Monday, September 22, 2025
Homeតារាខ្មែរក្រោយភ្លៀងមេឃស្រឡះ!!! ម៉ូលីកា នាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅគីរីរម្យ

ក្រោយភ្លៀងមេឃស្រឡះ!!! ម៉ូលីកា នាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅគីរីរម្យ

ម៉ូលីកា បាននាំស្វាមីបណ្ដូលចិត្តលោកហុង មានុន ហៅឆានុន ទៅក្រេបចនុ្ទទឹកឃ្មុំ (Honey Moon) នៅរមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែកុម្ភៈ ខណៈដែលដំណើរទៅកម្សាន្ដនៅប្រទេសបារាំង នៅមិនកំណត់ជាក់លាក់ឡើយ។

អ្វីដែលគួរឲ្យសរសើរ ទោះជាការដើរលេងលើកនេះជាថ្ងៃពិសេសសម្រាប់នាងនិងស្វាមីមែន ប៉ុន្ដែម៉ូលីកា មិនភ្លេចយកបុគ្គលិករបស់ខ្លួនទៅជាមួយឡើយ ដើម្បីឲ្យពួកគេបានជប់លៀងសប្បាយរីករាយជាមួយគ្នាតែម្ដង។

ម៉ូលីកា បានឲ្យដឹងថា នាងទៅកម្សាន្ដជាមួយស្វាមីនៅគីរីរម្យ រយៈពេល២ថ្ងៃ។ នាងថា នេះជាដំណើរកម្សាន្តលក្ខណៈក្រេបចន្ទទឹកឃ្មុំ (Honey Moon) មែន ប៉ុន្ដែដោយសារមិនភ្លេចបុគ្គលិករបស់នាងដែលប្រឹងប្រែងធ្វើការនាពេលកន្លងមក ទើបនាងយកពួកគេទៅជាមួយចំនួន៣០នាក់ ដើម្បីជប់លៀងឲ្យបានសប្បាយរីករាយជាមួយគ្នា ព្រោះបើគ្មានបុគ្គលិកល្អៗខិតខំប្រឹងធ្វើការឲ្យនាងទេ នាងក៏មិនអាចជោគជ័យបានដូចពេលនេះបានដែរ។

នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ម៉ូលីកា ក្នុងការនាំបុគ្គលិកទៅជប់លៀងលើកទឹកចិត្តដល់ពួកគេ ពោលគឺជាញឹកញាប់មកហើយ ដែលថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះ តែងតែផ្ដល់កម្លាំងចិត្តដល់បុគ្គលិកឆ្នើមៗរបស់ខ្លួន តាមរយៈការនាំទៅដើរកម្សាន្ដ និងជប់លៀងរួមគ្នានៅតំបន់រមណីយដ្ឋាននានា ទើបធ្វើឲ្យពួកគេចាត់ទុកម៉ូលីកា ថាជាថៅកែស្រីស្អាតនិងចិត្តល្អម្នាក់។

គួរបញ្ជាក់ថា ម៉ូលីកា បានរៀបការជាមួយលោកឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅដឺព្រីមៀរ សិនធ័រ សែនសុខ ដោយចំណាយប្រាក់អស់ជាង១០ម៉ឺនដុល្លារ ក្រោយពីអ្នកទាំង២បានស្រលាញ់ និងធ្លាប់មានប្រវត្តិតស៊ូកម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំ។

ម៉ូលីកា បានប្រាប់នៅថ្ងៃរៀបការថា នាងនឹងនាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) រយៈពេលខ្លីនៅប្រទេសបារាំង ប៉ុន្ដែពេលនេះនាងសម្រេចចិតុ្តពន្យារពេលមួយអន្លឺសិន ដោយសារមមាញឹកក្នុងស្រុក ទើបបង្វែរទៅជាដំណើរកម្សាន្ដ រយៈពេល២ថ្ងៃ នៅរមណីយដ្ឋានគីរីរម្យ វិញ ដោយផ្គួបធ្វើពិធីជប់លៀងឲ្យបុគ្គលិក៣០នាក់។

អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ បានឲ្យដឹងថា នាងរៀបគម្រោងយកកូនឲ្យបាន២នាក់ ក្នុងរង្វង់គ្រួសារ តែកូនច្បង នាងចង់បានកូនស្រី៕

RELATED ARTICLES