ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែទៅហើយ ទើបប្តីប្រាប់ថា ចេញទៅធ្វើការរកលុយមកទុកឱ្យប្រពន្ធសម្រាល លុះចេញទៅ ក៏បាត់ដំណឹងសូន្យឈឹង លុយក៏មិនឃើញផ្ញើឱ្យ ប្តីក៏លែងមកអើតឈ្ងោក ទុកឱ្យប្រពន្ធរស់នៅតែម្នាក់ឯងគ្មានទីពឹង ណាមួយជិតដល់ថ្ងៃសម្រាលផង គ្មានលុយ១កាក់១សេនជាប់ខ្លួន ក៏ដាច់ចិត្តដើរសុំលុយអ្នកជិតខាង គ្រាន់បានធ្វើសោហ៊ុយ ចេញទៅតាមរកប្តី។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះម៉ារី រស្មី អាយុ៣០ឆ្នាំ ជាកូនកំព្រា។ ចំណែកបុរសជាប្តីដែលចុះចោលបាត់នោះ មានឈ្មោះអឿន អាយុប្រមាណ ៤០ឆ្នាំ មុខរបរសន្តិសុខ និងមានស្រុកកំណើតនៅខេត្តបាត់ដំបង។

នាងម៉ារី រស្មី បានរៀបរាប់ប្រាប់នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ថា នាងនិងប្តី បានមានទំនាក់ទំនងគ្នា តាំងពីនាងរស់នៅជាមួយអ៊ំ ឯរាជធានីភ្នំពេញ ឯណោះ ដោយកាលនោះប្តីរបស់នាងធ្វើជាសន្តិសុខ នៅភ្នំពេញ ហើយពួកនាងក៏បានជួបស្គាល់រាប់អានគ្នារហូតបង្កើត បានជាទំនាក់ទំនងស្នេហាប្រុសស្រីលេងផ្លូវកាត់ រហូតដល់បានគ្នាជាប្តីប្រពន្ធ ដោយគ្មានខាន់ស្លាអ្វីឡើយ និងបង្កើតបានកូនចំនួន ៣នាក់ ជាចំណងនិស្ស័យ រាប់ទាំងកូនក្នុងផ្ទៃ ជិតគ្រប់ខែនេះទៀតផង។

នាងម៉ារី រស្មី បានបន្តរៀបរាប់ថា អំឡុងពេលរួមរស់ជាប្តីប្រពន្ធនឹងគ្នានោះ ប្តីរបស់នាង ឧស្សាហ៍ធ្វើបាបផ្លូវចិត្តនិងផ្លូវកាយនាងខ្លាំងណាស់ ជាហេតុធ្វើឱ្យក្រុមគ្រួសារអ៊ំរបស់នាង មិនពេញចិត្តនឹងប្តីនាងឡើយ ទើបដេញលែងឱ្យស្នាក់នៅជាមួយ ហើយប្តីនាងក៏បានត្រឡប់ទៅស្រុក កំណើត ឯខេត្តបាត់ដំបងវិញ។ ចំណែកនាង បំណាច់តែទទួលយកគ្នាជាប្តីប្រពន្ធទៅហើយ ទើបមិនដាច់ចិត្តពីប្តី ព្រមតាមប្តីមកនៅក្រុងបាត់ដំបង ជាមួយគ្នា រស់នៅទាំងលំបាកវេទនាខ្វះមុខខ្វះក្រោយ។

នាងម៉ារី រស្មី បានឱ្យដឹងថា ក្រោយមក ប្តីរបស់នាង បានសុំនាងចេញទៅធ្វើការជាសន្តិសុខ នៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរកលុយមកទុកឱ្យនាងសម្រាលកូនទី៣ ដឹងអី តាំងពីប្តីចេញទៅ លុយកាក់ក៏មិនដែលផ្ញើមកឱ្យ រីឯប្តីក៏មិនដែលមកអើតឈ្ងោក មិនដឹងថា សុខទុក្ខយ៉ាងណា ណាមួយនាងជិតដល់ថ្ងៃសម្រាល គ្មានលុយ ១រៀលជាប់ខ្លួនផង ក៏សម្រេចចិត្តធ្វើដំណើរមកប៉ោយប៉ែត ដោយសុំរថយន្តឈ្នួលគេជិះ មកដល់ប៉ោយប៉ែត តាមរកប្តី ក្រែងបានជួប។

នាងបញ្ជាក់ថា មកដល់ពេលនេះ នាងបានព្យាយាមស្វែងរកប្តីគ្រប់ច្រកល្ហក តែមិនបានទទួលដំណឹងសោះឡើយ ចំណែកប្រាក់ ក៏មិនមាន ទើបសម្រេចចិត្តដើរសុំប្រាក់អ្នកស្រុក ទាំងខ្លួនជិតគ្រប់ខែ គ្រាន់បានប្រាក់ទិញបាយហូប រីឯការស្នាក់នៅ គឺសុំព្រះសង្ឃ យកវត្តធ្វើជាជម្រក បណ្តោះអាសន្ន ទម្រាំរកប្តីឃើញ ខណៈពេលនេះសុខភាពរបស់នាង ហាក់មានការទ្រុឌទ្រោមយ៉ាងខ្លាំង៕