នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយកាលពីថ្ងៃអង្គារបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីបទខកខានមិនបានបង្ហាញខ្លួនសម្រាប់សវនាការលើកដំបូងនៅក្នុងករណីដែលលោកស្រី និងមនុស្សប្រាំនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទពុករលួយផ្តល់មូលនិធិដល់កម្មវិធី Roadshow ឆ្នាំ ២០២០។នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារទី១៩ មេសា២០២២។

តុលាការបានកំណត់ថ្ងៃទី១៩ ខែមេសា សម្រាប់សវនាការដំបូង។ កាលពីថ្ងៃអង្គារ លោកស្រី យីងឡាក់ មិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការដោយមិនបានបង្ហាញហេតុផលល្អ ឬដាក់សំណើសុំពន្យារពេលសវនាការ។ តុលាការបានចេញដីកាចាប់ខ្លួននាងតាមមាត្រា ២៨ នៃច្បាប់ស្ដីពីនីតិវិធីនៃសំណុំរឿងព្រហ្មទណ្ឌប្រឆាំងអ្នកកាន់តំណែងនយោបាយ ឆ្នាំ២០១៧។

តុលាការបានកំណត់យកថ្ងៃទី១២ ខែកញ្ញា ចាប់ពីម៉ោង ៩ និង ៣០នាទីព្រឹក សម្រាប់សវនាការបន្ទាប់។
លោកស្រីយីងឡាក់គឺជាជនជាប់ចោទទីមួយក្នុងសំណុំរឿងនេះដែលប្តឹងដោយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
នៅក្នុងពាក្យបណ្ដឹង លោកស្រី យីងឡាក់ និងសហចុងចោទម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទបង្កការខូចខាតដល់ប្រទេសចំនួន 239.7 លានបាត តាមរយៈការជួយអោយក្រុមហ៊ុន Matichon និង Siam Sport ឈ្នះកិច្ចសន្យាដើម្បីអនុវត្តគម្រោងដោយវិធីសាស្ត្រជ្រើសរើសពិសេស ជាជាងការអំពាវនាវឱ្យមានការដេញថ្លៃត្រឹមត្រូវ។
លោកស្រីយីងឡាក់បានភៀសខ្លួនចេញពីប្រទេសថៃកាលពីខែសីហាឆ្នាំ២០១៧ដើម្បីគេចពីការដាក់ទណ្ឌកម្មជុំវិញគម្រោងសន្យាទិញស្រូវដែលបរាជ័យរបស់រដ្ឋបាលលោកស្រី។ លោកស្រីត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ជាមួយនឹងដីការចាប់ខ្លួនជាបន្តបន្ទាប់៕