តារាចម្រៀងមាស សុខសោភា បានប្រារឰខួបកំណើតគម្រប់អាយុ៣៨ឆ្នាំ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែសោភា មិនបានធ្វើពិធីជប់លៀងធំហៅតារាល្បីៗរាប់រយនាក់ឱ្យចូលរួមផឹកស៊ីដូចតារាមួយចំនួនទៀតឡើយ។

ថ្ងៃខួបកំណើតរបស់នាងបែរជាតារាចម្រៀងថោន ដ៏ល្បីល្បាញរូបនេះទៅច្រៀងនៅក្លឹបកម្សាន្តមួយក្បែរវិមានឯករាជ្យ ហើយអំឡុងពេលដែលសោភា កំពុងតែច្រៀងនោះ នាងត្រូវបានបុគ្គលិកបម្រើការនៅទីនោះធ្វើខួបកំណើតឱ្យដោយលើកនំខេកជូនដល់ឆាកតែម្តង។ សោភា មានការភ្ញាក់ផ្អើល ខ្លាំងណាស់ ព្រោះតែក្រុមអ្នកគាំទ្រនាងបាន ធ្វើឲ្យភ្ញាក់ផ្អើលទាំងនាងមិនបានដឹងខ្លួនជាមុន។

តាមព័ត៌មានពីតារាដែលចូលរួមទស្សនាការច្រៀងសម្តែងរបស់មាស សុខសោភា នៅរាត្រីនោះបានឱ្យដឹងថា ឆ្នាំនេះ សោភា គម្រប់ខួប៣៨ឆ្នាំហើយ ទើបមានអ្នកខ្លះបាននិយាយលេងដាក់សោភា ថា “ម៉េចមិនធ្វើខួបគម្រប់អាយុឱ្យធំដូចគេ?”។ ប៉ុន្តែសោភា បានត្រឹមញឹមៗ ហើយថា នាងមិនទម្លាប់ធ្វើខួបធំដូចគេទេ។

ថ្វីត្បិតតែនៅថ្ងៃខួបកំណើត ក៏មាស សុខសោភា នៅបន្តច្រៀងកម្មវិធីគេ ព្រោះម្ចាស់កម្មវិធីបានកក់ទុកជាមុនតាំងពីយូរខែក្តី ប៉ុន្តែតារាចម្រៀងថោន រូបនេះ ក៏ត្រូវបានគូស្នេហ៍នាង លោកអ៊ឹត រ៉ាដា រៀបចំខួបឱ្យនាងនៅផ្ទះជាលក្ខណៈគ្រួសារដែរ ព្រោះទោះជារវល់យ៉ាងណា ក៏លោករ៉ាដា មិនអាចភ្លេចថ្ងៃពិសេសរបស់ម្ចាស់ស្នេហ៍ថ្លើមថ្លៃជាដាច់ខាត។

គួរបញ្ជាក់ថា អំឡុងពេលដែលមាស សុខសោភា ឈានចូលវ័យ៣៨ឆ្នាំនេះ នាងត្រូវអ្នកគាំទ្រជាច្រើនជូនពរឱ្យនាងមានសម្រស់កាន់តែស្អាត និងជោគជ័យអាជីពចម្រៀងថែមទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះបារម្ភជំនួសមាស សុខសោភា ដែរថា វ័យ៣៨ឆ្នាំទៅហើយ Idol នៅតែមិនទាន់មានកូន១គ្រាប់ទៀត ហេតុនេះហើយបានជាពួកគេភ័យជំនួសខ្លាចតែសោភា ពន្យារពេលយកកូនយូរឆ្នាំពេក តែដល់ពេលចង់បានកូនបែរជាគ្មានកូនទៅវិញ។
មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងផ្ទាល់ថា នាងក៏មានការបារម្ភពីរឿងនេះដែរ ព្រោះពេលនេះនាងមានវ័យច្រើនដែរហើយ។ នាងថា ពេលអាយុច្រើនពិបាកយកកូនណាស់។

ការថ្លែងបែបនេះរបស់មាស សុខសោភា បន្ទាប់ពីនាងឃើញឱក សុគន្ធកញ្ញា ដែលរៀបការហើយត្រឹមតែ៦ខែ ក៏បានកូនង៉ាបីប្រលែងលេងបាត់។ ចំណែកនាងវិញ មិនមែនចង់បានកូនភ្លាមបានភ្លែតដូចសុគន្ធកញ្ញា នោះឡើយ ព្រោះថា សោភា រួមរស់ជាមួយគូស្នេហ៍លោករ៉ាដា ជាង១០ឆ្នាំទៅហើយ ប៉ុន្តែពេលនេះនៅតែគ្មានកូនដដែល។

គួរបញ្ជាក់ថា មាស សុខសោភា នៅដើមឆ្នាំ២០២០នេះ នាងបានធ្វើឱ្យថៅកែផលិតកម្មថោន ស្រឡាំងកាំង ព្រោះតែអ្នកចម្រៀងល្បីល្បាញរូបនេះប្រកាសថា នឹងដើរចេញពីថោន ហើយស្វែងរកទ្រនំថ្មីជំនួសវិញ ព្រោះថោន លែងអើពើនាងទៀតហើយ។
មិនត្រឹមតែម្ចាស់ផលិតកម្មថោន ភ្ញាក់ផ្អើលនោះទេ ប៉ុន្តែការតាំងចិត្តរបស់សោភា បែបនេះ ធ្វើឱ្យបង ប្រុសរបស់នាង លោកមាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅរបស់ថោន ក៏ប្រឈមបាត់ បង់តំណែងធំនេះដែរ។

ដោយឡែក មហាជនយល់ថា ប្រសិនបើសោភា បាយបាយថោន មែននោះ ហង្សមាស នឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការទទួលបានតារាចម្រៀង ដែលជាមុខសញ្ញារបស់ខ្លួនជាច្រើនឆ្នាំមកហើយនេះជាមិនខាន៕