Sunday, September 21, 2025
Homeតារាខ្មែរនី មុនីនាថ ធ្លាយរឿងមានមន្ត្រីធំនៅក្រោយខ្នង ពេលមានដីច្រើនហិកតារ

នី មុនីនាថ ធ្លាយរឿងមានមន្ត្រីធំនៅក្រោយខ្នង ពេលមានដីច្រើនហិកតារ

តារាទឹកភ្នែក នី មុនីនាថ ហាក់បាក់ស្បាតមិនទាន់បាត់ឡើយ នៅពេលដែលនាងរងភាពអាម៉ាស់ ត្រូវអតីតគូដណ្តឹង ប្តឹងទារ១០ម៉ឺនដុល្លារ ផ្អើលពេញផ្ទៃប្រទេស បើទោះជារឿងនេះស្ងប់ស្ងាត់ជាង២ឆ្នាំក្តី ប៉ុន្តែវាធ្វើឱ្យស្រមោលស្នេហ៍មួយនេះនៅតែតាមលងបន្លាចមុនីនាថ។

ទោះជាយ៉ាងណា គេជឿថា នី មុនីនាថ ពេលនេះមិនទុកបេះដូងឱ្យនៅទំនេរទេ គឺមានម្ចាស់ចិត្តថ្មីជាមន្ត្រីធំ គ្រាន់តែនាងសម្រេចចិត្តមិនជ្រើសផ្លូវសាងស្នេហ៍ជាចំហ ព្រោះខ្លាចដើរជាន់ដានចាស់…។

ការបែកធ្លាយរឿងនី មុនីនាថ មានដីជាច្រើនហិកតារនៅផ្លូវ៥១ ចំពេលដែលមានដំណឹងថា នាងមានគូស្នេហ៍ថ្មីជាមន្ត្រីធំនៅក្រោយនោះ រឹតតែធ្វើឱ្យតារាទឹកភ្នែករូបនេះពិបាកក្នុងការបិទបាំងស្នេហ៍ថ្មីតទៅទៀត បើទោះជាក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹងទាំងចម្រូងចម្រាសកន្លងមក មុនីនាថ មិនដែលបណ្តើរសង្សារថ្មីជាសាធារណៈក្តី។

តារារួមអាជីពបានខ្សឹបប្រាប់ថា មុនីនាថ សម្ងំលែងសូវចង់ចេញមុខមាត់ដូចពេលមុន ដោយសារតែ នាងលែងចង់រកប្រាក់ល្អិតទៀតហើយ ព្រោះបើដីនោះត្រូវប៉ាន់វិញ តារាទឹកភ្នែកច្បាស់ជាដេកលើគំនរលុយជាមិនខានឡើយ។

ប៉ុន្តែនិយាយដល់ថា អ្នកណាជាគូស្នេហ៍ថ្មីរបស់មុនីនាថ នោះ ម្នាក់ៗបែរជាថា ខ្លាចមិនហ៊ានប្រាប់ឈ្មោះទៅវិញ គឺហាក់ដូចជាចាញ់ច្រាប ឬខ្លាចឥទ្ធិពលសង្សារថ្មីរបស់មុនីនាថ ខ្លាំងណាស់ ខណៈដែលកន្លងមកធ្លាប់លេចឮថា ប្រុសនោះជាលោកផ្កាយ៣ ប៉ុន្តែទាំងមុនីនាថ និងម្តាយប្រកែកញ៉ាញតែម្តង។

នី មុនីនាថ និងម្តាយនាង អ្នកស្រីឌី សុភាលី បានបដិសេធគ្រប់ពេលនៅពេលដែលមានការសុំ សម្ភាសន៍ពីអ្នកកាសែត ដោយពេលខ្លះរត់គេចចេញតែម្តង និងពេលខ្លះទៀត ទោះជាកំពុងទំនេរ ក៏ថាជាប់រវល់ មិនអាចនិយាយបានដែរ។

ភាពប្រែប្រួលទាំងនី មុនីនាថ និងម្តាយ នៅពេលនេះ ក្រោយពេលដែលតារាទឹកភ្នែករងភាព អាម៉ាស់ ព្រោះត្រូវអតីតគូដណ្តឹងលោកអ៊ុង សូឡាំង ប្តឹងទៅតុលាការ និងចោទមុនីនាថ ថា ជាតារាបោកប្រាស់ ហើយទាមទារប្រាក់សំណងរហូតដល់ទៅ១០ម៉ឺនដុល្លារ។

នី មុនីនាថ ពិបាកប្រឈមនិងខ្មាសគេ ដោយសារតែរឿងក្តីដ៏ចម្រូងចម្រាសមួយនេះ ហើយចាប់តាំងពីពេលនោះមក នាងចាប់ផ្តើមដកខ្លួនចេញពីបណ្តាកម្មវិធីអ្នកសិល្បៈទាំងឡាយ ខណៈពេលជួប អ្នកកាសែត តារាទឹកភ្នែកគេចចេញភ្លាមៗតែម្តង ព្រោះតែខ្លាចសួរនាំរឿងស្នេហ៍ចាស់ និងស្នេហ៍ថ្មី។

តារាមួយចំនួនទៀតសង្ស័យថា មុនីនាថ ហាក់រងសម្ពាធពីគូស្នេហ៍ថ្មីច្រើនជាង ព្រោះពេលនេះនាងមិនត្រឹមតែខ្លាចអ្នកកាសែតនោះទេ គឺកម្មវិធីពួកគេក៏នាងកម្រនឹងចូលរួមដែរ លើកលែងតែអ្នកដែល ជិតស្និទ្ធបំផុត ទើបនាងទៅចូលរួមទាំងលឹបលៗ ហើយអារម្មណ៍មិនសប្បាយចិត្តដូចមុនឡើយ។

ក្រៅពីពិបាកចិត្តដោយសារតែស្នាដៃអតីតគូដណ្តឹងនោះ នី មុនីនាថ ក៏បរាជ័យគម្រោងចេញទៅរស់នៅអាមេរិក ដូចសារ៉ាយ សក្ខណា ដែរ ខណៈការងារសិល្បៈធ្លាក់ចុះយ៉ាងគំហុកផងដែរ ព្រោះតំណែងតួឯកធំៗដូចមុន ត្រូវរបូតស្ទើរតែអស់ពីខ្លួន ដោយសារតែផលិតករងាកទៅសម្លឹងមើលតារាផ្សេងៗជំនួស វិញ ព្រោះគេខ្លាចមុនីនាថ គ្មានអារម្មណ៍សម្តែងដូចមុន។

ប៉ុន្តែយ៉ាងណា ក្រុមផលិតករទាំងនោះនៅតែចាត់ទុកថា មុនីនាថ ជាតារាទឹកភ្នែកតែម្នាក់គត់ដែល ពិបាកក្នុងការរកតារាណាមកជំនួសនាងបាន ព្រោះទេពកោសល្យរបស់នាងខ្ពស់ពេក។

អ្នកខ្លះនិយាយថា ដោយសាតែមុនីនាថ ពូកែយំពេក ទើបពេលនេះ អតីតគូដណ្តឹងរបស់នាងធ្វើឱ្យ ស្រីស្រអែមស្រស់រូបនេះយំរហូតលែងចង់ហ៊ានចេញមុខ។

តារាម្នាក់ដែលជិតស្និទ្ធនី មុនីនាថ និយាយលេងបន្លំមែនថា តារារូបនេះអាចសម្ងំដើម្បីឱ្យស្ងប់ស្ងាត់ រឿងចាស់សិន ហើយពេលចេញមកវិញ នឹងធ្វើឱ្យគេឯង រួមទាំងអតីតគូដណ្តឹងភ្ញាក់ផ្អើលផងក៏ថាបាន ព្រោះពេលនេះនាងមានដីដែលមានតម្លៃរាប់លានដុល្លារ គ្រាន់តែបញ្ចេញភ្លាម នឹងហ៊ឺហាផ្អើលមេឃវិញជាមិនខានឡើយ៕

RELATED ARTICLES