បណ្តូលចិត្តរបស់អ្នកមេម៉ាយពេជ្រ សោភា គឺប្រុសរូបសង្ហា ឆឹម សក្កដា បានអះអាងថា លោកបានឈានជើងចូលផលិតកម្មថោនទៅហើយ ដែលបទចម្រៀងដំបូងនឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ។
សក្កដា សារភាពថា ការក្លាយទៅជាតារាចម្រៀងអាជីពនៅពេលនេះ គឺពិតជាមានការជួយដុះខាត់ ពីសង្សាររបស់លោកដែលជាតារាចម្រៀងល្បីឈ្មោះពេជ្រ សោភា មែន ទើបធ្វើឱ្យក្តីសុបិនរបស់លោកក្លាយទៅជាការពិត។

ម្ចាស់ស្នេហ៍ថ្លើមថ្លៃរបស់ពេជ្រ សោភា លោកឆឹម សក្កដា ថ្លែងថា “ខ្ញុំចូលច្រៀងនៅផលិតកម្មថោន ហើយ។ ខ្ញុំទើបតែចុះកុងត្រាជាមួយថោន កាលពីពេលថ្មីៗនេះ ប៉ុន្តែខ្ញុំសូមលាក់សិន មិនអាចប្រាប់បានទេថា កុងត្រាប៉ុន្មានឆ្នាំ”។

លោកឆឹម សក្កដា បន្តថា “បទចម្រៀងដំបូងបំផុតរបស់ខ្ញុំអាចនឹងចេញនៅចុងខែមករា ឆ្នាំ២០២០ នេះហើយ។ ការដែលខ្ញុំក្លាយទៅជាតារាចម្រៀងនៅពេលនេះ គឺពិតជាមានការជួយខ្លះៗពីសោភា មែន ព្រោះខ្ញុំនៅផ្នែកខាងបុរាណ គាត់ជាអ្នកចម្រៀងសម័យ គាត់ប្រាប់ពីវិធីច្រៀងមួយចំនួនដែរ”។

គូស្នេហ៍របស់ពេជ្រ សោភា ថា មិនហ៊ានព្យាករណ៍ទុកជាមុនថា អាជីពថ្មីជាតារាចម្រៀងនៅផលិតកម្មថោន នេះ អាចនឹងជោគជ័យដូចអាជីពសម្តែងនោះទេ ដោយលោកថា មានតែការប្រឹងប្រែងតទៅទៀត ប៉ុន្តែអាជីពចម្រៀងនិងសម្តែង លោកស្រលាញ់ដូចគ្នាតែម្តង។ លោកថា ជាជំហ៊ានដំបូងពេលនេះលោកមានទីតាំងឈរជើងនៅផលិតកម្មមួយហើយ ប៉ុន្តែការល្បីផ្នែកចម្រៀងនេះបានប៉ុនណា គឺលោកនៅមានពេលវេលាជាច្រើនទៀតដែលត្រូវប្រឹងប្រែង។

ពេជ្រ សោភា ប្រាកដជាញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលឆឹម សក្កដា បានក្លាយទៅជាតារាចម្រៀងថោន ដូចបំណងនៅពេលនេះ។
សោភា ធ្លាប់ប្រាប់ថា នាងបានច្រៀងសម្តែងជាមួយសក្កដា ជាច្រើនលើកច្រើនសារមកហើយ ដែលអាចដឹងថា សក្កដា មានសមត្ថភាពធ្វើជាតារាចម្រៀងអាជីពបាន។ ប៉ុន្តែសោភា បញ្ជាក់ថា នាងគ្មានបំណងចង់អន្តរាគមន៍យកសក្កដា ចូលច្រៀងនៅហង្សមាសជាដាច់ខាត ទើបឥឡូវនេះដូចសម្តីរបស់នាងនិយាយដូចការសន្យាមែន ព្រោះប្រុសក្មេងរូបនេះគ្មានឱកាសឈរជើងនៅផលិតកម្មរស្មីហង្សមាស ដូចងួន ចាន់ដេវីត ដែលសោភា បានយកខ្លួនទៅធានានោះទេ។

មហាជនបានលើកឡើងថា ឆឹម សក្កដា នឹងមិនពិបាកល្បីនោះទេ នៅពេលដែលរូបគេហក់ចូលចាប់អាជីពចម្រៀងនេះ បើសិនជាមានពេជ្រ សោភា គាំទ្រនៅក្រោយខ្នង ព្រោះកន្លងមក សោភា ធ្លាប់ជួយប្រុសក្មេង ងួន ចាន់ដេវីត និងសុខ វិបុល ហៅ Step ឱ្យល្បីបានដូចចិត្តរឿងអីដែលគ្រាន់តែជួយឱ្យសង្សារខ្លួនឯងល្បីផងមិនបានទៅ?

គេថា ចំណងស្នេហាពេជ្រ សោភា និងសក្កដា កាន់តែរឹងមាំថែមទៀតជាមិនខាន នៅពេលដែលពួកគេ សុទ្ធតែជាតារាចម្រៀងអាជីពដូចគ្នានេះ ព្រោះអ្នកទាំង២ត្រូវតែនៅក្បែរគ្នាញឹកញាប់ទើបល្អ។

ប៉ុន្តែយ៉ាងណា ទាំងសោភា និងសក្កដា នៅតែមិនហ៊ានកំណត់ពេលវេលាចូលរោងការជាក់លាក់ឡើយ បន្ទាប់ពីពួកគេបានដឹកដៃគ្នាថត Pre-Wedding រួចមក ខណៈដែលទស្សនិកជននៅតែសង្ស័យថា សោភា-សក្កដា សាងស្នេហា “ក្លែងក្លាយ” បំភ័ន្តភ្នែកគេ ព្រោះសោភា ចង់ឱ្យប្រុសក្មេងល្បីឈ្មោះដូចនាងដែរ៕