តារាសម្តែងជើងចាស់ ប៉ែន សុផានី បានក្លាយទៅជា “ជំទាវ” ទៅហើយ ក្រោយធ្វើពិធីមង្គលការផ្គួបជប់លៀងឡើងផ្ទះថ្មី តម្លៃ១៨ម៉ឺនដុល្លារ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
ដោយឡែក អតីតសង្សារអ្នកនាងប៉ែន សុផានី គឺលោកម៉ារ៉ា ប៊ុណ្ណា បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញសុផានី មានទ្រព្យកាន់តែច្រើនទៅៗនេះ រហូតដល់អ្នកចម្រៀងរួបនេះមិន ហ៊ានទៅចូលរួមមង្គលការសង្សារចាស់ទៀតផង…។

អ្នួកនាងប៉ែន សុផានី បានក្លាយទៅជាជំទាវរបស់មន្ត្រីធំផ្កាយ២ លោកដាប់ ជូន ដែលជាពោះម៉ាយកូន២ បន្ទាប់ពីតារាសម្តែងជើងចាស់រូបនេះបានធ្វើពិធីជប់លៀង៤០តុ ក៏ដូចរៀបការដែរ ព្រោះមាន ក្រុងពលី និងបង្វិលពពិល ជាដើម នៅថ្ងៃឡើងផ្ទះថ្មីតម្លៃ១៨ម៉ឺនដុល្លារ នៅបុរីពិភពថ្មី២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
ទាំងមជ្ឈដ្ឋានមហាជននិងអ្នកសិល្បៈរួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគ្រាន់តែឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីភ្លាម អ្នកនាងសុផានី មានរាសីឡើងខ្ពស់ត្រដែតត្រដឹមក្លាយទៅជាជំទាវ កាន់លុយដុល្លារទាំងបាច់ៗទិញផ្ទះទាំងជុងៗបែបនេះ។
ដោយឡែក អតីតសង្សាររបស់អ្នកនាងសុផានី លោកម៉ារ៉ា ប៊ុណ្ណា វិញ ក៏ស្រឡាំងកាំងមិនតិចដែរ នៅពេលដែលឃើញតារាជើងចាស់រូបនេះឡើងកូដដល់កំពូល ក្រោយចែកផ្លូវគ្នាជាមួយលោកត្រឹមរយៈពេលដ៏ខ្លីនេះ។

ម៉ារ៉ា ប៊ុណ្ណា ថ្លែងថា “ខ្ញុំភ្ញាក់ផ្អើលខ្លាំងដែរហ្នឹង ព្រោះឃើញឥឡូវគាត់ធូរធារខ្លាំងណាស់។ តាមដឹង មិនមែនគាត់ទិញផ្ទះតែ១ទេ មានផ្ទះនៅកន្លែងផ្សេងទៀត។ សម្រាប់ខ្ញុំវិញ មានតែពាក្យជូនពរគាត់ ហើយមិនមានការខកចិត្តអីទេ ព្រោះឥឡូវខ្ញុំនិងគាត់រាប់អានគ្នាធម្មតាហ្នឹង”។
ប៉ែន សុផានី បានភ្ជាប់ស្នេហ៍ជាមួយតារាសម្តែងម៉ារ៉ា ប៊ុណ្ណា ក្រោយតារាខុសវ័យទាំង២បានជួបគ្នាដោយចៃដន្យនៅពេលដែលពួកគេថតរឿងប៉ះគ្នា។ អ្នកនាងសុផានី ធ្លាប់ឆេះដុំដោយសារតែប៊ុណ្ណា ថតរូបពេលគេងក្បែរអ្នកនាង ហើយយកទៅបង្ហោះជាសាធារណៈ ធ្វើឱ្យចំណងស្នេហាជួបភាពរកាំរកូសរហូតចែកផ្លូវគ្នាកណ្តាលផ្លូវ។

ដោយគ្មានសញ្ញាផ្សះផ្សាស្នេហ៍ពីអ្នកនាងសុផានី ទីបំផុត ម៉ារ៉ា ប៊ុណ្ណា ក៏សម្រេចចិត្តរៀបការប្រពន្ធថ្មី អ្នកនាងផុន ដារ៉ានី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយមិនបានហៅអ្នកនាងសុផានី ចូលរួមឡើយ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅថ្ងៃដែលអ្នកនាងសុផានី គ្រងឈុតប្រពៃណីចងក្បិនដូចថ្ងៃរៀបការ នៅកម្មវិធីឡើងផ្ទះថ្មីនោះ សុផានី បែរជាហៅម៉ារ៉ា ប៊ុណ្ណា ឱ្យទៅចូលរួមជាភ្ញៀវកិត្តិយសទៅវិញ។ ប៉ុន្តែម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” ដែលឆ្វាក់ស្នេហ៍តែអ្នកមេម៉ាយរូបនេះ បែរជាមិនហ៊ានទៅចូលរួមថ្ងៃមង្គលការសង្សារចាស់ឡើយ។

ម៉ារ៉ា ប៊ុណ្ណា បន្ថែមថា “គាត់ (សុផានី) ថ្ងៃហ្នុងហៅខ្ញុំឱ្យចូលរួមដែរតើ! ប៉ុន្តែខ្ញុំមិនបានទៅចូលរួមទេ ព្រោះខ្លាចរំខានដល់អារម្មណ៍អ្នកថ្មីគាត់អី អ៊ីចឹងខ្ញុំសម្រេចមិនទៅចូលរួមវិញល្អជាង។ ប៉ុន្តែខ្ញុំនិងគាត់នៅតែរាប់អាន និយាយរកគ្នាអីធម្មតាដូចតែមុនអ៊ីចឹង ហើយសូមជូនពរគាត់ឱ្យមានសុភមង្គល”។
ប៉ែន សុផានី ធ្លាប់ជួបស្នេហ៍មិនសមប្រកបជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែការភ្ជាប់ស្នេហ៍ថ្មី ជាមួយមន្ត្រីធំ ដាប់ ជូន នេះ អ្នកនាងមានជំនឿចិត្តថា នឹងលែងអភ័ព្វស្នេហ៍ដូចមុនទៀតហើយ ព្រោះអ្នកនាងនិងគូស្នេហ៍មានវ័យស្របាលៗគ្នា ប្រាកដជាចេះយល់ចិត្តគ្នាច្រើនជាមិនខានឡើយ។

តាមព័ត៌មានថា នៅថ្ងៃឡើងផ្ទះតម្លៃ១៨ម៉ឺនដុល្លារនោះ អ្នកនាងសុផានី ក៏បានទិញផ្ទះ១ជុងផ្សេងទៀត នៅបុរីដដែលនោះតម្លៃជិត២០ម៉ឺនដុល្លារផងដែរ គឺសរុបផ្ទះ២ល្វែងចំណាយអស់ជាង៣០ម៉ឺនដុល្លារ ខណៈដែលផ្ទះចាស់របស់នាងនៅក្បែរក្រសួងមហាផ្ទៃ នៅតែបើកហាងលក់បាយនិងកាហ្វេដដែល។

សុផានី ក៏គ្រោងបើកហាង Mini Mart និងក្លឹបបង្ហាត់សិល្បៈនៅផ្ទះថ្មីរបស់នាងផ្ទាល់តែម្តង ដែលមើលទៅអ្នកនាងមានទ្រព្យមិនចាញ់ជំទាវផ្សេងៗទៀតឡើយ។ ចំណែកម៉ារ៉ា ប៊ុណ្ណា វិញ កំពុងតែមានសេចក្តីសុខជាមួយភរិយាថ្មីជាស្ត្រីមេម៉ាយ ហើយមានពេលខ្លះតារាចម្រៀងរូបនេះតែងតែបង្ហាញពីវិធីប៉ូវពងមាន់ជាច្រើនគ្រាប់ ដើម្បីបំពេញសេចក្តីសុខឱ្យភរិយានៅពេលយប់ព្រលប់ទៀតផង៕