក្យហ្នឹងខ្ញុំអត់ដឹងផង។ ពិបាកនិយាយណាស់មនុស្សស្រលាញ់ៗគ្នា ពេលខ្លះក៏បែកគ្នាទៅក៏មានដែរ អីចឹងខ្ញុំមិនអាចនិយាយបានទេ។ ខ្ញុំគ្រាន់តែចង់និយាយថា ផ្ទះថ្មីរបស់ខ្ញុំនេះ ខ្ញុំធ្វើជូនម្ដាយរបស់ខ្ញុំ ហើយខ្ញុំនឹងទិញផ្ទះផ្ទាល់ខ្លួននៅភ្នំពេញមួយទៀត។ ប៉ុន្តែពេលខ្ញុំមកលេងស្រុកអីចឹងទៅ មានផ្ទះល្អអីចឹងដែរ។ ផ្ទះនេះខ្ញុំធ្វើចំណាយលុយច្រើនដែរ គឺលើសពី១០ម៉ឺនដុល្លារ។ ចំណែកការឡើងផ្ទះថ្ងៃនេះ ខ្ញុំធ្វើ១៥០តុ ហៅតារាៗយើងមកច្រើនដែរ”។

ចំណែកស្រីស្អាតសាច់សខ្ចី កញ្ញាហ្វាហ្វា វិញ ញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលឃើញអនាគតស្វាមីលេងម៉ូដសក់ទង់ដែង ហើយត្រូវបានអ្នកស្រុកអ្នកភូមិហៅថតសែលហ្វី រកតែរើខ្លួនមិនចង់រួចនោះ។ ប៉ុន្តែអូនហ្វាហ្វា ហាក់ផ្អើលៗនៅពេលដែលសួរគម្រោងដឹកដៃនាយចឺម ចូលរោងការនោះ ដោយនាងហៅនាយចឺម ថា ”បងIdol”។

សង្សារថ្មីនាយចឺម កញ្ញាហ្វាហ្វា វាចាទាំងអឹមអៀនថា ”ខ្ញុំមិនទាន់គិតគូរដល់រឿងរៀបការអីទេ។ ចាំមើលទៅមុខសិន ឥឡូវកំពុងមើលចិត្តគ្នា។ ខ្ញុំមកជួយរៀបចំកម្មវិធីឡើងផ្ទះគាត់ (ចឺម) តាំងពីមុនថ្ងៃធ្វើពិធី១ថ្ងៃនេះ ហើយហត់ដែរហ្នឹង តែធ្វើម៉េចដើម្បី ”បងIdol” គឺត្រូវតែមកហើយ”។

ការឡើងផ្ទះវីឡារបស់នាយចឺម ពិតជាបានធ្វើឲ្យអ្នកស្រុកនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការភ្ញាក់ផ្អើលខ្លាំងមែន ព្រោះអ្នកស្រុកដង្ហែគ្នាទៅទាំងហ្វូងៗតែម្ដង ខណៈដែលតារាសិល្បកររួមអាជីពវិញ បានជិះរថយន្ដចម្ងាយ៦០គីឡូម៉ែត្រពីភ្នំពេញ ទៅអបអរសាទរតារាសាន់ដេរូបនេះ ដល់ផ្ទះផងដែរ។

គួរបញ្ជាក់ថា នាយចឺម បានភ្លាត់ស្នៀតធ្វើឲ្យបាត់បង់អតីតសង្សារជាស្រីស្អាតម្ដងដល់ទី២នាក់ គឺស្រីស្អាតពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី។ ប៉ុន្ដែដើម្បីកុំឲ្យដេកស្ដាយក្លិន សង្សារចាស់តទៅទៀត នាយចឺម បានភ្ជាប់ស្នេហ៍ជាមួយអូនហ្វាហ្វា ដោយរស់នៅក្រោមដំបូលផ្ទះតែមួយដូចប្ដីប្រពន្ធ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល មុនឡើងផ្ទះវីឡាស្កឹមស្កៃនេះ នាយចឺម ត្រូវបានកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយឲ្យរងរបួសដៃជើងនិងបែកក្បាលដេរ៥ថ្នេរ ដោយសារតែនាយចឺម ឆាតទៅញ៉ែសង្សាររបស់គេ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

តារាចម្រៀងជើងចាស់លោកនូ ស៊ិប បានឲ្យយោបល់នាយចឺម ថាគួរតែសម្ងំលាក់ខ្លួនមួយរយៈសិន ចាំចេញមុខមកវិញ ហើយខាងសមាគមសិល្បករខ្មែរ ត្រូវតែហៅនាយចឺម ទៅអប់រំផង។

ប៉ុន្ដែពេលនេះ នាយចឺម បែរជាមិនខ្វល់រឿងអាស្រូវស្នេហាទេ បែរជាមកជប់លៀងឡើងវីឡា ផ្អើលអស់អ្នកស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

RELATED ARTICLES