Thursday, April 23, 2026
Homeចរាចរណ៍ឡាន Jeep បុកម៉ូតូ រត់ចោលស្លាកលេខ

ឡាន Jeep បុកម៉ូតូ រត់ចោលស្លាកលេខ

ភ្នំពេញ ៖ រថយន្តទំនើប ម៉ាក Jeep ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកម៉ូតូ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី ២នាក់ ដែលធ្វើដំណើរតាមម៉ូតូ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកភាគីរថយន្ត បានបើកគេចបាត់ស្រមោល ដោយបន្សល់ទុកស្លាកលេខ ១បន្ទះ នៅទីតាំងកើត ហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ១០០៣ កែងផ្លូវ១៩៥៨ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រី ២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8646 លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន  ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក Jeep ពាក់ស្លាកលេខ ភ្នំពេញ 2CK-2355 បើកមកបុកពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី ២នាក់ ដែលត្រូវជាបងប្អូនថ្លៃ រងរបួសធ្ងន់-ស្រាល ហើយភ្លាមៗនោះ អ្នកបើកបររថយន្ត Jeep បានបើករត់គេចបាត់ ដោយបន្សល់ទុកស្លាកលេខ ១បន្ទះ ភ្នំពេញ 2CK-2355 នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងស្លាក លេខរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីស្រាវជ្រាវរកភាគីរថយន្ត មកដោះស្រាយតាមច្បាប់៕

RELATED ARTICLES