តារាសម្តែងអ្នកនាងភិន សុដាលីស បានចេញទៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៦ ខែមករា ដើម្បីចូលកម្មវិធី ASian Pacific Film Festival 2020 លើកទី៥៩ ហើយសុដាលីស និងគណៈប្រតិភូផលិតកម្មមហាហង្ស ដែលដឹកនាំដោយលោកអ៊ិន សុភិន រួមដំណើរដោយតារាសម្តែងចាន់ រតនា, មូល សារ៉ាវ៉ាន់, ភឹម តារាវិបុល និងលេង នរៈកក្កដា ទើបតែវិលត្រឡប់មកដល់ស្រុកវិញកាលពីថ្ងៃទី០៩ ខែមករា។

សុដាលីស ដែលចេញទៅក្នុងនាមតំណាងឱ្យតារាសម្តែងក្នុងរឿង “លោកឪពុក” មានក្តីរំភើបជំនួសឪពុករបស់នាងដែលជាថៅកែផលិតកម្មមហាហង្ស ទៅទៀត នៅពេលដែលឃើញម្ចាស់ផលិតកម្មនេះកាន់ពានលក្ខណៈអន្តរជាតិ “Best Suporting Actor” ដែលតំណាងឱ្យលោកយស បូវណ្ណៈ យកមកស្រុកវិញ ខណៈប្រតិភូផលិតកម្មនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅលើឆាកកម្រាលព្រំក្រហម នាទីក្រុងម៉ាកាវ កាលពីថ្ងៃ០៨ ខែមករា។

លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឱ្យដឹងថា ភាពយន្តដែលលោកបានដាក់ទៅមានចំនួន៤រឿង តែបានជាប់២រឿងគឺ “ព្រលឹង” និងរឿង“លោកឪពុក” ក្នុងចំណោមរឿងទាំង៥០ មកពី ៧៨ប្រទេស។

ដោយឡែក រឿង “ព្រលឹង” វិញ បានជាប់ Top3 ក្នុងចំណោមភាពយន្ត២៦ចុងក្រោយជាភាពយន្ត ដែលមានហ្គ្រាហ្វិកល្អ ខណៈដែលលោកយស បូវណ្ណៈ ដែលតំណាងឱ្យរឿង “លោកឪពុក”វិញ ជាប់ជាតារាសម្តែងឆ្នើមរង បន្ទាប់ពីតារាឯក បានទៅចិន។

លោកសុភិន បន្តថា សម្រាប់រូបលោកផ្ទាល់ ក៏ដូចជាក្រុមការងារផលិតកម្មមហាហង្ស ពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលបានលទ្ធផលទាំងនេះ មកវិញ ហើយលោកបានត្រៀម៤រឿងទៀតនៅចុងឆ្នាំ២០២០ ខាងមុខនេះ ដើម្បីទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិលើកទី៦០ នៅប្រទេសចិន ម្តងទៀត ដែលជាកម្មវិធីប្រជែងយកពានអូស្ការផងដែរ។

លោកអ៊ិន សុភិន បន្ថែមថា ការចូលរួមវេទិកាដ៏អស្ចារ្យលើកទី៣ នៅទីក្រុងម៉ាកាវ លើកនេះ ធ្វើឱ្យផលិតកម្មមហាហង្ស កាន់តែពង្រឹងគុណភាពថែមទៀត ទាំងការនិពន្ធ, អ្នកដឹកនាំ, បច្ចេកទេស និងតួសម្តែង ដើម្បីឱ្យកុនខ្មែរមានទីផ្សារកាន់តែទូលាយ ក៏ដូចជាត្រូវបានអន្តរជាតិទទួលស្គាល់ពីស្នាដៃ ផលិតភាពយន្តរបស់ខ្មែរយើងផងដែរ៕
