Monday, September 22, 2025
Homeតារាខ្មែរសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា ទទួលបានជំនួយពីក្រុមសិល្បករ និងសប្បុរសជន មុនទិវានៃក្ដីស្រលាញ់

សមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា ទទួលបានជំនួយពីក្រុមសិល្បករ និងសប្បុរសជន មុនទិវានៃក្ដីស្រលាញ់

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមក្មេងកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីរង្វង់មូលកួរស្រូវ បានទទួលអំណោយយ៉ាងសន្ធឹកពីក្រុមតារាសិល្បៈមកពីគ្រួសារតារាកម្ពុជា និងសប្បុរសជន ដែលគៀរគរដោយក្រុមសិល្បៈមួយនេះ។

អំណោយទាំងនោះរួមមានភេសជ្ជៈតែបៃតងជិត៣០កេស ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីខសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំណី និងថវិកាសរុបជិត៣លានរៀល។

ក្នុងនោះសប្បុរសជនដែលចូលរួមដោយផ្ទាល់ ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសូឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុង១ខែ១៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។ នេះជាទឹកចិត្តដ៏ប្រពៃរវាងសិល្បករនិងសប្បុរសជនរួមគ្នាធ្វើអំពើល្អមុនទិវានៃក្ដីស្រលាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

អ្នកស្រី ប៉ូ ស្រូគង់ ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយអ្នកស្រីប្រាប់ថានេះជាអំណោយទ្រង់ទ្រាយធំមួយដែលសមាគមខ្លួនទទួលបានតាមរយៈគ្រួសារតារាកម្ពុជា។

អ្នកស្រីស្រូគង់ បន្តថា ក្មេងៗដែលសុទ្ធសឹងតែឪពុកម្ដាយស្លាប់ចោល និងបោះបង់ចោលសរុបជាង៤០នាក់ នៅមានកង្វះខាតច្រើនណាស់ ជាពិសេសលើតម្រូវការក្នុងការសិក្សា ស្បែកជើង មធ្យោបាយទៅសាលា ថ្លៃព្យាបាលនៅពេលសមាជិកណាមួយឈឺ ថវិកាផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និង កន្លែងស្នាក់នៅរបស់ក្មេងៗជាដើមៗ។

អ្នកស្រីបន្តទៀតថា ខ្លួនសុខចិត្តធ្វើនំលក់អោយរោងចក្រ ដើម្បីជីវភាពក្មេងៗដោយមិនសុខចិត្តបិទសមាគមហើយអោយក្មេងៗតែលតោលត្រឡប់ទៅស្រុកវិញឡើយ។ អ្នកស្រីសប្បាយចិត្តដែលគ្រួសារតារាកម្ពុជា យល់ព្រមទទួលសំណើររបស់ខ្លួន ហើយគៀងគរបានសប្បុរសជនផ្ដល់ជាជំនួយយ៉ាងច្រើនដែលអ្នកស្រីមិននឹកស្មាននោះ។

លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកនូវថវិកា១លានរៀល ភេសជ្ជៈថេនសៃ២៥កេស មី៦កេស ត្រីខមួយកេសធំ និងទឹកត្រីទឹកស៊ីអ៊ីវ ជាច្រើនយួរជាមួយគ្រួសារតារាកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់សមាគមនេះ។

លោកបន្តថា នេះជាលើកទី១ ដែលក្រុមហ៊ុនសហការជាមួយគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈទាំងនេះ រួមគ្នាទិញជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគបរិភោគជាច្រើនទៀត ធ្វើអោយជំនួយនៅក្នុងថ្ងៃនោះ មានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការជាមួយគ្រួសារតារាកម្ពុជា ឲ្យបានច្រើនដើម្បីការងារសង្គម។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និងមួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសូឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូនក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូបនិងតម្រូវការ ទើបធ្វើឲ្យជំនួយដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។

លោកក៏ថ្លែងអំណរគុណយ៉ាងពិសេសចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលានិងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវានៃក្ដីស្រលាញ់មកដល់នោះផង៕

RELATED ARTICLES