Monday, September 22, 2025
Homeតារាខ្មែរបេប៊ី ថ្ងូរដាច់បាយភ្លាម លក់ដាច់ភ្លែត

បេប៊ី ថ្ងូរដាច់បាយភ្លាម លក់ដាច់ភ្លែត

នៅទីបំផុត ស្រីស្អាតបេប៊ី ដែលប្រកាសលក់ផ្ទះ១ល្វែងតម្លៃជាង៧ម៉ឺនដុល្លារ នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុងនោះ ពេលនេះស្រីស្អាតលក់ដាច់ដូចបំណងហើយ។ ប៉ុន្តែមុននឹងលក់ផ្ទះនេះដាច់ បេប៊ី មិនមែនស្រួលប៉ុន្មានឡើយ ព្រោះនាងត្រូវផ្សព្វផ្សាយសឹងតែស្ងួតបំពង់កហើយ មានពេលខ្លះ ម្ចាស់ផ្ទះ រូបស្អាតនេះថែមទាំងអង្វរអតិថិជនឱ្យជួយទិញផ្ទះនាងឱ្យបានឆាប់ ដោយនាងថែមទាំង ថ្ងូរថា “ដាច់បាយ” ទៀតផង ទើបធ្វើឱ្យភ្ញៀវដែលទៅមើលផ្ទះនាងអាណិតពិធីការិនីរូបនេះជាពន់ពេក។

អ្នកស្រីប៊ុន ណារី ម្តាយរបស់បេប៊ី និយាយដោយរីករាយថា ផ្ទះដែលដាក់លក់ជាច្រើនខែនោះ ពិតជាលក់ដាច់មែន។ ប៉ុន្តែម្តាយរបស់បេប៊ី មិនបញ្ជាក់ថា លក់បានតម្លៃប៉ុន្មាន ហើយអតិថិជនដែលទៅទិញនោះ ព្រោះតែបេប៊ី ថ្ងូរដាច់បាយ ឬមួយក៏ពេញចិត្តផ្ទះដែលជាកេរតំណែលស្រីស្អាតធ្លាប់រស់នៅ។

អ្នកស្រីណារី អះអាងថា “លក់ដាច់ហើយតើ ! គេយកហើយ ឥឡូវកក់លុយអស់ហើយហ្នឹង ! តែខ្ញុំមិនអាចប្រាប់បានទេផ្ទះហ្នឹងលក់បាន ប៉ុន្មាន ចាំគេឱ្យលុយគ្រប់សិន”។

ជុំវិញការដាក់ស្លាកលក់ផ្ទះជាបន្ទាន់ ហើយ ម្ចាស់ផ្ទះជាតារាចម្រៀងផលិតកម្មថោន កញ្ញាបេប៊ី ឬ ជុំ រចនាពេជ្រ អង្វរអតិថិជនថា បើមិនទិញទេនឹងធ្វើឱ្យនាងដាច់បាយនេះ ធ្វើឱ្យមានការសង្ស័យថា បេប៊ី ធ្លាក់ខ្លួនហើយ រហូតមានអ្នកខ្លះនាំគ្នាខ្សឹបខ្សៀវថា គេបានប្រទះឃើញស្រីស្អាតជិះម៉ូតូឌុបទៀតផង។

ប៉ុន្តែនៅពេលដែលដឹងរឿងពិត ទើបម្នាក់ៗស្រឡាំងកាំងនិងបើកភ្នែកធំៗ ព្រោះបេប៊ី បង្ខំចិត្តលក់ផ្ទះនោ យកលុយទៅបង្គ្រប់ការសង់វីឡាស្កឹមស្កៃ តម្លៃជាង៣០ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ ដែលគ្រោងធ្វើពិធីឡើងផ្ទះធំនេះនៅមុនចូលឆ្នាំខ្មែរខាងមុខនេះហើយ។

អ្នកស្រីប៊ុន ណារី ទទួលស្គាល់ថា ដំណឹងនោះជាការពិត ហើយអ្នកស្រីនឹងហៅអ្នកសិល្បៈ និងអ្នកកាសែតឱ្យចូលរួមពិធីឡើងផ្ទះថ្មីនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះផ្ទះនោះគ្មានអ្វីជាអាថ៌កំបាំងទេ។

ដោយឡែក បេប៊ី ថា ឆ្នាំនេះនាងមានអាយុ២៤ឆ្នាំហើយ តែមិនទាន់ដល់គូត្រូវរៀបការដូចគេទេ ព្រោះនាងចង់ផ្តោតលើអាជីពចម្រៀងនៅថោន ច្រើនជាងស្នេហា៕

RELATED ARTICLES