កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានបើកកម្មវិធី “សាមគ្គីប្រាក់លាន” ធំមួយ ដែលមានអ្នកចូលរួមរហូតដល់៣៦០នាក់។ នេះជាកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសបទពិសោធន៍ជោគជ័យ និងជំនាញថតរូបឲ្យទាក់ទាញធំមួយ ដែលអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកជោគជ័យក្នុងមុខអនឡាញ ជាអ្នកតំណាងឆ្នើមៗ។

លោកឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic និងជាអ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបានរៀបចំឡើង បន្ទាប់ពីលោកនិងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។

លោកភិរម្យ បន្តថា ហេតុផលដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យតំណាងចែកចាយរបស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុតគឺប្រមូលផ្ដុំពួកគាត់អោយមកទទួលការបណ្ដុះបណ្ដាលដល់ផ្នែកថតសែលហ្វី និង ថតផលិតផលដើម្បីឲ្យការបង្ហោះលក់កាន់តែមានភាពទាក់ទាញ។

លោកបន្តទៀតថា ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជនផងដែរ ហើយដោយសារតែមុខជំនួញដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គីរបស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី “សាមគ្គីប្រាក់លាន”។

លោកបន្ថែមថា យ៉ាងណាមិញក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំជាមួយអ្នកតំណាងរបស់ខ្លួនជាហូរហែមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយនៅទូទាំងប្រទេសប្រមាណជាង២០០០នាក់ អ៊ីចឹងហើយទើបក្រុមហ៊ុននឹងមានគម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះលើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី “សាមគ្គីប្រាក់លាន” ជោគជ័យ៕




