ឌុច លីដា ដែលមិនដែលញញើតចំពោះឈុតស្នេហាស្រើបស្រាលម្តងណា ហើយហ៊ានទាំងថតស្រាតដើម្បីល្បីឈ្មោះនោះ បែរជាមានដំណឹងគួរឱ្យភ្ញាក់ផ្អើលថា ទោះជាស្រីស្រអែមស្រស់រូបនេះខ្លាំងយ៉ាងណាក៏នៅតែចាញ់ស្នេហ៍ស្រីស្អាតម៉ាក សែនសូនីតា ដដែល។
ការលើកឡើងបែបនេះ ដោយសារតែកន្លងមកធ្លាប់លេចឮព័ត៌មានថា អនាគតស្វាមីតូតា លោកនីត ក៏ធ្លាប់តាមស្នេហ៍លីដា ផងដែរ ប៉ុន្តែចុងក្រោយអ្នកដែលអូសថៅកែពោះម៉ាយរូបនេះឱ្យចូលក្លេបាន គឺជាតូតា ទៅវិញ…។

ក្រុមតារាចម្រៀងនិងសម្តែងមួយក្រុមបានជួបជុំគ្នា ហើយជជែកគ្នានៅក្នុងកម្មវិធីសម្ពោធរឿងមួយ កាលពីពេលថ្មីៗនេះ ដោយពួកគេបានធ្វើការប្រៀបធៀបរវាងតារាសម្តែងល្បីឈ្មោះដូចគ្នា២ដួងនាពេលបច្ចុប្បន្ននេះ គឺឌុច លីដា និងម៉ាក សែនសូនីតា ដោយដាក់ជាចម្ងល់ថា តើតារាទាំងពីរមួយណាស្អាតជាង?
នេះមិនមែនជាការផ្គូផ្គងធម្មតាៗនោះទេ ប៉ុន្តែជាចេតនាតែម្តង ខណៈដែលមានតារាម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលពួកគេលើកយកប្រធានបទតារាទាំង២មកផ្គូបគ្នាបែបនេះ ព្រោះកន្លងមកអនាគតស្វាមីរបស់តូតា លោកប៉ុល វិបូរ ហៅនីត ក៏ធ្លាប់តាមស្នេហាឌុច លីដា ផងដែរ ប៉ុន្តែមិនដឹងថាម៉េចបានជាចុងក្រោយនេះ អ្នកដែលឈ្នះស្នេហ៍លីដា គឺជាតូតា ទៅវិញ ហេតុនេះហើយបានជាពួកគេឆ្ងល់និងចង់ដឹងថា តើរវាងលីដា និងតូតា តារាមួយណាស្អាតជាង?
យ៉ាងណា ក្រោយមានការជជែកគ្នាមួយសន្ទុះ ក្រុមតារាពូកែនាំគ្នាខ្សឹបខ្សៀវរឿងស្នេហារបស់តារាល្បីនោះ នៅតែបែងចែកមិនដាច់ទាល់តែសោះថា រវាងស្រីស្អាតឌុច លីដា និងម៉ាក សែនសូនីតា តារាម្នាក់ណាដែលមានសម្រស់ស្អាតជាងនោះ ដោយសារតារាខ្លះនិយាយថា លីដា និងខ្លះទៀតថា តូតា ទៅវិញ។

អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងតាមទូរស័ព្ទទៅឌុច លីដា ជាច្រើនដង ប៉ុន្តែមិនបានសម្រេចឡើយ ទើបមិនអាចសុំការបំភ្លឺបាន។
ដោយឡែក តូតា បានប្រាប់កាលពីពេលថ្មីៗនេះថា ចំណងស្នេហានាងជាមួយលោកនីត គឺច្បាស់លាស់ជាមួយគ្នា ១០០% ហើយដែលអាច៥ឆ្នាំទៀត ទើបដល់ថ្ងៃរៀបការ ហើយពេលនេះ នាងមិនមានបំណងមើលប្រុសផ្សេងទៀតនោះទេ។

ឌុច លីដា ធ្លាប់ថតសម្តែងរឿង “ស្បែកគង់” របស់ផលិតកម្ម Angkor PIcture ហើយលីដា ហ៊ានលះបង់ការសម្តែងសិចស៊ីដល់កំពូល ដូចជា បណ្តោយឱ្យលោកញ៉ែម សុគន្ធ ឱបថើបតាមចិត្តយ៉ាងរោលរាលមានទាំងឈុតលិទ្ធគល់ភ្លៅទៀតផង ដែលធ្វើឱ្យលីដា បះសក់ច្រូងតែម្តង។
ក្រោយមកស្រាប់តែលេចឮថា លោកថៅកែផលិតកម្មនេះដែលជាសង្សាររបស់តូតា ពេញចិត្តលីដា រហូតចង់សុំ រៀបការទៀតផង ប៉ុន្តែក្រោយពេលតូតា ឆក់បានតំណែងតួឯកនៅផលិតកម្មនេះដែរ ក្នុងរឿង “ចន្ទ្រា” ស្រាប់តែលោកថៅកែនីត ជាប់ចិត្តជាមួយតូតា ហើយធ្វើឱ្យរឿងដែលលេចឮថា លោកថៅកែតាមស្នេហ៍លីដា ត្រូវបានស្ងប់ស្ងាត់ទៅវិញ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ នៅពេលដែលលីដា ហាក់អស់ឱកាសសម្តែងជាតួឯកជាថ្មីនៅផលិតកម្មនេះទៀត ស្រាប់តែលេចឮដំណឹងថា លោកថៅកែត្រៀមដឹកដៃតូតា ចូលរោងការនៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ បើសិនជាគ្មានអ្វីប្រែប្រួលនោះ ទើបធ្វើឱ្យមានការខ្សឹបខ្សៀវក្នុងចង្កោមអ្នកសិល្បៈថា លីដា និងតូតា លែងត្រូវគ្នាហើយ។

ឌុច លីដា ជាតារាសម្តែងស្រីដ៏លេចធ្លោម្នាក់នាពេលបច្ចុប្បន្ន ហើយក្រៅពីប៉ះស្នេហ៍អនាគតស្វាមីតូតា លីដា ក៏ធ្លាប់ជំពប់ស្នេហ៍រឿងដ៏រសើបផងដែរ ដោយមានដំណឹងថា ថៅកែស្រីលក់ពេជ្រ នៅម្តុំផ្សារធំថ្មីម្នាក់ តាមស្នេហានាងស្អិតដូចតុកកែ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលអ្នកកាសែតសួរនាងថា តើរវាងស្រីនិងប្រុស នាងចង់ជ្រើសយកមួយណានោះ លីដា បែរជានិយាយយ៉ាងសឿងថា នាងយក “ស្រី” ទើបធ្វើឱ្យ គ្រប់គ្នាស្រឡាំងកាំងតែម្តង។

គេជឿថា ទោះជាឌុច លីដា ខកស្នេហ៍ថៅកែផលិតកម្មដែលងាករេចិត្តទៅស្រវាឱបតួឯកថ្មី ស្រីស្អាតតូតា មែន ប៉ុន្តែស្រីស្រស់និងល្បីឈ្មោះដូចលីដា ប្រាកដជាមិនខ្វះប្រុសៗដែលជាមន្ត្រីធំឬអ្នកមានទ្រព្យតាមត្រងស្នេហ៍ឡើយ ហើយបើលីដា ចង់ធ្វើជំទាវរស់នៅលើគំនរទ្រព្យស្តុកស្តម្ភនោះ មិនមែនជារឿងពិបាកឡើយ ព្រោះលីដា សម្បូរមន្តស្នេហ៍មិនចាញ់តូតា ទេ ហើយតារាទាំង២ ក៏ធ្លាប់ប៉ះរឿងថា មានស្រីតាមស្នេហ៍ដូចគ្នាដែរ៕