ឌុច សុភា បានប្រែប្រួលរូបសម្រស់ស្ទើរមិនគួរឱ្យជឿឡើយនៅរយៈពេល២ឆ្នាំចុងក្រោយនេះ នាងត្រូវបានគេកត់សម្គាល់ថា មានរូបរាងខុសគ្នាឆ្ងាយ បើប្រៀបធៀបអំឡុងពេលនាងមុនរៀបការ និងក្រោយពេលលែងប្តី។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត សុភា ព្រមថតសម្តែងធ្វើជាតួម្តាយ ដោយមិនទាមទារតំណែងតួឯក ហើយបើទោះជាប្រឹងហាត់ប្រាណយ៉ាងណា ក៏សុភា នៅតែមិនទានស្រកគីឡូមកស្វែលវិញឡើយ ទើបធ្វើឱ្យនាងនៅតែកាម៉ាប់ៗសឹងតែខូចរាងរៅពីមុនអស់តែម្តង។

តារាសិល្បៈដែលជិតស្និទ្ធអ្នកមេម៉ាយកូន១រូបនេះ បង្ហើបឱ្យដឹងថា ឌុច សុភា ចូលចិត្តផឹកស្រាបៀរច្រើន ដោយមានពេលខ្លះនាងស្រវឹងទាំងថ្ងៃទៀតផង ទើបធ្វើឱ្យនាងឡើងគីឡូលឿនបែបនេះ។

ប្រភពនោះបន្ថែមថា ការចូលចិត្តញ៉ាំស្រាបៀររបស់តារាកូន១រូបនេះ ដោយសារតែនាងតុកស៊ិក ពេលខ្លះត្រូវគូស្នេហ៍តាមដាននិងហួងហែងខ្លាំងពេក ទើបសុភា មានតែជ្រើសផ្លូវយកការញ៉ាំស្រាបៀរដើម្បីបំភ្លេចទុក្ខស្នេហ៍តែម្តង។

ឌុច សុភា មិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទមិនចូល ទើបមិនអាចសុំការបំភ្លឺបានឡើយ។
ប៉ុន្តែតាមប្រភពដែលជិតស្និទ្ធសុភា បានឱ្យដឹងថា តារាកូន១កំពុងព្យាយាមហាត់ប្រាណដើម្បីឱ្យស្រកគីឡូវិញហើយ។

ព័ត៌មានបានឱ្យដឹងថា តាំងពីសុភា លែងប្តីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនបាវិត លោកពៅ សីហា មក ពេលនេះនាងមានទាក់ទំនងស្នេហ៍ជាមួយមន្ត្រីផ្កាយ២ម្នាក់ហើយ ទោះជាចំណងស្នេហ៍ជួបភាពរកាំរកូសជាច្រើនលើកច្រើនសាមែន ប៉ុន្តែលោកធំនោះនៅតែមិនដាច់អាល័យស្នេហ៍ពី សុភា ឡើយ។

ក្រោយវិលរកទ្រនំចាស់វិញ បន្ទាប់ពីបាត់ខ្លួនជាង៥ឆ្នាំ ពេលនេះ ឌុច សុភា បានថតសម្តែងជាតួម្តាយឱ្យហង្សមាស ២រឿងជាប់គ្នា គឺរឿង “ផ្កាថ្ម” និងរឿង “ខ្ញុំមានញាណលើស”៕