អាលីហ្សា បែកសាច់ទ្រលុកទ្រលន់ប្លែកតែម្តងពេលបង្ហាញខ្លួនចុងក្រោយនៅពេលថ្មីៗនេះ ហើយនាងឃ្លានតែម្ជួរទេ ទើបលេចឮថា តារាសម្តែងនិងចម្រៀងរូបនេះកំពុងតែពិបាកទ្រាំ ព្រោះនាងចាញ់កូនលើកដំបូងហើយ។

ប៉ុន្តែអ្នកខ្លះបែរជាថា អាលីហ្សា ការហើយប្តីហោះទៅអាមេរិក ចោលបាត់ ស្រាប់តែឥឡូវមកចាញ់កូនទៅវិញ។

អាលីហ្សា បានឱ្យដឹងថា នាងពិតជាចាញ់កូន២ខែមែន និងពិបាកទ្រាំដែរ។ នាងថា ស្វាមីរបស់នាងបានចុះមកលេងស្រុកហើយ ទើបតែវិលត្រឡប់ទៅអាមេរិកវិញកាលពីពេលថ្មីៗនេះទេ។

ដោយឡែក នៅពេលដែលត្រូវសួរទាក់ទងរឿងគម្រោងចេញទៅរស់នៅតាមស្វាមីនោះ ត្រូវបានអាលីហ្សា បង្ហើបឱ្យដឹងថា នាងអាចហោះទៅអាមេរិក នៅអំឡុងខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះហើយ។ ប៉ុន្តែអាលីហ្សា មិនបញ្ជាក់ថា តើពេលនេះនាងបានទិដ្ឋាការពីស្ថានទូតអាមេរិក ហើយឬនៅនោះទេ?

អាលីហ្សា បានរៀបការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរ មកអាមេរិក លោកសូ លីឃាំង ដែលមានវ័យក្មេងជាងនាង។ ក្រោយមានប្តី អាលីហ្សា មិនសូវបង្ហាញខ្លួនតាមឆាកតន្ត្រីនិងការថតភាពយន្តដូចមុនឡើយ ខណៈដែលស្វាមីរបស់នាងវិញ ពេលខ្លះនឹកនាងខ្លាំងពេកក៏ហោះមកជួបបណ្តូលចិត្ត១សប្តាហ៍ ទើបទៅអាមេរិក វិញក៏មាន។

ក្រោយមានស្វាមី អាលីហ្សា កាន់តែមានសាច់ឡើងទ្រលុកទ្រលន់ ហើយជំងឺបេះដូងរបស់នាងដែលត្រូវព្យាបាលជាបន្ទាន់នៅពេទ្យថៃ នោះ ក៏ចាប់ផ្តើមជាសះស្បើយឡើងវិញដែរ ព្រោះពេលនេះនាងមានស្វាមីជាអ្នកព្យាបាលជំងឺបេះដូងនេះដោយផ្ទាល់ដៃទាំងយប់ថ្ងៃតែម្តង។

មិនយូរទេ អាលីហ្សា នឹងហោះទៅរស់នៅតាមប្តីនៅអាមេរិក ដូចអតីតតារាមួយចំនួន មានដូចជា អ្នកនាងអម្ពរ ទេវី, វ៉េត រតនា, គឹម លក្ខិណា និងសារ៉ាយ សក្ខណា ជាដើម៕
