អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តារាចម្រៀងមកពីខេត្តស្វាយរៀង លោកសៅ ឧត្តម បានសម្រេចចិត្តរួមរស់ជាមួយផលិតកម្មថោន បានអះអាងថា លោកមានការរំពឹងខ្ពស់ចំពោះទ្រនំថ្មីនេះ តាមរយៈការចេញបទចម្រៀង២បទកន្លងមក ព្រោះបទទាំងនោះគឺត្រូវនឹងទឹកដមសំឡេងរបស់លោកតែម្តង។

ម្ចាស់បទ “សុំទោស” រូបនេះអះអាងថា នឹងមានត្រៀមចេញបទថ្មីៗថែមទៀតសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

តារាចម្រៀងផលិតកម្មថោន រូបនេះ ថ្លែងថា “ខ្ញុំទើបបានចូលថោន ៣ខែទេ ហើយបានចុះកុងត្រា៥ឆ្នាំ ជាមួយផលិតកម្ម ឥឡូវបទចម្រៀងខ្ញុំចេញបាន២បទហើយ។ សម្រាប់ការរំពឹងវិញ ខ្ញុំមានសង្ឃឹមខ្ពស់ដែរ ដោយសារតែថោន គាត់បានធ្វើបទចម្រៀងត្រូវនឹងសំឡេងរបស់ខ្ញុំដែរ។ សម្រាប់បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ខ្ញុំក៏ត្រៀមចេញបទប្រពៃណីយើងដែរ”។

តាមរយៈការចូលជ្រកនៅផលិតកម្មថោន នាពេលនេះ បញ្ជាក់ថា បេក្ខជនទាំង៣រូបពីកម្មវិធី Cambodian Idol រដូវកាលទី១ នៅវគ្គផ្តាច់ព្រ័ត មានដូចជា នី រតនា, ម៉ៅ ហាជី និងសៅ ឧត្តម នោះ ពេលនេះមានតារាចម្រៀង២ដួងបានក្លាយទៅជាសមាជិករបស់ថោន ទៅហើយ គឺម៉ៅ ហាជី និង សៅ ឧត្តម នេះឯង។

សៅ ឧត្តម ដែលធ្លាប់ចូលច្រៀងឱ្យផលិតកម្ម LD រយៈពេលខ្លី ហើយល្បីល្បាញបទ “សុំទោស” នោះ ធ្លាប់បានអះអាងថា លោកនឹងមិនចូលផលិតកម្មណាទេ គឺសុខចិត្តធ្វើបទចម្រៀងចេញតាមយូធូប ឬផេក ព្រោះលោកមិនចង់ច្រៀងបទចម្លងពីគេ។ ប៉ុន្តែពេលនេះ ឧត្តម បានប្តូរចិត្តចូលជ្រកនៅផលិតកម្មថោន វិញ ហើយថែមទាំងចុះកុងត្រារយៈពេលយូរ ហូតដល់ឆ្នាំ២០២៥ ទៀតផង ខណៈថ្មីៗនេះ ឧត្តម ក៏លេចមុខថតកុនរឿង “ព្រហ្មលិខិតដុះស្លាប”ផងដែរ។

សៅ ឧត្តម បន្ថែមថា “ឥឡូវខ្ញុំគិតថា ការច្រៀងនៅខាងក្រៅ និងផលិតកម្ម គឺដូចតែគ្នាទេ ហើយបើយើងឈរជើងនៅផលិតកម្មមួយក៏ល្អដែរ។ ចំពោះភាពយន្តវិញ ឱ្យតែផលិតកម្មទម្លាក់ឱ្យ ខ្ញុំនឹងថត ប៉ុន្តែជាគោលការណ៍ខ្ញុំយកអាជីពចម្រៀងជាផ្នែកសំខាន់ជាង”។

សៅ ឧត្តម បានរៀបការជាមួយតារាបង្ហាញម៉ូដ អ្នកនាងចាន់ កែវវង្ស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែពេលនេះ ឧត្តម មិនទាន់បានកូនង៉ាបីប្រលែងលេងនៅឡើយ៕
