ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានចេញទៅដើររកត្រីតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទឹកអូរ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលគ្មានអ្នកណាម្នាក់បានប្រទះឃើញនិងជួយសង្គ្រោះទាន់ពេលឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងអូរតាប្រាំ ស្ថិតក្នុងក្រុមទី៣ ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះជុំ ជួន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោក បន្ទាប់មកក៏បានចេញទៅដើររកត្រីតែម្នាក់ឯង ទោះបីក្រុមគ្រួសារឃាត់យ៉ាងណាក៏មិនស្តាប់។ លុះក្រោយមក ក៏បាត់ខ្លួនពេញ ១យប់ ស្រាប់តែព្រឹកស្អែកឡើង ក៏មានអ្នកភូមិបានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ នៅចំណុចកើតហេតុខាងលើតែម្តង ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះផឹកស្រាស្រវឹង រួចចេញទៅរកត្រី បណ្តាលឱ្យរអិលជើងដួលទៅក្នុងអូរ លង់ស្លាប់តែម្តង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕