Tuesday, May 5, 2026
Homeសង្គម និងជីវិតម្ចាស់បទ “យក្សកើតអេដស៍” ផៃ ផុងរ៉ាក់ ទទួលមរណភាព

ម្ចាស់បទ “យក្សកើតអេដស៍” ផៃ ផុងរ៉ាក់ ទទួលមរណភាព

ភ្នំពេញ ៖ តារាចម្រៀងល្បី ជើងចាស់ លោក ផៃ ផុងរ៉ាក់ ម្ចាស់បទ “យក្សកើតអេដស៍” បានចាកលោកហើយ កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងវ័យ៦៧ឆ្នាំ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺធ្ងន់ និងចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល ជាង១សប្តាហ៍។

តាមប្រភពលោក អ៊ូ បវរ ដែលជាអ្នកជិតស្និទ្ធនឹងលោក ផៃ ផុងរ៉ាក់ និងជាអ្នកអំពាវនាវរកជំនួយសម្រាប់ព្យា បាលលោក ផៃ ផុងរ៉ាក់ បានបញ្ជាក់ឱ្យដឹងថា  មុនពេលទទួលមរណភាព តារាចម្រៀង ផៃ ផុងរ៉ាក់ បានធ្លាក់ ខ្លួនឈឺធ្ងន់ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប អស់រយៈពេលប្រមាណជាង ១សប្តាហ៍  ប៉ុន្តែស្ថានភាពសុខភាពរបស់លោក ហាក់មិនមានសញ្ញាធូរស្បើយ និងមិនអាចវិលមករកប្រក្រតីភាពវិញ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀងល្បីរូបនេះ បានចាកចោលមហាជន ជារហូតតែម្តង។ដំណឹងដ៏សោកសៅ នៃមរណភាពតារាចម្រៀង ផៃ ផុងរ៉ាក់ នេះ បានធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង។

លោក ដួង សុខគា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថា “ដំណឹងសោកសៅ លោកគ្រូ ផៃ ផុងរ៉ាក់ ម្ចាស់បទ យក្សកើតអេដស៍ បានលាយើងទាំងអស់គ្នា ជារៀងរហូតហើយ…”។

ចំណែកលោកស្រី នៅ សុនិតា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃដដែលនោះថា “ពុទ្ធោឪ! ឪស្លាប់ព្រឹកមិញ ម៉ោង៨ៈ៣០នាទីព្រឹក ដោយសាររលាកសួតធ្ងន់ធ្ងរ នៅខេត្តសៀមរាប។ សូមឪ បានទៅកាន់សុគតិភព! លឿនណាស់ឪ មិនរអ៊ូ មិនត្អូញ។ ឪលែងឈឺចាប់ហើយ  ម្ចាស់បទ យក្សកើតអេដស៍ និងសមទ្ធ ផលស្នាដៃជាច្រើន ក្នុងវិស័យសិល្បៈ….”។

ដោយឡែក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នោះដែរ សមាគមសិល្បករខ្មែរ បានចេញសាររំលែកទុក្ខ ចំពោះមរណភាពរបស់លោក ផៃ ផុងរ៉ាក់ ដែលមានខ្លឹមសារថា «សមាគមសិល្បករខ្មែរ សូមចូលរួមសោក ស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ នៅម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ ដែលជាបាត់បង់ធនធានសិល្បៈដ៏មានតម្លៃ មួយរូប សម្រាប់វិស័យតន្ត្រីខ្មែរ។

ជីវិតនិងស្នាដៃរបស់លោក មិនត្រឹមតែប្រកបដោយទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងបេះដូង ដើម្បីបម្រើសិល្បៈជាតិ។ សំឡេងនិងបទចម្រៀងរបស់លោក បានចាក់បញ្ចូ លអារម្មណ៍ជ្រាលជ្រៅទៅក្នុងបេះដូងអ្នកស្តាប់ ជាច្រើន ជំនាន់ ហើយនៅតែបន្តរស់នៅក្នុងអនុស្សាវរីយ៍ដ៏មាន ន័យ។

នៅពេលនេះ ទោះបីជារូបលោក បានឃ្លាតឆ្ងាយពីពួកយើងទៅក៏ដោយ ប៉ុន្តែស្នាដៃនិងគុណបំណាច់ដែលលោកបានបន្សល់ទុក នឹងនៅតែបំភ្លឺផ្លូវសម្រាប់ជំនាន់ក្រោយ និងជាអនុស្សាវរីយ៍ មិនអាចរលុបលាយបាន ក្នុងវិស័យសិល្បៈខ្មែរ។

សមាគមសិល្បករខ្មែរ សូមសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួ សារ សាច់ញាតិ និងមិត្តភក្តិរបស់លោក ក្នុងឱកាសដ៏ពិបាក និងពោរពេញដោយទុក្ខព្រួយនេះ។

សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក ផៃ ផុងរ៉ាក់ បានទៅកាន់សុគតិភព និងសម្រាកយ៉ាងសុខសាន្តជានិច្ច»។សមាគមសិល្បករខ្មែរ បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «បច្ចុប្បន្ន សពតារាចម្រៀងជើងចាស់ ផៃ ផុរ៉ាក់ កំពុងតម្កល់ធ្វើបុណ្យ តាមបវេណីសាសនា នៅគេហដ្ឋានផ្ទាល់ នាភូមិតាធុល ឃុំស្វាយដង្គុំ ខេត្តសៀមរាប ត្រៀមធ្វើពិធីឈាបនកិច្ច នៅថ្ងៃព្រហស្បត៍ ទី៧ ខែឧសភាឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងឱកាសដ៏សោកស្តាយនេះ សមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ពុកម៉ែបងប្អូន និងសាធារណជនទូទៅ មេត្តាចូលរួមជួយឧបត្ថម្ភថវិកា តាមសទ្ធាចិត្ត ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារនៃសពតារាចម្រៀងជើងចាស់ លោក ផៃ ផុរ៉ាក់ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតក្នុងការរៀបចំ។

ការចូលរួមរបស់អស់លោកអ្នក គឺជាកាយវិការមានតម្លៃខ្ពស់ បង្ហាញពីសេចក្ដីអាណិតអាសូរ ក្តីស្រឡាញ់ និងការគាំទ្រដល់គ្រួសាររបស់សព ក្នុងគ្រាលំបាកនេះ ព្រមទាំងជាការចងចាំនូវគុណបំណាច់និងស្នាដៃសិល្បៈ ដែលលោកបានបន្សល់ទុក ជូនសង្គមជាតិ…។

គួរបញ្ជាក់ថា លោក ផៃ ផុងរ៉ាក់ គឺជាតារាចម្រៀងជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងអំឡុងទស វត្សរ៍ឆ្នាំ១៩៨០ ហើយត្រូវបានទស្សនិកជន ស្គាល់យ៉ាងទូលំទូលាយ តាមរយៈបទចម្រៀងជាច្រើន ដែលបំពេ អារម្មណ៍មហាជន ពិសេសគឺបទ “យក្សកើតអេដស៍”។ លោកត្រូវបានចាត់ទុកជាសិល្បករមានឥទ្ធិពល មួយរូប ក្នុងវិស័យតន្ត្រីខ្មែរ និងធ្លាប់សហការជាមួយតារាចម្រៀងល្បីៗ ដូចជា លោក ណូយ វ៉ាន់ណេត និងលោក នូ ស៊ិប។ ការបាត់បង់តារាចម្រៀង ផៃ ផុងរ៉ាក់ គឺជាការបាត់បង់ធំមួយ សម្រាប់វិស័យសិល្បៈខ្មែរ ខណៈអ្នកគាំទ្រនិងមិត្តសិល្បៈ ជាច្រើន បានបង្ហាញនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក៕ ដារិទ្ធ

RELATED ARTICLES