ជាងសំណង់ និងអ្នករស់នៅក្នុងវត្តសុវណ្ណមុនីសាគរសំរោងអណ្ដែត ប្រហែល៦០នាក់ បានទទួលថវិកាម្នាក់ៗ ចំនួន៥ម៉ឺនរៀល ពីម្ចាស់ហាងអិនខេ ម៉ូលិកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលជាអតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា និងស្វាមី លោកហុង មានុន ហៅឆានុន កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

តាមហ្វេសប៊ុករបស់ម៉ូលិកា បានឲ្យដឹងថា នាងបានយកចង្ហាន់មកប្រគេនព្រះសង្ឃនៅវត្តសំរោងអណ្ដែត ហើយក៏បានឃើញជាងសំណង់ និងអ្នករស់នៅក្នុងវត្ត ឈរតំរង់ជួរគ្នាចាំព្រះសង្ឃឆាន់រួច ទើបចូលទៅហូបបាយតាមក្រោយ។ នាងថា ដោយសារការអាណិតពួកគាត់ដែលប្រឹងប្រែងធ្វើការនៅក្នុងវត្ត មិនខ្លាចនឿយហត់ ទើបនាងនិងស្វាមីបានចែកថវិកាជូនពួកគាត់ក្នុងម្នាក់ៗ ចំនួន៥០០០០រៀល ដែលសរុបប្រហែល៥០ទៅ៦០នាក់ឯណោះ។

យ៉ាងណា អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមពីម៉ូលីកា បានឡើយ ព្រោះទូរស័ព្ទតេមិនចូល។
ប៉ុន្ដែតាមការអះអាងរបស់អតីតតារាចម្រៀងរូបនេះថា នាងបានជូនថវិកាដល់បងប្អូនធ្វើសំណង់ និងអ្នករស់នៅវត្តសំរោងអណ្ដែត ជិត៦០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល បានន័យថា ម៉ូលីកា ចំណាយថវិកាអស់ជាង៧០០ដុល្លារ។

នេះមិនមែនជាលើកទីមួយឡើយ ដែលម៉ូលីកា តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ ដោយគ្មានការព្រាងទុកនោះ ដូចជាកន្លងមក អំឡុងពេលដែលនាងនិងស្វាមីទៅកម្សាន្ដនៅតំបន់អភិរក្សព្រៃលិចទឹក តំបន់អភិរក្សត្រីមេពូជ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ទេសចរណ៍ធម្មជាតិ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ម្ចាស់ហាងរក្សាសម្រស់រូបនេះក៏បានចែកថវិកាដល់អ្នករត់ទូកដរ ដឹកអ្នកកម្សាន្ដទាំងស្រីទាំងប្រុសចំនួន៧២នាក់ផងដែរ។

ដោយឡែក សម្រាប់តារាសិល្បៈរួមអាជីពវិញ កន្លងមក ម៉ូលីកា ក៏ធ្លាប់ផ្ដល់ថវិកា និងសម្ភារៈមួយចំនួនដល់តារាដែលទីទ័លខ្លាំងមួយចំនួនដែរ។

គូរបញ្ជាក់ថា ម៉ូលីកា បានភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែងឆានុន រយៈពេលជាង៣ឆ្នាំ ទើបពួកគេដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយពេលនេះគូស្នេហ៍តារា១គូនេះកំពុងរង់ចាំដំណឹងល្អ ថាតើកូនដំបូងរបស់ពួកគេដែលនឹងចាប់កំណើតឆាប់ៗនេះ ជាប្រុសឬស្រី ខណៈដែលនៅថ្ងៃរៀបការ ម៉ូលីកា បង្ហើបថា នាងចង់បានកូន២នាក់ តែកូនច្បងចង់បានកូនស្រី៕


