ខេត្តបាត់ដំបង ៖ តារាចម្រៀងក្មេងរបស់ហង្សមាស កុមារពេជ្រ ថៃ ដែលជាជ័យលាភី ប្រឡងចម្រៀងកុមារ “The Voice Kid Cambodia” រដូវកាលទី១ ដែលមុននេះត្រូវបានកញ្ញាគៀត បេលឡា ហៅអូនហ្វា សង្សារនាយចឺម បានព្រមានថា កុំក្បាលខូចខ្លាំងដូចសង្សារនាង (នាយចឺម) ប្រយ័ត្នបែកក្បាលដែរនោះ ថ្មីៗនេះ ស្រាប់តែធ្លាយរឿងត្រូវគេវ៉ៃដំនៅក្នុងវិទ្យាល័យមោងឫស្សី និងលេចឮថា ដោយសារញ៉ែស្រីគេ តែតារាចម្រៀងក្មេងរូបនេះបានបដិសេធថា រូបគេស្អាតស្អំណាស់មិនបានប៉ះពាល់ស្រីគេណាទេ។ ជាមួយនេះក៏មានការទម្លាយមូលហេតុពិតរឿងពេជ្រ ថៃ ត្រូវគេវ៉ៃនោះផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ តារាចម្រៀងក្មេងពេជ្រ ថៃ ត្រូវ បានក្មេងទំនើងមួយក្រុមប្រើអំពើហិង្សាវាយដំបណ្តាលឱ្យរងរបួសស្រាលនៅក្នុងថ្នាក់រៀននៃវិទ្យាល័យមោងឫស្សី ក្នុងពេលដែលគេកំពុងរៀននៅសាលាខាងលើ។
ក្រោយពីកើតហេតុខាងលើ មានពាក្យចចាមអារ៉ាមថា មូលហេតុដែលពេជ្រ ថៃ ត្រូវគេវ៉ៃបែបនេះ ដោយសារតែញ៉ែសង្សារគេដូចគ្នានឹងករណីតារាចម្រៀងវ័យក្មេង សុខ មេសា ហៅនាយចឺម ដែលត្រូវគេចោទថា ញ៉ែសង្សារគេ និងគេវ៉ៃបែកក្បាលនៅខេត្តប៉ៃលិន កាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នោះដែរ។
ប៉ុន្តែទោះជាយ៉ាងណា កុមារពេជ្រ ថៃ បានបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនថា គេមិនបានប៉ះពាល់ស្រីរបស់អ្នកណាទេ ហើយគេខ្លួនឯងក៏ឆ្ងល់ដែរថា ត្រូវគេវ៉ៃដោយសាររឿងអី?
ពេជ្រ ថៃ បានឱ្យដឹងបន្តថា ក្រោយកើតហេតុខាងលើនេះ រូបគេបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ដើម្បីការពារទៅថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះមកលើខ្លួនទៀត។
យ៉ាងណា បើតាមលោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឱ្យដឹងថា ដើមហេតុដែលនាំឱ្យមានអំពើហិង្សាលើកុមារពេជ្រ ថៃ នោះ កើតចេញពីមិត្តរួមថ្នាក់ម្នាក់ស្តោះទឹកមាត់ដោយសារការឈឺក។

លោកហេង ឡុង បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ថា “យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំមិនចង់ឱ្យក្មួយពេជ្រ ថៃ ប្តឹងផ្តល់ជនបង្កហេតុទេ ពីព្រោះរបួសស្នាមតិចតួច ហើយក្មួយគឺជាសិល្បករល្បី គួរមានចិត្តសន្តោសច្រើនជាងមនុស្សធម្មតា។
នាយកសាលា មិនគួរបណ្តោយឱ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលា មិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ”។
លោកហេង ឡុង បានសរសេរបន្តថា “រឿងរ៉ាវលម្អិតម្ចាស់ពាន ពេជ្រ ថៃ ត្រូវសិស្សសាលាវាយ! ថ្មីៗនេះ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជុំវិញអំពើហិង្សាត្រូវសិស្សវិទ្យាល័យមោងឫស្សី ដូចគ្នាវាយ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៩និង០៥នាទីព្រឹក ខណៈមកដល់ថ្ងៃនេះសាមីខ្លួនបានបញ្ជាក់ប្រាប់សមាគមពីស្ថានភាពជាក់ស្តែងហើយ ដោយរូបគេមិនត្រូវអ្វីធ្ងន់ឡើយ។
ចំពោះដើមហេតុកើតចេញពីមិត្តរួមថ្នាក់ខ្លួនស្តោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្រប ពេលនោះ ស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀត បានលោតចូលមកវ៉ៃទាំងកំរោល ដោយមិនដឹងមូលហេតុតែម្តង និងត្រូវចំខ្លួនថែមទៀតផង។
ចំពោះការប្តឹងផ្តល់នោះ ពុំទាន់មាននៅឡើយទេ ដោយសារពេលនេះ លោកគ្រូ និងភាគីបង្កហេតុ កំពុងសម្របសម្រួលនៅឡើយ ក្នុងនោះជនបង្កហេតុក៏ទទួលស្គាល់ថា រូបគេពិតជាបានវ៉ៃមែន ប៉ុន្តែកើតឡើងដោយអចេតនាប៉ុណ្ណោះ”។

គួរកត់សម្គាល់ដែរថា ហេតុការណ៍កុមារពេជ្រ ថៃ ត្រូវគេវ៉ៃដំនេះ បានកើតឡើងក្រោយពីតារាចម្រៀងក្មេងរូបនេះ ត្រូវសង្សារនាយចឺម ព្រមានថា “អាអូនក្បាលខូច កុំខូចខ្លាំងដូចបងចឺម ប្រយ័ត្នបែកក្បាលដែរ!”។
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ តារាសម្តែងនិងបង្ហាញម៉ូដ កញ្ញាគៀត បេលឡា ហៅអូនហ្វា ដែលអ្នកសិល្បៈទូទៅស្គាល់ច្បាស់ថា ជាសង្សារ ថ្មីរបស់នាយចឺម បានបង្ហោះរូបភាពកៀកកិតស្និទ្ធស្នាលជាមួយនាយចឺម មួយសន្លឹកជាមួយសំណេរក្នុងគណនីហ្វេសប៊ុករបស់នាងថា “ជួបអាយដលចៃដន្យ សុំថតមួយលេង”។
បន្ទាប់ពីបានឃើញរូបភាព និងសំណេរ របស់កញ្ញាគៀត បេលឡា ហៅអូនហ្វា ខាងលើ មានមិត្តភក្តិអ្នកសិល្បៈជាច្រើនបានបញ្ចេញយោបល់ (Comment) អបអរសាទរចំពោះចំណងស្នេហារបស់តារាវ័យក្មេងមួយគូនេះដែលមិនប្រេះស្រាំ ទោះបីជាបែកធ្លាយរឿងអាស្រូវរបស់នាយចឺម រឿងឆាតញ៉ែស្រីផ្សេង រហូតណាត់ទៅដេកផ្ទះសំណាក់ ហើយត្រូវសង្សារគេវ៉ៃរយះក្បាលកាលពីពេលថ្មីៗកន្លងមកនេះក៏ដោយ។
ក្នុងចំណោមអ្នកបញ្ចោញយោបល់ (Comment) ទាំងនោះ ក៏មានជ័យលាភីការប្រឡងចម្រៀងកុមារ “The Voice Kids Cambodia” រដូវកាលទី១ ដែលសព្វថ្ងៃបានក្លាយជាតារាចម្រៀងនៅផលិតកម្មហង្សមាស គឺកុមារពេជ្រ ថៃ ផងដែរ។

ពេជ្រ ថៃ បានសរសេរក្នុងខ្ទង់បញ្ចេញយោបល់ (Comment)នៅថ្ងៃដដែលនោះថា “ចៃដន្យ ផ្អែមលើសទឹកឃ្មុំទៀតលោក”។
ឆ្លើយតប (Reply) ចំពោះ Commnet របស់ពេជ្រ ថៃ ខាងលើនេះ កញ្ញាគៀត បេលឡា ហៅអូនហ្វា បានសរសេរព្រមានបែបលេងបន្លំមែនថា “អាអូនក្បាលខូច តែកុំខូចខ្លាំងដូចបងប្រុសពេក ប្រយ័ត្នបែកដែរ”។
ការឆ្លើយតប (Reply) របស់កញ្ញាគៀត បេលឡា ហៅអូនហ្វា ខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន យល់ថា សង្សារនាយចឺម ព្រមានកុមារពេជ្រ ថៃ ដូចត្បកក្បាលសង្សារនាង (នាយចឺម) មួយក្រញរ ព្រោះមុននេះ នាយចឺម ត្រូវគេវ៉ៃបែកក្បាលដេរ៥ថ្នេរ រឿងគេចោទញ៉ែសង្សារគេណាត់ទៅដេកផ្ទះសំណាក់នៅខេត្តប៉ៃលិន កាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនដៃដល់ដែលវាយនាយចឺម បែកក្បាលនោះ មានឈ្មោះង៉ែត លីទី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុននិងជាអតីតកីឡាករបាល់ទាត់មួយរូប មានលំនៅក្នុងភូមិកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះង៉ែត លីទី បានសារភាព ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានយកដំបង ឈើជ្រុង វាយទៅលើជនរងគ្រោះ (នាយចឺម) ប្រាកដមែន ដោយសារតែការប្រចណ្ឌខឹងនឹងនាយចឺម ឆាតញ៉ែសង្សាររបស់ខ្លួន ថែមទាំងណាត់ជួបគ្នាដេកផ្ទះសំណាក់ទៀត។

ពាក់ព័ន្ធករណីអំពើហិង្សា នាយចឺម ញ៉ែស្រីសង្សារគេវ៉ៃបែកក្បាលនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះង៉ែត លីទី នៅពន្ធនាគារខេត្តប៉ៃលិន រយៈពេល៤ខែ ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា” ហើយនាយចឺម បានទទួលសំណងរដ្ឋប្បវេណីជាទឹកប្រាក់ចំនួន៨ពាន់ដុល្លារផងដែរ៕