តារាចម្រៀងទៀង មុំសុធាវី បានឱ្យដឹងថា នាងមិនមានគម្រោងចេញទៅរស់នៅតាមស្វាមីនៅទឹកដីប្រទេសបារាំង ជាអចិន្ត្រៃយ៍នោះទេ គឺអាចនឹងចុះឡើងៗ ប៉ុន្តែការរស់នៅកន្លែងពិតប្រាកដ គឺស្រុកខ្មែរ។
ការអះអាងរបស់ទៀង មុំសុធាវី បែបនេះ ក្រោយពីតារារួមអាជីពបានបង្ហើបប្រាប់នៅថ្ងៃមង្គលការរបស់នាងថា សុធាវី អាចនឹងបញ្ចប់អាជីពចម្រៀង ហើយទៅរស់នៅតាមស្វាមីឯប្រទេសបារាំង។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែកុម្ភៈ ទៀង មុំសុធាវី អះអាងថា “ខ្ញុំមិនចេញទៅរស់នៅតាមស្វាមីរបស់ខ្ញុំនៅបារាំងទេ គឺខ្ញុំនៅស្រុកខ្មែរដដែលហ្នឹង! ខ្ញុំអាចចុះឡើងៗពីខ្មែរទៅលេងបារាំង បាន ប៉ុន្តែមិនមែនទៅរស់នៅរហូតទេ ព្រោះស្វាមីរបស់ខ្ញុំនៅថ្ងៃអនាគត គាត់ក៏មករស់នៅស្រុកវិញដែរ។ ចំពោះអាជីពចម្រៀងវិញ ស្វាមីរបស់ខ្ញុំ គាត់មិនប្រកាន់ទេ គឺឱ្យខ្ញុំនៅបន្តអាជីពសិល្បៈជាធម្មតា ព្រោះគាត់ក៏ជាអ្នកស្រលាញ់សិល្បៈម្នាក់ដែរ”។

ទៀង មុំសុធាវី បានឱ្យដឹងដែរថា ពេលនេះនាងបានធ្វើបទចម្រៀងដោយខ្លួនឯង ព្រោះមានស្ទូឌីយោផ្ទាល់ខ្លួន និងមានអ្នកនិពន្ធចាំសរសេរបទថ្មីៗឱ្យដែលបទចម្រៀងរបស់នាងចេញនៅយូធូប ហើយកន្លងមកទទួលបានការគាំទ្រខ្លាំងតាមរយៈការ Cover បទជាភ្លេងការ។

សុធាវី បន្តថា នឹងបន្តធ្វើបទចម្រៀងនេះដោយខ្លួនឯងតទៅទៀត ព្រោះអាជីពសិល្បៈនាងបានតស៊ូជាង១០ឆ្នាំមកហើយ។ នាងថា នៅថ្ងៃរៀបការ ក្រៅពីនាងនិងស្វាមីនាងច្រៀងឆ្លងឆ្លើយគ្នាបទ “ភ័ព្វសំណាង” នោះ នាងក៏បាននិពន្ធបទចម្រៀងផ្ទាល់ខ្លួនបទ “ទេពបុត្រស្នេហ៍” ដែលអត្ថន័យទាំងមូលនិយាយរឿងកំណើតស្នេហានាងជាមួយស្វាមី ត្រូវបានចាក់អមជាមួយរូបភាពកម្រងអនុស្សារីយ៍ ស្នេហារបស់នាងផងដែរ។

ទៀង មុំសុធាវី បានរៀបការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយលោកជួន សុកាន់ណារិទ្ធ ដែលជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំង។ ចំណែកឪពុកក្មេករបស់សុធាវី វិញ គឺឯកឧត្តមសុន គន្ធរ ប្រតិភូអមនាយករដ្ឋមន្ត្រី ហើយម្តាយក្មេកនាង លោកជំទាវកុយ ម៉ារី។
សុធាវី បន្តទៀតថា ទាំងស្វាមីនិងឪពុកម្តាយក្មេករបស់នាង សុទ្ធតែមិនប្រឆាំងរឿងនាងប្រឡូកអាជីពសិល្បៈទេ ហេតុនេះហើយបានជាធ្វើឱ្យនាងកាន់តែមានភាពកក់ក្តៅថែមទៀត។

ដោយឡែក មង្គលការរបស់សុធាវី នេះដែរ គឺខុសពីមង្គលការតារាដទៃទៀត ព្រោះតែមានមន្ត្រីធំៗជាច្រើនបានអញ្ជើញចូលរួម ក្នុងនោះមានដូចជា លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា, ឯកឧត្តមប្រាក់ សុខុន, អូន ព័ន្ធមុនីរ័ត្ន, ណៅ ធួក, លោកឧកញ៉ាគិត ម៉េង, លី ហួរ, លាង ឃុន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។

ទៀង មុំសុធាវី បន្ថែមថា “ខ្ញុំរំភើបខ្លាំងណាស់ដែលបានឃើញមន្ត្រីរដ្ឋាភិបាល ឯកឧត្តម, លោកឧកញ៉ា ក៏ដូចជាតារាសិល្បៈ រួមអាជីពដែលអញ្ជើញមកចូលរួមមង្គលការ របស់ខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលដែរ ដែលមិននឹកស្មានថា ស្វាមីខ្ញុំគាត់រស់នៅប្រទេសបារាំង ឯណោះ តែគាត់ស្គាល់និងមានមិត្តភក្តិជាច្រើនក្នុងជួររដ្ឋាភិបាលបែបនេះ”។

ទៀង មុំសុធាវី បន្ថែមទៀតថា នាងបានស្គាល់ស្វាមីដោយចៃដន្យនៅពេលដែលនាងទៅច្រៀងសម្តែងនៅប្រទេបារាំង កាលពីខែមីនា ឆ្នាំ២០១៩ ហើយក្រោយមានទំនាក់ទំនងគ្នារយៈពេលខ្លី នាងនិងស្វាមី ក៏បានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែឧសភា ឆ្នាំ២០១៩។ នាងថា ស្វាមីរបស់នាងជាបុរសល្អចេះគោរពចាស់ទុំ ស្លូតបូត ហើយជាប្រធានក្រុមហ៊ុនមួយនៅបារាំង។

ចំពោះមង្គលការនៅសណ្ឋាគារសុខា នោះ សុធាវី ថា ធ្វើកម្មវិធីជប់លៀង៩៩តុ ហើយក្នុងនោះ នាងបានហៅតារារួមអាជីព២០តុផងដែរ។ ក្រោយរៀបការរួច នាងនិងស្វាមីមិនទាន់រៀបគម្រោងចេញទៅដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទេ ខណៈដែលរឿងយកកូនក៏នៅមិនទាន់គិតនៅឡើយ ហើយស្វាមីនាងនឹងវិលទៅបារាំង វិញ នៅចុងសប្តាហ៍នេះដែរ៕