Monday, June 23, 2025
Homeសន្ដិសុខសង្គមស្រីស្អាត ព្រមានប្តឹងនាយកសាលា តាមស្រឡាញ់ ប៉ងចាប់រំលោភ

ស្រីស្អាត ព្រមានប្តឹងនាយកសាលា តាមស្រឡាញ់ ប៉ងចាប់រំលោភ

ភ្នំពេញ ៖ បុរសជានាយកសាលាឯកជនមួយរូប ត្រូវបានស្ត្រីរូបស្រស់ម្នាក់ ព្រមានឱ្យបញ្ឈប់នូវសកម្មភាពមិនគប្បីមួយចំនួនមកលើខ្លួន ដែលរួមមានការរំលោភលើលំនៅឋាន រំលោភសិទ្ធិបុគ្គល មានបំណងចាប់រំលោភ និងមានបំណងលួចសម្ភារ:មានតម្លៃ ពិសេសការបង្ហោះសារ តាមបណ្តាញសង្គមហ្វេសប៊ុក មួយចំនួន ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ក្នុងអត្ថន័យតាមស្រលាញ់ និងធ្វើឱ្យមានការភាន់ច្រឡំថា ពួកខ្លួនមានទំនាក់ទំនងស្នេហានឹងគ្នា។

បុរសដែលទទួលរងការចោទប្រកាន់ខាងលើ មានឈ្មោះតាំង សេងប៉ កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨៣ មុខរបរជាអ្នកមើលការខុសត្រូវនៅបុរីហ្គ្រេនផាក តាមបណ្តោយផ្លូវជាតិលេខ៣ និងជានាយកសាលាឈ្មោះ Kinderland Cambodia បច្ចុប្បន្នមាន អាសយដ្ឋាន ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះភិរម្យ អរណា មានលំនៅបច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ១០៤ ផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

ស្ត្រីឈ្មោះភិរម្យ អរណា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ថា គាត់មានវីដេអូបង្ហាញពីសកម្មភាពចម្លងចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទីរសៀល និងភ័ស្តុតាងខ្លះថតចេញពីគណនីហ្វេសប៊ុក ឈ្មោះ (Sengpor Tang) ។

ស្ត្រីឈ្មោះភិរម្យ អរណា  បានរៀបរាប់ថា «កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទីរសៀល បុគ្គលឈ្មោះតាំង សេងប៉ និងមានគណនីហ្វេសប៊ុក ឈ្មោះ Tang Sengpor បានប្រើហិង្សាចូលមកក្នុងលំនៅឋានរបស់នាងខ្ញុំ ដោយគ្មានការអនុញ្ញាត។ បន្ថែមពីលើនេះ កន្លងទៅជាច្រើនលើកច្រើនសា    ជាពិសេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ បុគ្គលខាងលើបានយករូបរបស់នាងខ្ញុំទៅបង្ហោះក្នុងបណ្តាញសង្គម និងថែមទាំងសរសេរឈ្មោះនាងខ្ញុំ (Captions) ថា “22 April 2022 Good day good month of us I Love you Orona Phirom (Orm)” និងសរសេរទៀតថា “គាត់ គឺអម ខ្ញុំស្រឡាញគាត់” ។

ស្ត្រីឈ្មោះភិរម្យ អរណា បានលើកឡើងថា «ក្នុងនាមខ្ញុំស្ត្រីខ្មែរមួយរូប នាងខ្ញុំពិតជាមិនអាចទទួលយកបានឡើយ ចំពោះសកម្មភាព ក៏ដូចជាទង្វើរបស់បុគ្គលឈ្មោះតាំង សេងប៉ រំលោភលើលំនៅឋាន មានបំណងចាប់រំលោភ មានបំណងលួចសម្ភារ:មានតម្លៃ និងរំលោភសិទ្ធិបុគ្គល និងការប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ៘ បានធ្វើឱ្យសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មានការភ័ន្តច្រឡំ និងនាំឱ្យមានការរើសអើងតាមគ្រប់រូបភាពមកលើរូបនាងខ្ញុំ ដោយហេតុថា ខណៈនាងខ្ញុំជាមនុស្សមានកិត្តិយស កេរ្តិ៍ឈ្មោះ និងប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរគ្រប់គ្រាន់ និងមិនបានប្រព្រឹត្តអំពើអសីលធម៌ណាមួយ ប្រាសចាកពីច្បាប់ ទំនៀមទម្លាប់ ដូចការលើកឡើងរបស់បុគ្គលខាងលើនោះឡើយ»។

ស្ត្រីរូបនេះបានបន្តថា  «តាមរយៈសកម្មភាពរបស់ឈ្មោះតាំង សេងប៉ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវចេតនាទុច្ចរិត ក្នុងគោលបំណងគិតទុកមុនដូចតទៅ គឺរំលោភលើលំនៅឋានរបស់នាងខ្ញុំ មានបំណងចាប់រំលោភ មានបំណងលួចសម្ភារ:មានតម្លៃ រំលោភសិទ្ធិបុគ្គល មកលើរូបនាងខ្ញុំ និងបរិហារកេរ្តិ៍ជាសាធារណៈមកលើនាងខ្ញុំ ដែលសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងអាប់ឱនកិត្តិយសដល់នាងខ្ញុំ និងក្រុមគ្រួសារយ៉ាងខ្លាំង។ ម៉្យាងទៀត ជាទង្វើមួយនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមជាតិ សាធារណៈ ដែលសង្គមជាតិមិនអាចទទួលយកបាន។ ពិសេស ទង្វើរបស់បុគ្គលខាងលើ គឺជាគំរូដ៏អាក្រក់មួយដែលអាចធ្វើឱ្យបុគ្គលដទៃទៀតយកតម្រាប់តាម ដែលសង្គមជាតិមិនអាចអត់ឱន និងលើកលែងឱ្យបានឡើយ»។

ស្ត្រីដដែល បានសរសេរបន្ថែម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ថា «ប្រុសស្រវ៉ាតោងស្រី បើមិនកើតលើខ្លួនឯង ខ្ញុំមិនជឿទេ។

សំឡេងកាល២០២០ ចេញជេរលើកទី១ រអាក់រអួលបន្តិចហើយបងប្អូន ពេលនោះខ្ញុំហួសចិត្ត ហេតុអី ម្សៀរថោកតឿ តាំង សេងប៉ នេះវាហ៊ានមកតាមនាងខ្ញុំ ដោយវាមានសម្ថភាពពិសេស រឿងជេរស្រី ចេតី ប្រពន្ធវា និងពូកែស៊ែលហ្វី ជាមួយគេឯង ហើយច្រានចោលការទូន្មានឪម៉ែ ។ អតចរិកឆ្កែ នៅល្អជាងនេះ។ នាងខ្ញុំរវល់ណាស់ មិនមែនសុខសុខទៅនឹករករឿងនរណាទេ តែវាឈ្លើយជ្រុល គិត ការមិនអើពើ ថាខ្ញុំខ្លាច មិនហ៊ានផុសវាទេ ហើយការដែរផុសនេះ ជាការកាពារសិទ្ធ និងការប៉ះពាល់កិត្តយសនាងខ្ញុំនិងគ្រួសារ មិនមែនជារឿងគួនៅស្ងៀមតទៀតទេ ហើយជាការពិតគ្រប់យ៉ាង មានភ័ស្តុតាង សាក្សីយោងទាំងអស់។

បងបងប្រុសប្រុស ផ្ញើសារជួយដាក់អាតឿ នេះបន្តិច កុំឲ្យខូចឈ្មោះប្រុសល្អៗគេដទៃ ។

គិតថានាងខ្ញុំខ្លាចញញើតនូវកម្ពស់និងទឹកលុយរាយរាយ ផស់វាមើលទៅ ។ ម៉ាអាអាចម៍!»។

ស្ត្រីដដែល សរសេរបន្ថែម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ថា «នាមជាស្ត្រីខ្មែរ និងម្តាយ មួយរូប នាងខ្ញុំសូមលើករឿងបំពានដែលបុគ្គលកន្តឿ តាំង សេងប៉ (មិនមានងារឧកញ៉ានោះទេ) លើកឡើងជាសារធារណៈ ដើម្បីកុំឲ្យភាពប្រមាថ បំផ្លើស បំប៉ោង និងបង្ខូចកេរ្តិ៍ឈ្មោះនារី ណាមួយជារឿងតូចតាចឲ្យសោះ ។

កាលដែលដឹងថា វាបានជេរដៀលស្រីៗដាច់សាច់កង់ៗ នាងខ្ញុំបានហួសចិត្ត កាលដែលឆ្នាំនោះ វាបានយករឿងរ៉ាវប្រពន្ធវា មកប្រាប់ ដោយដៀលគេស្រីនិងជាម្តាយកូន២ របស់វា កប់ៗមាត់ ពិសេសវាគិតថា នាងមិនហ៊ានជាមួយវា ព្រោះគ្នា នារីសាមញ្ញ គ្នាខ្លាចវា ។ ខ្ញុំក៏បានប្លុកវាជានាយកសាលានេះភ្លាមភ្លែតតែម្តង។

រូបរាងខុសខ្នាត ជំនាញដៀលស្រី សម្តីឈ្លើយ មិនខ្លាចឪម៉ែ មិនថែមុខមាត់ ពូកែស៊ែលហ្វី ជំនាញលាបពណ៌ មិនខ្លាចច្បាប់រដ្ឋ ។ល។

ត្រូវចងចាំថា កូនចៅជ្រកក្រោមម្លប់សន្តិភាព សម័យសម្តេចតេជោ ពុក ត្រូវតែបានសិទ្ធិសុខសន្តិភាពស្មើៗគ្នាជានិច្ច!

សូមលុបបំបាត់ជាបន្ទាន់នូវអំពីតិរច្ឆានក្នុងសង្គម ពិសេសកុំមកតិរច្ឆានជាមួយខ្ញុំ!

ផ្លូវច្បាប់ ផ្លូវសង្គម ផ្លូវក្រៅ ផ្លូវក្នុង ធ្វើដំណាលគ្នា»។

ស្ត្រីឈ្មោះភិរម្យ អរណា បានបញ្ជាក់ថា ខ្លួននឹងរៀបចំពឹងពាក់មេធាវី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ក្នុងនោះសំណូមពរដល់សមត្ថកិច្ច តុលាការ ចាត់ការដូចខាងក្រោម ៖

ទី១- សូមសមត្ថកិច្ចមានចំណាត់ការដំណោះស្រាយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសលើបុគ្គលឈ្មោះ តាំង សេងប៉ តាមនីតិវិធីច្បាប់។

ទី២- បុគ្គលឈ្មោះតាំង សេងប៉ ត្រូវធ្វើលិខិតសារភាពកំហុស និងសុំអភ័យទោសដល់នាងខ្ញុំជាជនរងគ្រោះជាសាធារណៈ។

ទី៣- ត្រូវមានអាណាព្យាបាលធានាអះអាង និងទទួលខុសត្រូវរាល់គ្រប់សកម្មភាពផ្សេងៗដែលបង្កឡើងដោយបុគ្គល តាំង សេងប៉ និងបក្ខពួក នៅថ្ងៃខាងមុខ ដោយប្រការណាមួយ។

ទី៤- ទាមទារសំណងការខូចខាតដែលបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់នាងខ្ញុំ និងក្រុមគ្រួសារ និងចំណាយសេវាច្បាប់ និងចំណាយផ្សេងៗ ចំនួន ៨ម៉ឺនដុល្លារ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកតាំង សេងប៉ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES