Monday, September 22, 2025
Homeតារាខ្មែរស្ងាត់ៗ អ្នកនាងឈាន នីហ្សា មកលេងស្រុកខ្មែរលើកទី២

ស្ងាត់ៗ អ្នកនាងឈាន នីហ្សា មកលេងស្រុកខ្មែរលើកទី២

អតីតតារាចម្រៀងនិងសម្តែង អ្នកនាងឈាន នីហ្សា ដែលបានចេញទៅរស់នៅប្រទេសបារាំង តាមស្វាមីជាច្រើនឆ្នាំមកហើយនោះ បានមកលេងស្រុកកំណើតកាលពីថ្ងៃទី៤ ខែមករា ដោយជិះយន្តហោះពាក់ម៉ាសក៍ការពារវីរុសកូរ៉ូណាទៀតផង។ ប៉ុន្តែគេមិនឃើញនីហ្សា នាំស្វាមី និងកូនប្រុសស្រីទាំង២របស់នាងមកដែរឡើយ។

អ្នកយកព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីនីហ្សា បានឡើយ កាលពីពេលថ្មីៗនេះ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង។ ចំណែកការឆាតតាមហ្វេសប៊ុក នាងមិនទាន់ឆ្លើយតបឡើយ។

គួរបញ្ជាក់ថា ឈាន នីហ្សា បានរៀបការកាលពីឆ្នាំ២០១៣ ជាមួយអាណិកជនខ្មែររស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយនាងបានចេញទៅរស់នៅតាមស្វាមីភ្លាមៗផងដែរ។ ចំណងស្នេហ៍ជាង៧ឆ្នាំនេះ នីហ្សា ទទួលបានកូន២នាក់ កូនប្រុសឈ្មោះ Richard អាយុជាង៦ឆ្នាំ និងកូនស្រីឈ្មោះ Laura អាយុជាង៣ឆ្នាំ។

ក្រោយរៀបការ អតីតតារាសម្តែងរូបនេះធ្លាប់បានមកលេងស្រុកម្តង កាលពីឆ្នាំ២០១៥ ហេតុនេះហើយការមកលើកនេះជាលើកទី២ហើយ ខណៈដែលស្វាមីរបស់នាងមិនបានរួមដំណើរមកឡើយ ដោយសារជាប់ធ្វើការ ទើបនីហ្សា ហោះមកតែម្នាក់ឯង។

ឈាន នីហ្សា ធ្លាប់និយាយថា ការរស់នៅប្រទេសបារាំង ៧ឆ្នាំនេះ នាងត្រូវបានស្វាមីស្រលាញ់ថ្នាក់ថ្នមខ្លាំង ហើយសុភមង្គលក្នុងគ្រួសារក៏ល្អប្រសើរដែរ ដោយប្តីនាងមិនឱ្យនាងធ្វើការអីទេ គឺឱ្យតែនៅផ្ទះ និងមើលថែកូនៗប៉ុណ្ណោះ។ ប៉ុន្តែនាងថា ពេលខ្លះមានអារម្មណ៍ឯកោដែរ ព្រោះនៅទីនោះ នាងមិនមានសាច់ញាតិ ហេតុនេះហើយបានជានៅពេលអនាគត នាងមានបំណងចង់មករស់នៅ ស្រុកខ្មែរវិញ ដោយបង្កើតមុខរបរផ្ទាល់ខ្លួនមួយ។

ដោយឡែក ការមកលេងស្រុកខ្មែរលើកនេះរបស់នីហ្សា ត្រូវបានគេបង្ហើបឱ្យដឹងថា អតីតតារារូបនេះអាចមកសិក្សាក្នុងការបង្កើតមុខជំនួញ ហើយប្រសិនបើអាជីវកម្មនេះលេចចេញជារូបរាងឡើងឆាប់ៗនោះ នីហ្សា នឹងអាចចុះឡើងពីបារាំង មកស្រុកខ្មែរ ញឹកញាប់ជាងមុនជាមិនខានឡើយ៕

RELATED ARTICLES