ជីជី “បាក់កម្លាំងហើយ”…។ នេះជាការខ្សឹបខ្សៀវរបស់តារាសិល្បៈរួមអាជីពដែលស្និទ្ធពិធីការិនីរូបនេះ នៅពេលដែលឃើញប្អូនពេជ្រ សិរីរ័ត្ន រូបនេះ បង្ហាញខ្លួននៅតាមកម្មវិធីទាំងឡាយ។

ការលើកឡើងបែបនេះដោយសាតែគេឃើញរាងកាយជីជី ហាក់ចុះស្គមប្លែកជាងមុន គឺមើលទៅស្លេកៗ ដូចជាគ្មានកម្លាំងកំហែងទាល់តែសោះ។ ភាពប្រែប្រួលរាងកាយរបស់ជីជី នៅពេលនេះ ក្រោយពីមានដំណឹងស្នេហ៍ដ៏រសើបថា នាងបានចែកផ្លូវគ្នាជាមួយប្រុសក្មេងដែលជាកូនអ្នកមានទ្រព្យ លោក “ជា” ហើយមកភ្ជាប់ស្នេហ៍ថ្មីជាមួយមន្ត្រីធំផ្កាយ២ម្នាក់។
ទោះជាយ៉ាងណា ជីជី តែងតែច្រានចោលចំពោះដំណឹងទាំងនេះ ហើយនាងថា ស្រកគីឡូដោយសារតែនាងតមអាហារពេលយប់។

ពិធីការិនី CTN រូបនេះ ថែមទាំងទទួលស្គាល់ថា ពិតជាមានគេវិភាគច្រើនទៅលើរាងកាយរបស់នាង នៅពេលដែលស្រកគីឡូជ្រុល នៅសល់ត្រឹមតែ៤២គ.ក្រនេះមែន។
ជីជី ថា នាងមិនបារម្ភច្រើនចំពោះការធ្លាក់ខ្លួនចុះស្គមពី៤៥គីឡូ មកសល់នៅត្រឹមតែ៤២គីឡូនេះឡើយ ទោះជាអ្នកណានិយាយអីស្រេចតែតាមចិត្តគេទៅចុះ។

ជីជី ក្រោយចែកផ្លូវគ្នាជាមួយសង្សារកូនអ្នកមានមក ស្រីស្រស់រូបនេះបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ ព្រោះនាងមិនដែលហ៊ានបណ្តើរគូស្នេហ៍ថ្មី ដែលគេល្បីថា ជាលោកផ្កាយ២នោះឡើយ។
យ៉ាងណា តាមព័ត៌មានថា ក្រៅពីមន្ត្រីធំនោះក៏នៅមានលោកឧកញ៉ាម្នាក់ទៀតដែរ ដែលព្យាយាមត្រងស្នេហ៍ជីជី ក្រោយពេលនាងចែកផ្លូវគ្នាជាមួយសង្សារចាស់នេះ ប៉ុន្តែថៅកែលក់លៀសហាលរូបនេះ ធ្លាប់និយាយថា បើនាងមានអ្នកធំនិងឧកញ៉ាស្រលាញ់មែន ម៉្លេះមិនមែននៅធ្វើជាពិធីការិនីទេ គឺដេកចាយលុយបាត់ទៅហើយ។

ថ្វីត្បិតតែជីជី ព្យាយាមលាក់លៀមគូស្នេហ៍ថ្មីមែន ប៉ុន្តែនាងថា អាចនឹងរៀបការនៅ២ឆ្នាំខាងមុខនេះទៀត ពោលគឺនៅឆ្នាំ២០២១ ប៉ុន្តែគេមិនដឹងថា អនាគតស្វាមីជីជី ជាបុរសមួយណាឡើយ ព្រោះទាំងមន្ត្រីធំផ្កាយ២ និងលោកឧកញ៉ានោះចូលមកប្រជែងដណ្តើមបេះដូងស្រីស្អាតរូបនេះក្នុងពេលតែមួយតែម្តង។
ប៉ុន្តែរឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺអំឡុងពេលដែលជីជី កម្លាំងចុះខ្សោយព្រោះសម្រកគីឡូជ្រុលនេះ ស្រាប់តែមានដំណឹងថា នាងស្និទ្ធស្នាលគ្នាប្លែកជាមួយកញ្ញាបេប៊ី រហូតដល់គេសង្ស័យថា ពួកគេស្រលាញ់ភេទដូចគ្នាទៀតផង។ ប៉ុន្តែទាំងជីជី និងបេប៊ី ធ្លាប់ប្រកែកញ៉ាញតែម្តងចំពោះដំណឹងដ៏រសើបនេះ។

ជីជី ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់មន្ត្រីធំៗដែលកន្លងមក ធ្លាប់លេចឮថា ស្រីក្មេងរូបនេះកៀកកើយគ្នាជាមួយលោកផ្កាយ២ នៅក្នុងកម្មវិធីសម្ពោធទូរទស្សន៍មួយ ធ្វើឱ្យសង្សារនាងឆេះដុំ ហើយចំណងស្នេហ៍ឈានដល់ការរង្គោះរង្គើរហូតប្រេះឆា។
ទោះជាយ៉ាងណា ជីជី បានព្យាយាមគេចមិនចង់ជួបស្នេហ៍ដូចបងរបស់នាង (ពេជ្រ សិរីរ័ត្ន) ដែលមិនទាន់បានរៀបការផង ប៉ុន្តែមានកូន២ទៅហើយ ទាំងមិនដឹងថា ប្តីនាងជាអ្នកណាឡើយ។

ជីជី ថា នាងចង់រៀបការប្តី២ឆ្នាំទៀត ដែលដំណឹងនេះប្រាកដជាធ្វើឱ្យអតីតសង្សារភ្ញាក់ផ្អើលជាខ្លាំងជាមិនខាន ខណៈដែលមហាជនបានលើកឡើងថា បើសិនជាជីជី រៀបការជាមួយលោកផ្កាយ២នោះ ថៅកែស្រីលក់លៀសហាលរូបនេះនឹងក្លាយជាជំទាវជាមិនខានឡើយ៕