ខេត្តបាត់ដំបង ៖ យុវជនចំនួន ២ក្រុម បានលេងបុកប៊ីយែរ ភ្នាល់ដាក់លុយជាមួយគ្នា លុះចុងក្រោយភាគីអ្នកចាញ់ មិនសុខចិត្ត បែរជាលើកគ្នា ៧នាក់ ប្រដាប់ដោយកាំបិតនិងពូថៅ បានធ្វើសកម្មភាពដេញភាគីម្ខាងទៀតទាំងកំរោល តែភាគីជនរងគ្រោះដឹងខ្លួនទាន់ ក៏រត់គេចចោលម៉ូតូ ស្រាប់តែក្រុមក្មេងទំនើងបាននាំគ្នាបញ្ចេញកំហឹងដាក់ម៉ូតូ ដោយព្រួតកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ចំនួន២គ្រឿង ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានចំនួន ៧នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង០៧នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ លុះរំលងបានជាង១ម៉ោង ពោលគឺនៅវេលាម៉ោង ៤និង១៣នាទីទៀបភ្លឺ ថ្ងៃដដែល សមត្ថកិច្ចក៏ចេញអន្តរាគមន៍ ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៧នាក់ នៅចំណុចភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៤និង១៣នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង

ដោយបានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង

ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិត ពូថៅ កាប់និងគប់ម៉ូតូ) ចំនួន១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ៧នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

ប្រភពដដែល បន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៧នាក់ ខាងលើនេះ គឺកាលពីវេលាម៉ោង ៣និង០៧នាទី ទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្រើប្រាស់កាំបិត និងពូថៅ កាប់ទៅលើជនរងគ្រោះ និងម៉ូតូ

របស់ជនរងគ្រោះឈ្មោះយ៉ាន ហ្វាដេល ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួចក៏បានរត់គេចខ្លួន។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កាំបិត ចំនួន២ដើម និងពូថៅ ចំនួន១ដើមផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ខាងលើនេះ គឺកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រុមជនដៃដល់ និងភាគីជនរងគ្រោះ ជាមនុស្សស្គាល់គ្នា ហើយនៅពេលនោះ ពួកគេបានទៅលេងបុកប៊ីយែរជាមួយគ្នា ហើយភាគីជនសង្ស័យលេងចាញ់ភាគីជនរងគ្រោះ។ នៅពេលភាគីជនរងគ្រោះទារលុយ ភាគីជនសង្ស័យចាញ់មិនព្រមសង តែបែរជាខឹងភាគីជនរងគ្រោះដែលទារប្រាក់ចាញ់ទៀត ហើយថែមទាំងខឹងភាគីឈ្នះហៅ «អា»ទៀត ទើបនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ភាគីជនសង្ស័យតាមសងសឹក ដោយប្រើប្រាស់កាំបិត ពូថៅ តាមកាប់ម៉ូតូភាគីជនរងគ្រោះបំផ្លាញអស់គ្មានសល់។

លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថា បើតាមការស្រាវជ្រាវ ភាគីទាំង០២ គ្មានប្រវត្តិនៅក្នុងបញ្ជីក្មេងអន្ធពាលទេ តែពួកគេត្រូវចាប់ខ្លួនដោយសារអំពើហិង្សា ដែលភាគីល្មើសបានប្រើកាំបិត ពូថៅ កាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ ដោយសារចង់សងសឹកគំនុំ។
ក្រុមជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕