តារាចម្រៀងសុគន្ធ និសា បានលុបចោលគម្រោងចេញទៅកើបលុយធំនៅប្រទេសញូវហ្សែឡែន នាអំឡុងខែមីនា ឆ្នាំ២០២០ នេះ ដោយសារតែនាងរើខ្លួនមិនរួចពីការច្រៀងរាំនៅក្នុងស្រុក ទើបធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះនៅបរទេសខកចិត្តតិចតួច បើទោះជានាងមានស្វាមីទៅហើយក្តី ប៉ុន្តែពួកគេនៅតែចង់គយគន់រូបឆោមនិសា ដោយផ្ទាល់ ជាជាងស្តាប់ចម្រៀងតាមយូធូប។

តាមព័ត៌មានថា សុគន្ធ និសា គ្រោងដឹកដៃលោកអាឡិច ចាន់ត្រា ទៅច្រៀងសម្តែងនៅប្រទេសញូវហ្សែឡែន រយៈពេលខ្លីត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ នៅខែមីនា ឆ្នាំ២០២០ ហើយតារាទាំង២បានព្រម ព្រៀងគ្នាក្នុងការចេញទៅហើយ ប៉ុន្តែស្រាប់តែចូលមកដល់ឆ្នាំថ្មីភ្លាម ទាំងនិសា និងអាឡិច បែរជាលុបចោលគម្រោងទៅរកលុយនៅក្រៅស្រុកនោះយ៉ាងទាន់ហន់ទៅវិញ។
អាឡិច ចាន់ត្រា បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិត ហើយពេលនេះ ទាំងលោកនិងនិសា សម្រេចចិត្តមិនចេញទៅដូចគ្នាតែម្តង។

តារាសម្តែងរូបនេះបានឱ្យដឹងថា “តាមគម្រោង ខ្ញុំត្រូវទៅញូវហ្សែឡែន ហ្នឹង តែ២សប្តាហ៍ទេ ហើយច្រៀងរួមគ្នាជាមួយនិសា ៣Show។ ពួកយើងទាំង២បានព្រមព្រៀងគ្នាអស់ហើយថានឹងចេញទៅ តែចៃដន្យអី ចូលដល់ឆ្នាំថ្មីនេះរវល់ដូចគ្នា រកតែដកឃ្លាមិនរួចសោះ អ៊ីចឹងហើយទើបខ្ញុំនិងនិសា បាន សម្រេចចិត្តថា មិនចេញទៅតែម្តង។ ខាង Sponsor គាត់ក៏មានការយោគយល់ដែរ មិនអីទេ ព្រោះថា ខ្ញុំនិងនិសា ចូលដល់ខែហ្នឹងរវល់ដកឃ្លាមិនបានមែន”។

នេះមិនមែនជាលើកទី១ឡើយដែលសុគន្ធ និសា បានលុបចោលគម្រោងចេញទៅច្រៀងសម្តែងនៅក្រៅស្រុក ពោលគឺជាញឹកញាប់មកហើយ តាំងពីនាងរៀបការប្តីមក តារាចម្រៀងតូចច្រឡឹងរូបនេះ ហាក់ស្ទាក់ស្ទើរក្នុងការចេញទៅរកលុយនៅបរទេស ដោយសារតែនាងមិនចង់ដើរចោលប្តី និងម៉្យាងទៀតទីផ្សារការច្រៀងសម្តែងនៅបរទេសបច្ចុប្បន្ននេះ មិនសូវរកលុយបានច្រើនដូចកាលពីឆ្នាំមុនៗឡើយ។

សុគន្ធ និសា ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងត្រូវបានខាង Sponsor នៅបរទេសទាក់ទងមកជាបន្តបន្ទាប់។ ប៉ុន្តែមូលហេតុដែលនាងមិនចេញទៅ គឺពិតជាមិនចង់ឱ្យប្តីរស់នៅតែម្នាក់ឯងមែន។ ចំណែកការរកលុយនៅក្រៅស្រុកនៅរយៈពេលចុងក្រោយនេះ ក៏មិនដូចឆ្នាំមុនៗដែរ ហើយសម្រាប់នាងអាចរកលុយនៅក្នុងស្រុកដូចនៅបរទេសដែរ ទើបសម្រេចចិត្តនៅក្នុងស្រុកច្រើនជាងចេញទៅច្រៀងសម្តែងនៅខាងក្រៅប្រទេស។

សុគន្ធ និសា បានដឹកដៃអាណិកជនខ្មែរ នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា រៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ចំណងស្នេហ៍ជាង២ឆ្នាំនេះ និសា មិនទាន់ពពោះឡើយ ហើយនាងបានបន្ធូរដៃពីអាជីពចម្រៀងមកបុកថតភាពយន្តភាគឱ្យហង្សមាស ៣រឿងជាប់គ្នា ក្នុងតំណែងជាតួឯក គឺរឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តជាតក”។

និសា ក៏មិនពឹងលើអាជីពចម្រៀងទាំងស្រុងដូចមុនដែរ ដោយពេលនេះនាងបានបើកហាងលក់គុយទាវខ្ចប់, ចេកឆឹង និងហាងកាហ្វេ ជាដើម។
សុគន្ធ និសា ថា នាងនឹងបន្តអាជីពសិល្បៈរហូតទាល់តែលែងមានការគាំទ្រ ព្រោះស្វាមីរបស់នាងមិនហាមឃាត់នាងលេងសិល្បៈទេ។ ដោយឡែក រឿងយកកូនវិញ នាងថា រង់ចាំទិដ្ឋាការពីស្ថានទូតអាមេរិក ធ្លាក់មកសិន។

ការអះអាងបែបនេះ ទំនងនិសា អាចនឹងចង់ផ្តល់កំណើតឱ្យកូនដំបូង កើតមកភ្លាមបានសញ្ជាតិអាមេរិក ភ្លែតតែម្តងហើយ ទើបពន្យារពេលពពោះបែបនេះ៕