Monday, September 22, 2025
Homeតារាខ្មែរនាយចឺម ៥ថ្នេរ ៨ពាន់ដុល្លារ

នាយចឺម ៥ថ្នេរ ៨ពាន់ដុល្លារ

ភ្នំពេញ ៖ ករណីតារាចម្រៀងវ័យក្មេង សុខ មេសា ហៅនាយចឺម ដែលបានទទួលរងការចោទប្រកាន់ឆាតញ៉ែនិងណាត់សង្សារគេដេកផ្ទះសំណាក់ ហើយត្រូវគេវ៉ៃបែកក្បាលដេរ៥ថ្នេរ នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នោះ ពេលនេះគូជម្លោះនេះបានដោះស្រាយគ្នាបញ្ចប់ទំនាស់ ដោយនាយចឺម ជាជនរងគ្រោះព្រមទទួលសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន៨ពាន់ដុល្លារ។

តាមប្រភពលោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ថា “សូមអបអរសាទរគូជម្លោះ កីឡាករង៉ែត លីទី និងតារាចម្រៀងនាយចឹម បានបញ្ចប់ជម្លោះនៅមុននេះបន្តិច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយទទួលបានសំណងរដ្ឋប្បវេណី ចំនួន៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បាប់។

សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិនទាំងអស់ ដែលបានសម្របសម្រួលផ្តល់យុត្តិធម៌ ជូនជនរងគ្រោះនាយចឹម ជាពិសេស លោកមេធាវី យូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះ។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់លើយុត្តិធម៌។ អរគុណសន្តិភាព”។

ជុំវិញការដោះស្រាយបញ្ចប់បញ្ហាជម្លោះហិង្សានេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីតារាចម្រៀងវ័យក្មេង សុខ មេសា ហៅនាយចឺម បានទេកាលពីម្សិលមិញ។

គួររំលឹកថា កាលពីវេលាម៉ោង០៤និង២០នាទីរសៀល ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយ ចឺម អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈទៅចូលរួមពិធីខួបកំណើតកូនមិត្តភក្តិនាយក្រូច (ពូនាយចឺម) នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានជនសង្ស័យម្នាក់ឈ្មោះង៉ែត លីទី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដែលជាអតីតកីឡាករបាល់ទាត់មួយរូប មានលំនៅក្នុងភូមិកើតហេតុខាងលើបានប្រើអំពើហិង្សាទាញដំបងឈើជ្រុងវាយមកលើរូបគេជាច្រើនដំបងឈើរហូតបាក់ដំបង ហើយទោះបីជាជនរងគ្រោះ បានរត់គេចទៅពួនក្នុងហាងម៉ាស្សាមួយកន្លែងនៅក្បែរនោះ ក៏ជនសង្ស័យនៅតែតាមវាយ រហូតនាយចឺម សំពះអង្វរសុំទោសនិងអរគុណអ្នកបង្កហិង្សានោះទាំងភ័យតក់ស្លុត។

ហេតុ-ការណ៍ហិង្សានេះ បណ្តាលឱ្យជនរងគ្រោះ (នាយ ចឺម) រងរបួសយ៉ាងដំណំ គឺរយះក្បាលដេរ៥ ថ្នេរ និងរបួសដៃជាច្រើនកន្លែងទៀត ព្រមទាំងខូចខាតខ្ទេចទូរស័ព្ទដៃអាយហ្វូន មួយគ្រឿង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះង៉ែត លីទី បានសារភាពថា រូបគេពិតជាបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ (នាយចឺម) ប្រាកដមែន ដោយសារតែការប្រចណ្ឌខឹងនឹងនាយចឺម ឆាតញ៉ែនារីម្នាក់ជាសង្សាររបស់ខ្លួន ថែមទាំងណាត់ជួបគ្នាដេកផ្ទះសំណាក់ទៀត។

ជនសង្ស័យបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ជនរងគ្រោះ (នាយចឺម) បានទូរស័ព្ទទៅស្រីស្នេហ៍របស់ខ្លួនចំនួន៣ទៅ៤ដង តែនាងកំពុងដេកលង់លក់មិនបានលើកទូរស័ព្ទនិយាយឆ្លើយតបទេ ហើយជនរងគ្រោះក៏បានឆាតតាមហ្វេសប៊ុកបន្ថែមទៀត ទើបរូបគេបន្លំធ្វើជាស្រីស្នេហ៍របស់ខ្លួនឆ្លងឆ្លើយជាមួយនាយចឺម ជិត២ម៉ោង ហើយក៏បានណាត់ជួបគ្នាថាទៅដេកផ្ទះសំណាក់។

ជនសង្ស័យបានបន្តថា នៅម៉ោងប្រមាណ៤និង២០នាទីទៀបភ្លឺ នាយចឺម បានបើកឡានម្នាក់ឯង មកដល់កន្លែងណាត់ ទើបរូបគេស្ទុះទៅវាយ ហើយក៏បានប្រតាយប្រតប់គ្នា ពេលនោះគេទាញបានកំណាត់ឈើក៏វាយទៅលើជនរងគ្រោះត្រូវក្បាលនិងដៃ។

ដោយឡែក តាមប្រភពមួយបានឱ្យដឹងថា យោងតាមសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ថា នារីជាសង្សារជនដៃដល់ង៉ែត លីទី ឈ្មោះនាង ស.រ.ន  ហៅស្រីលាភ អាយុ២១ឆ្នាំ ជាអ្នកលក់ដូរតាមអនឡាញ រស់នៅចំណុចកើតហេតុខាងលើ ដោយនាងបានបំភ្លឺថា កាលពីមុន គឺនាងជាសង្សារជនសង្ស័យឈ្មោះង៉ែត លីទី អាយុ២២ឆ្នាំ ដោយ ពួកគេស្រឡាញ់គ្នាកាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែទំនាក់ទំនងស្នេហារបស់ពួកគេមានការប្រែប្រួលដោយមានការឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ទើបក្រោយមកនាងក៏បានផ្តាច់ទំនាក់ទំនងជាមួយជនសង្ស័យង៉ែត លីទី មកទាក់ទងជាមួយជនរងគ្រោះឈ្មោះសុខ មេសា (ហៅ នាយចឺម) ជាតារាចម្រៀងវ័យក្មេង។ ប៉ុន្តែដោយសារតែនាងសង្កេតឃើញនាយចឺម មានសង្សារច្រើនពេកក៏ផ្តាច់ចំណងទំនាក់ទំនងពី នាយចឺម វិលមករកសង្សារចាស់របស់នាង (ង៉ែត លីទី) វិញ បានប្រហែល៥ខែមកហើយ។

លុះនៅមុនពេលកើតហេតុ ដោយសារគណនីហ្វេសប៊ុករបស់នាងតែមួយ ប្រើទូរស័ព្ទពីរ ទើបជនរងគ្រោះបានទាក់ទងទៅនាង ក៏ជនសង្ស័យមើលឃើញដែរ ក៏ក្លាយទៅជាករណីហិង្សាបែបនេះតែម្តង។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ (នាយចឺម) បានទៅចូលរួមច្រៀងក្នុងពិធីខួបកំណើតកូនអ្នកស្រុកម្នាក់នៅកន្លែងកើតហេតុខាងលើ តាំងពីល្ងាចរហូតដល់យប់ជ្រៅ ចប់កម្មវិធី ក៏ចូលទៅដេកក្នុងផ្ទះសំណាក់ យីហោ “ស្រីរ៉ូ” ដែលស្ថិតនៅខាងលិចផ្ទះកម្មវិធីខួបកំណើតនោះ ចម្ងាយ១៥០ម៉ែត្រ។

លុះដល់ម៉ោងជាង២រំលងអធ្រាត្រ នាយចឺម បានទូរស័ព្ទទៅអតីតស្រីស្នេហ៍របស់ខ្លួនដែលត្រូវជាសង្សាររបស់ជនសង្ស័យ ដោយជនរងគ្រោះបានទូរស័ព្ទទៅរកសង្សារគេចំនួន៣ទៅ៤ដង តែនាងកំពុងដេកលង់លក់មិនបានលើកទូរស័ព្ទនិយាយឆ្លើយតបនោះ ទើបជនរងគ្រោះឆាតជាសារតាមហ្វេសប៊ុកទៅរកនាង ប៉ុន្តែដោយសារគណនីហ្វេសប៊ុករបស់នាងបានដាក់ភ្ជាប់ទៅទូរស័ព្ទជនសង្ស័យដែរ ទើបជនសង្ស័យដឹងរឿងក៏បន្លំធ្វើជារូបនាងឆាតណាត់ជួបនាយចឺម។

លុះពេលនាយចឺម បើករថយន្តម្នាក់ឯងទៅដល់មុខបន្ទប់ ជនសង្ស័យក៏បានចេញមកប្រតាយប្រតប់គ្នា ក៏ទាញបានកំណាត់ឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសបែកក្បាលតែម្តង។

ពាក់ព័ន្ធករណីអំពើហិង្សា នាយចឺម ញ៉ែស្រីសង្សារគេវ៉ៃបែកក្បាលនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះង៉ែត លីទី នៅពន្ធនាគារខេត្តប៉ៃលិន រយៈពេល៤ខែ ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាត ដោយចេតនា៕

ខៀវ ទុំ

RELATED ARTICLES