Sunday, September 21, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា នៅជាមួយឧកញ៉ា ជីវិតប្រែប្រួល១០០ភាគរយ

តន់ ច័ន្ទសីម៉ា នៅជាមួយឧកញ៉ា ជីវិតប្រែប្រួល១០០ភាគរយ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ កញ្ញាតន់ ច័ន្ទសីម៉ា បានធ្វើឱ្យកេរ្តិ៍ឈ្មោះនិងជីវភាពរបស់នាងមានការប្រែប្រួលស្ទើរតែទាំងស្រុង នៅពេលដែលនាងបានឈរជើងនៅផលិតកម្ម Galaxy Navatra ដែលមានថៅកែជាលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងអ្នកគ្រប់គ្រងលោក យឹម តាស្រង់ ដែលជាអតីតអ្នកនិពន្ធផលិតកម្មថោន។

ច័ន្ទសីម៉ា ទិញបានផ្ទះ១ល្វែងនៅម្តុំកួរស្រូវ (ផ្លូវជាតិលេខ២) ដោយរួចផុតពីការជួលផ្ទះគេនៅម្តុំឌេអិន និងទិញបានរថយន្ត Pruis មួយគ្រឿង រួចផុតការជិះម៉ូតូទៅច្រៀងតាមហាងនៅពេលរាត្រី ហើយពេលនេះនាងផ្តោតតែលើការត្រៀមខ្លួនចេញច្រៀងសម្តែងបទថ្មីៗសម្រាប់ពង្រឹងទីផ្សារនៅដើមឆ្នាំ២០២០ នេះ។

តារាចម្រៀងវ័យក្មេងរូបនេះថា នាងបានត្រៀមដល់ទៅ៦-៧បទ សម្រាប់ដើមឆ្នាំថ្មីនេះ ហើយអ្វីដែលនាងពេញចិត្តបំផុត គឺរាល់បទចម្រៀងរបស់នាងនៅផលិតកម្ម Galaxy Navatra នេះ អ្នកនិពន្ធធ្វើបទឱ្យច្រៀងត្រូវនឹងទឹកដមសំឡេងរបស់នាងតែម្តង។ នាងថា ក្រៅពីត្រៀមចេញបទថ្មីៗក៏ប្រឹងហាត់ក្បាច់រាំផងដែរ ព្រោះនឹងមានបទញាក់ចេញក្នុងពេលឆាប់ៗនេះដែរ។

តាមរយៈការឡើងក្រេឌីតយ៉ាងឆាប់រហ័សជីវភាពធូធារជាងមុន តន់ ច័ន្ទសីម៉ា ក៏ធ្វើឱ្យមហាជនបានសម្តែងការកោតសរសើរផងដែរ ព្រោះថ្មីនេះនាងបានផ្តល់អង្ករ១តោន និងថវិកាមួយចំនួនជូនស្ត្រីមេម៉ាយចំណាស់ដ៏កំសត់ម្នាក់ ចិញ្ចឹមកូនជិត១០នាក់ក្នុងគ្រួសារ រស់នៅភូមិខ្នា ឃុំក្រទួត ស្រុកស្វាយក្រៅ ខេត្តសៀមរាប ហើយដោយសារខ្វះអង្ករច្រកឆ្នាំង ទើបគ្រួសារក្រីក្រនោះបានដើរសុំឆ្អឹងត្រីគេយកទៅដាក់ជាមួយអំបិលហូបជាមួយបាយ។

ច័ន្ទសីម៉ា បានឃើញស្ត្រីទុរគតកម្សត់ខាងលើ តាមរយៈការចែកចាយលើបណ្តាញសង្គម ធ្វើឱ្យនាងរន្ធត់ចិត្តជាខ្លាំង ទើបផ្តល់អំណោយខ្លះជូនគ្រួសារនោះ។

ក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះបានបង្ហាញការកោតសរសើរនូវទឹកចិត្ត ច័ន្ទសីម៉ា ហើយពួកគេនិយាយថា ដោយសារតែនាងធ្លាប់ក្រលំបាកដែរ ទើបយល់អារម្មណ៍អ្នកក្រដូចគ្នា។

តន់ ច័ន្ទសីម៉ា ត្រូវបានគេស្គាល់តាមរយៈបទ “គេនោះជាស្រីកាប់ដាវ”,  “យល់ច្រឡំថាគេស្រលាញ់យើង”, “ឡានសារ៉ែន”។ នាងជាតារាចម្រៀងដែលធ្លាប់ច្រៀងពេលរាត្រីនៅហាងវីហ្វ្រេន ២ឆ្នាំកន្លះ ទើបតែសម្រេចចិត្តឈប់ច្រៀងយប់ នៅពេលដែលក្លាយជាតារាចម្រៀងសំខាន់របស់ផលិតកម្ម Galaxy Navatra ដែលមមាញឹកកាន់តែច្រើនសម្តែងតាមឆាកតន្ត្រីធំៗ៕

RELATED ARTICLES