អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង មានផ្ទៃពោះជាង៣ខែហើយ ដែលជាតំណក់ឈាមរបស់ស្វាមីថ្មីលោកអ៊ុំ ក្សត្រា ហៅនាយកៃដ។ ក្នុងជំហានដើរមួយៗព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ អ្នកនាងខ្ញុង បានទៅចូលរួមពិធីឡើងផ្ទះរបស់នាយចឺម នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែមករា ហើយធ្វើឱ្យភ្ញៀវជាច្រើនចាប់អារម្មណ៍ ព្រោះតែស្វាមីរបស់នាង នាយកៃដ ថ្នាក់ថ្នមតារាកំប្លែងរូបនេះខ្លាំងណាស់តាំងពីចុះពីលើរថយន្តរហូតដល់តុពិធី។

ប៉ុន្តែទន្ទឹមនឹងនេះក៏មានការខ្សឹបខ្សៀវច្រើនដែរថា ពេលខ្ញុង ពោះធំ ហើយប្តីដឹកដៃបណ្តើរមុខនាយពាក់មី នោះ មិនដឹងថាអារម្មណ៍របស់ពែកមី ដែលធ្លាប់តែមានព័ត៌មានថា ខូចចិត្តដោយសារខ្ញុង រៀបការចោលយ៉ាងណានោះទេ?

ប៉ុន្តែអតីតកម្មករសំណង់រូបនេះត្រូវបានអ្នកសារព័ត៌មានមួយចំនួនចោទថា កាន់តែពើងទ្រូងដាក់អ្នកកាសែត ពេលដែលបានល្បីឈ្មោះនេះ។

ដោយឡែក ពេលដែលឃើញខ្ញុង ដើរកាត់មុខទាំងពោះធំនោះ ភ្ញៀវដែលអង្គុយតុញ៉ាំអាហារនៅទីនោះថា ពែកមី មិនចាប់អារម្មណ៍នោះទេ ព្រោះគិតតែប្រកូកប្រកាសស្វែងរកលុយមូលនិធិដើម្បីធ្វើផ្លូវចាក់បេតុងពីថ្នល់ជាតិមកកាន់ផ្ទះវីឡានាយចឺម។

អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ជាច្រើនលើក កាលពីថ្ងៃទី១៥ ខែមករា ប៉ុន្តែទូរស័ព្ទតេមិនចូលឡើយ ទើបមិនអាចសុំការបញ្ជាក់ពីអ្នកនាងបានទេ ថាតើកូនក្នុងផ្ទៃរបស់នាងជាកូនប្រុសឬស្រី?

ប៉ុន្តែទោះជាពេលនេះ ខ្ញុង មានផ្ទៃពោះមែន ក៏តារាកំប្លែងរូបនេះនៅតែបន្តការងារសិល្បៈធម្មតា ទាំងការលេងកំប្លែងនៅ CTN និងចេញច្រៀងកាត់សក់តាមមង្គលការរបស់គេ ព្រោះរដូវប្រាំងនេះកំពុងត្រូវប៉ាន់រកលុយ។

គួរបញ្ជាក់ថា អ្នកមេម៉ាយកូន២ ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយក្រោយក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់មក ប្តីប្រពន្ធតារាកំប្លែង១គូនេះបានពង្រីកមុខរបរក្រៅសិល្បៈ ដូចជា ពួកគេរកស៊ីលក់ដីឡូតិ៍, លក់សាច់ក្រក និងលក់ឡេតាមអនឡាញ ជាដើម។

ប៉ុន្តែថ្មីៗនេះ ខ្ញុង ខកចិត្តព្រោះតែសមត្ថកិច្ចបានចុះទៅឆែកឆេឡេរបស់នាងដល់ផ្ទះតែម្តង ព្រោះសង្ស័យនាងលក់ឡេក្លែងក្លាយ ធ្វើឱ្យប៉ះពាល់ដល់អតិថិជន។ យ៉ាងណា ស្វាមីរបស់នាង នាយកៃដ កាន់តែលើកទឹកចិត្តឱ្យភរិយាបន្តពង្រឹងអាជីវកម្មក្រៅសិល្បៈនេះថែមទៀត ព្រោះអាជីពសិល្បៈមិនថិតថេរឡើយ។

ខ្ញុង បាននិយាយនៅថ្ងៃរៀបការថា នាងមានកូនជាមួយស្វាមីមុន២នាក់ទៅហើយ អ៊ីចឹងក្រោយរៀបការជាមួយនាយកៃដ នាងចង់បានកូន៣ថែមទៀត ខណៈដែលនាយកៃដ វិញ ថាបើបានកូនកាន់តែច្រើនកាន់តែល្អ៕