ស្រីស្អាត មាន សូនីតា ដល់ត្រើយសុខសាន្តត្រាន្តហើយ និងមិនសូវសម្រុកថតសម្តែងដូចមុនទៀតឡើយ ក្រោយពីធ្លាយនាងមានគូស្នេហ៍ជាមន្ត្រីគយលាក់មុខ។
យ៉ាងណា ក្រោយជំពប់ស្នេហ៍ដ៏រសើបនេះជាង២ឆ្នាំទៅហើយ សូនីតា មិនដែលហ៊ានបណ្តើរគូស្នេហ៍ជាចំហទេ ខណៈដែលលេចឮថា លោកគយរូបនោះមិនមែនបេះដូងនៅទំនេរ ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្រស់រូបនេះបានត្រឹមជាតួរងលោកគយ…។

ឪមាន សូនីតា តែងតែគ្រងតំណែងជាតួឯកទាំងការថតសម្តែង MV និងភាពយន្ត ទើបធ្វើឱ្យនាងមានឈ្មោះបោះសំឡេងយ៉ាងរហ័ស បើទោះជានាងមិនមែនជាតារាដែលប្រឡូកសិល្បៈសម្រុកជោកជាំក៏ដោយ។
ប៉ុន្តែបើក្រឡេកមើលរឿងស្នេហាវិញ សូនីតា ហាក់អាថ៌កំបាំងខ្លាំង រហូតលេចឮថា នាងមិនបានតំណែងជាតួឯកក្នុងបេះដូងលោកគយឡើយ គឺបានត្រឹមធ្វើជាតួរងប៉ុណ្ណោះ។

ការអះអាងបែបនេះ ដោយសារតែកន្លងមកធ្លាប់លេចឮដំណឹងដ៏រសើបថា សូនីតា មានគូស្នេហ៍ជាលោកគយវ័យចំណាស់ម្នាក់ ហើយបុរសនោះគឺជាអ្នកនៅពីក្រោយខ្នងនៃភាពហ៊ឺហារបស់នាងសព្វថ្ងៃនេះ។ ប៉ុន្តែដំណឹងនេះមិនធ្លាប់ត្រូវបានសូនីតា ក្លាហានចេញមុខបកស្រាយឡើយ ហើយនាងតែងតែព្យាយាមគេចវេះជាមួយអ្នកកាសែតដែលចង់ដឹងរឿងស្នេហារបស់នាងជានិច្ច។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ នៅពេលដែលតារាមួយចំនួនដឹងថា សូនីតា ជាគូស្នេហ៍របស់លោកគយនោះ ប៉ុន្តែនាងមិនដែលបណ្តើរបុរសចំណាស់នោះសូម្បីតែម្តង បែរជាគេប្រទះឃើញលោកគយកូនចៅកាត់ចិននោះ បណ្តើរភរិយានិងកូនៗរបស់លោកជាចំហនៅតាមផ្សារទំនើបមួយទៅវិញ។

តារាដែលស្គាល់និងប្រទះឃើញលោកគយនោះដោយចៃដន្យ បានខ្សឹបខ្សៀវគ្នាថា មើលទៅមាន សូនីតា បានត្រឹមតែធ្វើជាតួរងរបស់លោកធំនោះទេ ព្រោះថាលោកគយនោះចង់ចំណាយពេលវេលា ច្រើនទៅលើប្រពន្ធនិងកូនៗរបស់លោកច្រើនជាងស្រីស្នេហ៍។
យ៉ាងណា ជុំវិញដំណឹងលេចឮខាងលើនេះ អ្នកយកព័ត៌មានមិនអាចទាក់ទងសុំយោបល់ពីស្រីស្អាត មាន សូនីតា បានទេ ហើយនាងក៏មិនខ្វល់ចំពោះតារារួមអាជីពដែលតែងនិយាយថា នាងជាសង្សាររបស់លោកគយឡើយ ព្រោះនាងជាស្រីស្អាតតែងតែមានទាំងអ្នកតូច និងអ្នកធំតាមស្រលាញ់បែបនេះហើយ ដោយពេលខ្លះ ងមិនដឹងខ្លួនថា ប្រុសនោះជាអ្នកណាខ្លះទៀតផង។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រោយប៉ះរឿងស្នេហាខុសវ័យមក មាន សូនីតា កាន់តែមានទ្រព្យស្តុកស្តម្ភច្រើនឡើងៗ ដូចជា នាងទិញផ្ទះវីឡាស្កឹមស្កៃថ្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ) ចំណាយជាច្រើន ម៉ឺនដុល្លារ បើកហាងលក់ក្រមា និងជិះរថយន្តទំនើបៗ ផ្លាស់ប្តូរជាបន្តបន្ទាប់ទៀតផង។
តារាសិល្បៈដែលស្និទ្ធស្រីស្អាតរូបនេះបង្ហើបឱ្យដឹងថា សូនីតា មាន ជម្រើសស្នេហ៍ច្រើនណាស់ ព្រោះមន្ត្រីធំៗជាច្រើនតាមប្រជែងគ្នាស្នេហានាង ហេតុនេះហើយនាងប្រាកដជាពិបាកទទួលយកប្រុសណាម្នាក់ បើសិនជាឱ្យនាងធ្វើត្រឹមជាតួរង ព្រោះរូបសម្រស់នាងជាតួឯក ទើបស័ក្តិសម។

ទោះជាយ៉ាងណា មាន សូនីតា នៅតែត្រូវបានគេសង្ស័យថា គូស្នេហ៍នាងមិនមែននៅទំនេរដដែល នៅពេលដែលនាងព្យាយាមលាក់មុខមិនឱ្យគេស្គាល់ម្ចាស់ចិត្ត ហើយមិនហ៊ានលាតត្រដាងរឿងស្នេហ៍ដ៏រសើបមួយនេះ ខណៈដែលក្រោយប៉ះស្នេហ៍លោកគយនេះ សូនីតា ក៏ស្ងប់ស្ងាត់រឿងថៅកែស្រីលក់ពេជ្រតាមស្នេហាផងដែរ។

មាន សូនីតា លេចធ្លោចុងក្រោយ រឿង “ផ្កាថ្ម” ធ្វើឱ្យបណ្តាផលិតកម្មផ្សេងៗទៀត ប្រជែងគ្នាចង់បានឱ្យនាងសម្តែងជាតួឯក។ ប៉ុន្តែផលិតករទាំងនោះស្រងាកចិត្តនៅពេលដែលសូនីតា ប្រកែកញ៉ាញចំពោះភាពយន្តទាំងឡាយណាដែលមានឈុតស្នេហាឱបថើប បើទោះជាមិនដល់កម្រិតរោលរាលក៏នាងមិនលេងឈុតដែលមានលាយឡំឈុតថើប បឺតជញ្ជក់មាត់ដូចតារាផ្សេងៗទៀតដែរ។

តារាមួយចំនួននាំគ្នាខ្សឹបខ្សៀវគ្នាថា ភាពប្រែប្រួលរបស់មាន សូនីតា នៅពេលនេះ ដោយសារតែនាងមានគំនាបពីគូស្នេហ៍ ព្រោះលេចឮថា មន្ត្រីគយនោះស្រលាញ់នាងខ្លាំងណាស់ ហេតុនេះ ហើយលោកមិនអនុញ្ញាតឱ្យប្រុសផ្សេងឱបរឹតកាយាស្រីស្អាតជាថ្នូរលុយល្អិតឡើយ បើទោះជាការសម្តែងក៏ដោយ៕