ភ្នំពេញ ៈ ស្ត្រីពីរនាក់ កំពុងតែដើរតាមផ្លូវ នៅពេលយប់ ត្រូវចោរមួយក្រុម ប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន រួចជិះគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចមុខវត្តឈូកវ៉ា ស្ថិតក្នុងភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ស្ត្រីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះស្រីរ័ត្ន អាយុ២៥ឆ្នាំ និងទី២-ឈ្មោះអ៊ុំ ហៀង អាយុ៤៥ឆ្នាំ មុខរបរកាត់ដេរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកទ្រព្យរបស់ដែលចោរប្លន់យកទៅនោះ រួមមាន កាបូបលុយ មានលុយក្នុងនោះចំនួន ៣ម៉ឺនរៀល ទូរស័ព្ទ ចំនួន២គ្រឿង ខ្សែកប្លាទីន ទម្ងន់២ជី ចំនួន១ខ្សែ សោផ្ទះ សោម៉ូតូ និងសោកង់បី មួយគ្រឿងទៀត។
តាមសម្តីស្ត្រីរងគ្រាះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ត្រូវបានប្អូនស្រី ហៅមកដេកជាមួយ ដោយសារប្តីរបស់គេមិននៅផ្ទះ លុះដល់យប់រំលងអធ្រាត្រ បានក៏នាំគ្នាមកមើលផ្ទះរបស់គាត់ ព្រោះចាក់សោចោល ខ្លាចក្រែងមានចោរចូលលួចទ្រព្យសម្បត្តិ។ ស្រាប់តែពេលដែលពួកគាត់ដើរមកដល់ត្រង់ចំណុចកើតហេតុ ក៏មានក្មេងស្ទាវៗមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង បានជិះហួសពួកគាត់បន្តិច ក៏បកត្រឡប់មកច្របាច់ក បោកពួកគាត់ដួលលើផ្លូវ រួចទាញយកកាបូប និងផ្តាច់ខ្សែករបស់គាត់ យកទៅបាត់។
ក្រោយពីកើតហេតុ ស្ត្រីទាំងពីរនាក់ បានស្រែកទ្រោយំ និងពឹងឱ្យប្រជាពលរដ្ឋជូនទៅជួបសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្តឹង៕