អតីតតារាសម្តែងនិងពិធីការិនី អ្នកនាងថន តារា ដែលជាបងស្រីបង្កើតរបស់កញ្ញាថន លក្ខិណា នោះ ស្រាប់តែថ្ងូរដូចព្រាបតែម្តងថា ពេលនេះនាងពិបាកចិត្តខ្លាំងណាស់ដោយសារតែចង់បានកូនតែគ្មាន។ នាងថាពេលខ្លះធ្វើឱ្យនាងគិតច្រើនលើរឿងនេះ ហើយរហូតមកដល់ឥឡូវនៅតែគ្មានដំណោះស្រាយដដែល ទើបទាល់តម្រិះតែម្តង។

ថន តារា វាចាទាំងស្រងូតស្រងាត់ថា “ឆ្នាំនេះខ្ញុំមានអាយុ៣៨ឆ្នាំហើយ អ៊ីចឹងភ័យដែរហ្នឹង ព្រោះខ្ញុំចង់បានកូនខ្លាំងណាស់ តែធ្វើម៉េចក៏គ្មានដែរ។ ខ្ញុំតុកស៊ិចពិបាកចិត្តដោយសាររឿងមួយនេះ ហើយក៏មិនដឹងថាធ្វើយ៉ាងណាដែរ ព្រោះបើការ៤ឆ្នាំហើយ នៅតែអត់មានអ៊ីចឹង?”។

ថន តារា ថា នាងបានទៅជួបគ្រូពេទ្យជំនាញរឿងនេះនៅថៃដែរ តែដោយសារនាងមានបញ្ហាសុខភាពខ្វះមេជីវិត ទើបមិនអាចយកកូនបាន។

យ៉ាងណា អ្នកនាងតារា ហាក់ស្ទាក់ស្ទើរក្នុងចិត្តនៅពេលដែលត្រូវមិត្តភក្តិនិយាយថា សម័យនេះទៅហើយភ័យអីរឿងគ្មានកូន ព្រោះពេទ្យអាចជួយចិញ្ចឹមមេជីវិតរបស់ប្តីប្រពន្ធអ្នកទាំង២បានតើ ឱ្យតែមានលុយធ្វើអីក៏បានដែរ។

ថន តារា នៅស្ងាត់ស្ងៀម ពេលឮគេជំរុញឱ្យនាងជ្រើសវិធីយកមេជីវិតរបស់នាងនិងប្តីចិញ្ចឹមទុកនៅពេទ្យ ហើយចាំចាក់ចូលពោះនាងវិញនោះ។ តែនាងថា ឱ្យតែបាន មិនថាកូនប្រុសឬស្រីទេ គឺនាងពេញចិត្តទទួលយកទាំងអស់តែម្តង។

ថន តារា បានរៀបការកាលពីខែមិថុនា ឆ្នាំ២០១៦ ជាមួយបុរសជនជាតិថៃ រស់នៅក្នុងត្រកូលអភិជន លោកណាវៈរ៉ាត់ យូបាំរ៉ុង អាយុ៥៦ឆ្នាំ ហើយនាងបានចុះមកលេងស្រុកជាញឹកញាប់ ដោយគ្រោងបង្កើតមុខរបរថ្មីមួយនៅក្នុងស្រុក នាពេលឆាប់ៗនេះទៀតផង។

តារា បានឱ្យដឹងថា ដោយសារនាងចេះភាសាថៃ អ៊ីចឹងការរស់នៅជាមួយប្តីនិយាយភាសាថៃ ជាប្រចាំថ្ងៃតែម្តង។ នាងថា ស្វាមីនាងមានកូនប្រុសម្នាក់ហើយជាមួយប្រពន្ធមុន អ៊ីចឹងនាងទេដែលត្រូវខ្វាយខ្វល់ចិត្តរឿងទេវតាមិនទាន់ប្រទានកូនឱ្យនេះ៕

