ក្រោយពីបង្ហោះសារត្អូញត្អែររឿងសល់រូបសិចស៊ីច្រើន រហូតស្នើសុំសម្តេចហ៊ុន សែណ ជួយទិញ ដើម្បីបានលុយសងទៅម្ចាស់ដើមគេវិញនោះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌទួលគោក បានហៅស្រីស្អាតសិចស៊ី ថៃ ស្រីនាង ទៅអប់រំហើយធ្វើកិច្ចសន្យាទៀតផង។

នៅក្នុងវីដេអូឃ្លីបតយៈពេលជាង១នាទី ថៃ ស្រីនាង បាននិយាយថា “នាងខ្ញុំឈ្មោះវ៉ែន រចនា ហៅ ថៃ ស្រីនាង មានមុខរបរលក់ខោទ្រនាប់ និងរ៉ូបសិចស៊ីក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមធ្វើការសុំទោសជាសាធារណៈដែលកន្លងមកនាងងខ្ញុំបានPost រូប និងវីដេអូឃ្លីបដែលមានលក្ខណៈសិចស៊ីជ្រុលហួសប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាពិសេសធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ត្រីខ្មែរ”។
ថៃ ស្រីនាង បានបន្តថា “នាងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខថ្នាក់ដឹកនាំ មេត្តាអនុគ្រោះ និងលើកលែងទោសនូវរាល់កំហុសដែលនាងខ្ញុំធ្វើកន្លងមក ពីពេលនេះទៅ នាងខ្ញុំសូមសន្យាថា នឹងឈប់Post រូប និងវីដេអូឃ្លីបដែលមានលក្ខណៈសិចស៊ីទៀតហើយ ហើយក៏សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមកុំយកតម្រាប់តាមខ្ញុំ”។

គួបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថៃ ស្រីនាង បានបង្ហោះសារថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវ ស្តាប់ប្រសាស៍សម្តេចហើយ ចង់ខ្យល់ មើរទៅត្រូវដូរមុខរបរទៀតហើយខ្ញុំ។
សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម្លឹងៗបានលុយឯណាសងគេ លោកអើយលោក ឆ្កួតងាប់លូវហើយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។

ការបង្ហោះសារបែបនេះគឺក្រោយពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាឱ្យចាត់វិធានការលើស្ត្រីដែលបានថតរូបអាសអាភាស ហើយបែកធ្លាយរួមទាំងស្ត្រីដែលស្លៀកពាក់សិចស៊ីផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញតាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការដល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថតនិងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយ កម្ពុជា ក៏គ្មានច្បាប់ឱ្យធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់សិចស៊ីជ្រុល ហើយធ្វើការ Live លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕
