ខេត្តត្បូងឃ្មុំ ៖ ក្រមុំខ្មែរ-អ៊ិស្លាម រូបស្រស់ម្នាក់ បានសុំម្តាយទៅដើរលេងជាមួយមិត្តភក្តិ រួចក៏ជិះម៉ូតូចេញពីផ្ទះបាត់ ស្រាប់តែមិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការភ័យព្រួយ ចែកផ្លូវគ្នាតាមរកអស់រយៈពេល ២ថ្ងៃមកហើយ នៅតែមិនឃើញ ទើបរាយ ការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ក្រមុំរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងនោះ មានឈ្មោះសុ ប្រី អាយុ ១៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅក្នុងភូមិគរ ឃុំគរ ស្រុកត្បូងឃ្ម។ ក្មេងស្រីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតមកដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅមិនទាន់មានដំណឹងនៅឡើយ។

តាមប្រភពពីអាណាព្យាបាលក្មេងស្រីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កូនស្រីរបស់គាត់ឈ្មោះសុ ប្រី ដែលទើបនឹងមានវ័យ ១៧ឆ្នាំ បានសុំម្តាយចេញទៅដើរលេងជាមួយមិត្តភក្តិ។ លុះម្តាយអនុញ្ញាត នាងក៏បានជិះម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ចេញពីផ្ទះបាត់ទៅ ហើយចាប់តាំងពីនោះ មកក៏បាត់ដំណឹងសូន្យឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញឡើយ។
បន្ទាប់ពីកូនស្រីបាត់ខ្លួនបែបនេះ ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានព្យាយាមចែកផ្លូវគ្នាតាមរកដែរ តែរហូតមកដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅមិនទាន់មានដំណឹងពីកូនស្រីនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង និងបានសម្រេចរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

ជាមួយនេះ អាណាព្យាបាលក្មេងស្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០៧១ ៤៤ ២២ ៦៦៦ និងលេខទូរស័ព្ទរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ០៩៧ ៩១៥ ៧៨០៩ ៕