តារាចម្រៀងហង្សមាសនាងសុខ ស្រីនាង ត្រូវបានគេសង្ស័យថាបានភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកចម្រៀងមុខក្មេងសម្លេងចាស់លោកណុប បាយ៉ារិទ្ធ បន្ទាប់ពីអ្នកទាំង២បានធ្វើឲ្យគេចាប់អារម្មណ៍នៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(១៤កុម្ភៈ)ឆ្នាំ២០២១ ខណៈនោះស្រីនាង ឈលើដំបូលអគារខ្ពស់មួយហើយលោកបាយ៉ារិទ្ធ បានយកផ្កាកុលាប១បាច់ទៅជូននាង។អ្នកសិល្បៈរួមអាជីពព្រមទាំងអ្នកគាំទ្រតារាទាំង២ចង់ឃើញស្រីនាង-បាយ៉ារិទ្ធ ចាប់ដៃគ្នាចូលរោងការ ប៉ុន្ដែពេលនេះទាំង២នាក់បែជាស្ងាត់ស្ងៀមរៀងៗខ្លួនទៅវិញ។



អ្វីដែលចម្លែកនៅពេលដែលោកបាយ៉ារិទ្ធ តេស្ដឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៩ខែមីនា ហើយទៅព្យាបាលនៅសណ្ឋាគារThe Great Duke រយៈពេលជិត១ខែបានជាសះស្បើយនោះគេមិនដែលឃើញស្រីនាង បង្ហាញស្នេហ៍ស្និតជាមួយតារាចម្រៀងដែលច្រៀងឲ្យហង្សមាសជាង២០ឆ្នាំនោះទេបើទោះជាពេលនេះសុខភាពលោកបាយ៉ារិទ្ធ ល្អប្រសើរដូចដើមទៅហើយក្ដី។ភាពសោះកក្រោះរវាងស្រីនាង -បាយ៉ារិទ្ធ នៅពេលនេះធ្វើឲ្យគេដាក់ការសង្ស័យថាតើអ្នកមេម៉ាយរូបស្រស់រូបនេះនៅស្ទាក់ស្ទើក្នុងចិត្តរឿងភ្ជាប់ស្នេហ៍លោកបាយ៉ារិទ្ធ ឬយ៉ាងណា?




សុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីដើមខែមីនាឆ្នាំ២០១០ និងបានលែងលះគ្នាទៅវិញនៅចុងឆ្នាំដដែលដោយស្រីនាង គ្មានកូន១គ្រាប់ជាប់ខ្លួនឡើយ។ក្រោយធ្លាក់ខ្លួនមេម៉ាយជិត១១ឆ្នាំនេះស្រីនាង ធ្លាប់លេចឮថានាងមានមន្រ្ដីធំៗតាមស្នេហា ប៉ុន្ដែនាងមិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈម្ដងណាឡើយ។ទើបតែនៅឆ្នាំ២០២១នេះស្រីនាង បង្ហាញកាយវិការដូចជាចង់ប្រគល់បេះដូងរបស់នាងទៅឲ្យលោកបាយ៉ារិទ្ធ ព្យាបាលរបួស ប៉ុន្ដែស្អិតល្មូតបានតែត្រឹមរយៈពេលខ្លីក៍បាត់អស់ភាពផ្អែមល្ហែមវិញ ខណៈដែលលោកបាយ៉ារិទ្ធ ទើបងើបពីជាកូវីដនោះស្រាប់តែចេញបទ”វ៉ៃ៣ដងឲ្យ៥០០”ធ្វើឲ្យមានការរិះគន់ស្ពឹកមុខតែម្ដង។




គូរបញ្ជាក់ថាសុខ ស្រីនាង ដែលចេញពីសាន់ដេចូលហង្សមាសនោះធ្វើឲ្យថៅកែផលិតកម្មពេញចិត្តជាខ្លាំងតាមរយៈការផ្ដល់តំណែងតួឯក២រឿងឲ្យនាងគឺរឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស”។ស្រីនាង ចាប់ផ្ដើមមានភាពស្និតស្នាលជាមួយលោកបាយ៉ារិទ្ធ ក្រោយពីបានថតភាពយន្ដទាំង២ខាងលើជាមួយគ្នាហើយមហាជនរងចាំមើលថាតើគូស្នេហ៍តារា១គូនេះជាស្នេហ៍”ពិត”ឬ”ក្លែងក្លាយ?”៕



