អ្នកមេម៉ាយកូន២ ម៉េង កែវពេជ្ជតា មានកម្តៅបេះដូងឡើងវិញហើយ បន្ទាប់ពីលែងប្តីលោកឧត្តមសេនីយ៍ឯក មួង ឃីម រយៈពេល៩ឆ្នាំមក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គូស្នេហ៍ថ្មីអ្នកនាងម៉េង កែវពេជ្ជតា មិនត្រឹមតែចេះថ្នាក់ថ្នមចិន្តានាងមិនឱ្យមានហ្មងទេ ប៉ុន្តែអាណិកជនខ្មែរនៅបារាំងរូបនោះ ថែមទាំងស្រលាញ់កូនប្រុសស្រីទាំង២របស់នាងដូចកូនបង្កើតទៀតផង ដូចពាក្យថា “ស្រលាញ់មេបំពេកូន”…។
តាមរយៈរូបថតបុរសម្នាក់ដែលបង្ហាញកាយវិការស្និទ្ធស្នាលអ្នកនាងម៉េង កែវពេជ្ជតា និងកូនប្រុសបានធ្វើឱ្យគេសង្ស័យថា អាណិកជនខ្មែរនៅបារាំងវ័យចំណាស់រូបនោះជាគូស្នេហ៍ថ្មីរបស់អ្នកនាងពេជ្ជតា ហើយព្រោះមុននេះកំពូលតារាចម្រៀងសំនៀងរៃកណ្តឹងរូបនេះ បានអះអាងថា អ្នកនាងមិនបានលាក់មុខគូស្នេហ៍ទេ គ្រាន់តែមិនបានហៅទស្សនាវដ្តី ទៅថតចុះផ្សាយប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បុរសដែលចូលមកប្រលោមស្នេហាអ្នកនាងចិន្តា នៅពេលនេះ មិនមែនជាអាណិកជនវ័យចំណាស់នៅបារាំង ឈ្មោះលោក “វ៉ាត” ដូចការចោទប្រកាន់ពីសំណាក់កូនស្រីបុរសនោះថា អ្នកនាងពេជ្ជតា បានទាក់ទងស្នេហាឪពុករបស់នាងទាំងដែលម្តាយនាងនៅជ្រងោនោះឡើយ។
បុរសដែលថ្នាក់ថ្នមប្រលោមស្នេហ៍អ្នកនាងពេជ្ជតា នៅពេលនេះ ត្រូវបានអ្នកនាងប្រាប់នៅថ្ងៃការក្មួយស្រីថា មិនពាក់ព័ន្ធជាមួយស្រីណាទេ ហើយឪពុកម្តាយរបស់លោកបានទទួលស្គាល់ពីទំនាក់ទំនងរវាងអ្នកនាងនិងលោកអស់ទៅហើយដែរ គឺរង់ចាំតែពេលវេលារៀបចំពិធីមួយនៅពេលខាងមុខប៉ុណ្ណោះ។
ចំពោះពិធីពិសេសដែលមានលក្ខណៈដូចការរៀបអាពាហ៍ពិពាហ៍នោះ អ្នកនាងពេជ្ជតា ថា នឹងធ្វើទាំងនៅប្រទេសបារាំង ផង និងនៅស្រុកខ្មែរផង ប៉ុន្តែអ្នកនាងមិនអាចកំណត់ថា រៀបចំនៅពេលណាឱ្យច្បាស់លាស់ឡើយ។

គួរបញ្ជាក់ថា ក្រោយអ្នកនាងម៉េង កែវពេជ្ជតា បានលែងលះស្វាមី លោកមួង ឃីម កាលពីឆ្នាំ២០១១ ហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះ បានទទួលកូនប្រុសស្រីទាំង២ គឺកូនប្រុសឈ្មោះម៉េង ពេជ្ររតនៈ និងកូនស្រីម៉េង ពេជ្ជតាសង្វាពេជ្រ ខណៈដែលលោកមួង ឃីម បានផ្ទះវីឡាស្កឹមស្កៃ។
អំឡុងពេលដែលរស់នៅជាស្ត្រីមេម៉ាយជាង៩ឆ្នាំ កំពូលតារាចម្រៀងរូបនេះធ្លាប់ប៉ះស្នេហ៍ដ៏រសើបថា មានទំនាក់ទំនងស្នេហាជាមួយអតីតតារាសម្តែងស៊ុក សុភា និងអាណិកជនខ្មែរ នៅបារាំង លោក “វ៉ាត” ប៉ុន្តែអ្នកនាងធ្លាប់ប្រកែក។

យ៉ាងណា នៅពេលដែលអតីតប្តីបានរៀបការប្រពន្ធក្មេងចោលជាច្រើនឆ្នាំនោះ ពេលនេះ អ្នកនាង ពេជ្ជតា បានសារភាពថា ពិតជាមានម្ចាស់បេះដូងថ្មីមែន ដែលជាបុរសខ្មែរនៅបារាំង មានមុខមាត់ម្នាក់អ្នកណាក៏ស្គាល់ដែរ។ អ្នកនាងថា គូស្នេហ៍ថ្មីរបស់នាងម្នាក់នេះហើយដែលជាអ្នកនៅពីក្រោយនៃការធានាកូនទាំង២របស់នាងឱ្យទៅបន្តការសិក្សានៅប្រទេសបារាំង បានដូចបំណង។
អ្នកនាងពេជ្ជតា បន្ថែមថា ចំណងស្នេហានាងជាមួយបុរសនៅបារាំងនោះ ច្បាស់លាស់ជាមួយគ្នា ហើយ ប៉ុន្តែរឿងដែលអ្នកនាងមិនទាន់ចង់រៀបការ ដោយសារតែពេលរៀបអាពាហ៍ពិពាហ៍រួច គូស្នេហ៍ចង់ឱ្យនាងទៅរស់នៅស្រុកបារាំង ហេតុនេះហើយអ្នកនាងពិតជាមិនដាច់ចិត្តនឹងអាជីពចម្រៀងដែលស្រលាញ់ពេញបេះដូង និងបានតស៊ូជាច្រើនឆ្នាំមកហើយនោះទេ។

អ្នកនាងពេជ្ជតា បន្ថែមទៀតថា ការរក្សាបានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ គឺជាទ្រព្យមហាសាលដែលមិនអាចកាត់ថ្លៃបានទេ ជាក់ស្តែងដូចជាពេលនេះ អ្នកនាងនៅតែមានទស្សនិកជនគាំទ្រ ធ្វើឱ្យនាងនៅតែមមាញឹកជាមួយអាជីពចម្រៀងដដែល។
ទោះជាអ្នកនាងម៉េង កែវពេជ្ជតា មិនទាន់កំណត់ថ្ងៃរៀបមង្គលការជាក់លាក់ក្តី ប៉ុន្តែការសាងស្នេហ៍ថ្មី លើទឹកដីបារាំងនេះ បានធ្វើឱ្យអ្នកនាងលុបទាំងស្រុងនូវរឿងដែលក្មេងស្រីម្នាក់ធ្លាប់ចោទប្រកាន់ថា អ្នកនាងដណ្តើមឪពុកពីម្តាយរបស់នាង។

អ្នកនាងពេជ្ជតា បញ្ជាក់ថា នាងបានប្តឹងទៅអាជ្ញាធរនៅបារាំង រឿងដែលគេចោទប្រកាន់គ្មានការពិត នោះហើយ។ នាងថា បើសិនជានាងមានរឿងមិនល្អមែន ម៉្លេះប្រាកដជាមិនអាចចេញចូលប្រទេសបារាំង បានដោយសេរីបែបនេះឡើយ។ អ្នកនាងថា ពេលនេះការរៀបការបែបហ៊ឺហាមិនមែនជាចំណូលចិត្តរបស់អ្នកនាងឡើយ ព្រោះនាងធ្លាប់រៀបការម្តងហើយដែលជប់លៀងនៅភោជនីយដ្ឋានផ្កាយ៥ទៀតផង ប៉ុន្តែទីបំផុតនៅតែបែកបាក់គ្នា។ អ្នកនាងចង់បានសុភមង្គលពិត មិនចង់បានក្លែងក្លាយទេ៕