Friday, November 21, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជួបឯកអគ្គរដ្ឋទូតសិង្ហបុរី

នាយករដ្ឋមន្ត្រីកម្ពុជា ជួបឯកអគ្គរដ្ឋទូតសិង្ហបុរី

ភ្នំពេញ​ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ៃឃើល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូត រយៈពេល ៤ឆ្នាំកន្លះ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ  លោក ម៉ៃឃើល តាន់ បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថាក្នុងរយៈពេល ៤ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា លោកពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស មានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

លោកម៉ៃឃើល តាន់ បានមានប្រសាសន៍បន្តថា ក្នុងដំណាក់កាលការទូតរបស់លោក នៅក្នុងប្រទេសកម្ពុជា លោកក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូល កំពុងជួបប្រទះ ក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ជម្រាបជូនសម្ដេចហ៊ុន សែន ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩ នេះ។ លោកពិតជាមានមោទនភាពដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះ ប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកម៉ៃឃើល តាន់ បានមានប្រសាសន៍បន្តទៀតថា លោកពិតជាមានជំនឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបាន ដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ននិងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ម៉ៃឃើល តាន់ និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជា រយៈពេលកន្លងមក។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ម៉ៃឃើល តាន់ ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់លោកកន្លងមកនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ, សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍  និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩ នេះ ឱ្យជាសះស្បើយ៕

RELATED ARTICLES