ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ពីនារីម្នាក់ បានសម្រេច រួចក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែគាប់ជួនជ្រុលទៅបុករថយន្ត ១គ្រឿង បណ្តាលឱ្យដួលបាក់ជើង ត្រូវសមត្ថកិច្ចតាមទាន់ ចាប់ក្របួចជាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពាក់ស្លាកលេខ ភ្នំពេញ 1FX-2644 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone ពីនារីរងគ្រោះម្នាក់ នៅ

សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទាប់ពីឆក់បាន ក៏ជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ជិះដេញតាមពីក្រោយ មកដល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ធ្វើឱ្យជនសង្ស័យភ័យ បើកម៉ូតូបុករថយន្ត ១គ្រឿង ពេញទំហឹង ហើយបានខ្ទាតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បន្តទៅបុកបង្គោលភ្លើងទៀត បណ្តាលឱ្យដួលបាក់ជើង។ ពេលនោះជនសង្ស័យបានព្យាយាមងើបឡើងរត់គេចខ្លួនបន្ត ប៉ុន្តែត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនបាន។ ចំណែកទូរស័ព្ទ ត្រូវបានប្រគល់ឱ្យម្ចាស់វិញ។
បន្ទាប់ពីកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍ ទីកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី៕