ចំណងស្នេហានាយចឺម ជាមួយអូនហ្វា ហ្វា កាន់តែបើកចំហហើយ បន្ទាប់ពីអនាគតប្រពន្ធរបស់អ្នកចម្រៀងសាន់ដេ រូបនេះ បានទៅបង្ហាញខ្លួនជាលក្ខណៈសមាជិកគ្រួសារតែ១នៅថ្ងៃសម្ពោធវីឡាលោកចឺម កាលពីថ្ងៃ០៩ ខែមករា ឆ្នាំ២០២០ នៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឪពុកម្តាយនិងសាច់ញាតិរបស់នាយចឺម សុទ្ធតែពេញចិត្តកញ្ញាហ្វាហ្វា ពិសេសគឺក្រោយពីតារាសម្តែងរូបនេះព្រមអនុគ្រោះឱ្យនាយចឺម រឿងញ៉ែសង្សារគេត្រូវគេវាយបែកក្បាល ដេរ៥ថ្នេរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តប៉ៃលិន នោះ។

ដោយឡែក ខ្លាចញ៉ែប៉ះសង្សារគេប្រឈមរបួសសាជាថ្មី ទើបពេលនេះ នាយចឺម កាន់តែបង្ហាញសកម្មភាពស្អិតល្មួតលើសដើមជាមួយកញ្ញាហ្វាហ្វា ដែលជាអនាគតប្រពន្ធ ដូចជាថ្មីៗនេះ នាយបានបណ្តើរហ្វាហ្វា ទៅចូលរួមខួបកំណើតនាយក្តី កាលពីថ្ងៃទី២៦ ខែមករា ហើយលោកមេសា ថែមទាំងនាំគូស្នេហ៍ទៅជួបឪពុកធម៌របស់គេ គឺលោកឈុន ឡាក់ ដែលជាថៅកែផលិតកម្ម BKS ទៀតផង។

ទាំងឪពុកធម៌ និងតារារួមអាជីព សុទ្ធតែសរសើរថា នាយចឺម និងគូស្នេហ៍ស័ក្តិសមគ្នាខ្លាំងណាស់ ហើយអ្នកទាំងអស់គ្នាបានជំរុញឱ្យនាយចឺម ឆាប់ចូលរោងការឆាប់ៗ ដើម្បីកុំឱ្យចំណងស្នេហាមានការប្រែប្រួលទៀតផង… ។

ប៉ុន្តែនៅថ្ងៃសម្ពោធផ្ទះវីឡាតម្លៃ២០ម៉ឺនដុល្លារ នាយចឺម ថា មិនទាន់ច្បាស់លាស់ជាមួយអូនហ្វាហ្វា ១០០%ទេ ព្រោះពេលនេះត្រឹមជាសង្សារនៅឡើយ។ នាយបញ្ជាក់ថា សូម្បីតែប្តីប្រពន្ធក៏គង់នៅតែបែកគ្នា ចុះទម្រាំត្រឹមសង្សារ តើមើលម៉េចដឹងថា ថ្ងៃមុខមានរឿងអីកើតឡើងទៅ?

គួរបញ្ជាក់ថា អំឡុងពេលដែលនាយចឺម បានភ្ជាប់ស្នេហាជាមួយកញ្ញាពុធ ស្រីខួច និងកញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី នោះ នាយក៏ធ្លាប់នាំស្រីស្អាតទាំង២ទៅជួបឪធម៌ដែរ ប៉ុន្តែក្រោយមកស្រីស្អាតទាំង២ ក៏ចែកផ្លូវជាមួយនាយអស់ហើយ ពេលនេះពួកនាងមានសង្សារថ្មីរៀងៗខ្លួនអស់ទៅហើយ។

ដោយមិនអាចដេកស្តាយក្រោយតទៅទៀត ទើបនាយចឺម មកភ្ជាប់ស្នេហ៍ជាមួយអូនហ្វាហ្វា ដើម្បីស្អំរបួសបេះដូង ហើយគេជឿថា នាយនឹងមិនធ្វេសប្រហែសដើរជាន់ដានចាស់ បណ្តោយឱ្យអូនហ្វា សាច់សខ្ចីដូចបណ្តូលចេករូបនេះធ្លាក់ក្នុងដៃប្រុសផ្សេងដូចអតីតសង្សារទាំង២ឡើយ៕

