Tuesday, April 21, 2026
Homeនយោបាយកម្ពុជា បន្តតវ៉ាផ្លូវការ ប្រឆាំងសកម្មភាពយោធាថៃ ពង្រឹងកាន់កាប់ទឹកដីកម្ពុជា ខុសច្បាប់

កម្ពុជា បន្តតវ៉ាផ្លូវការ ប្រឆាំងសកម្មភាពយោធាថៃ ពង្រឹងកាន់កាប់ទឹកដីកម្ពុជា ខុសច្បាប់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តតវ៉ាផ្លូវការ ប្រឆាំងសកម្មភាពយោធាថៃ ពង្រឹងការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិ បាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន ដូចខាងក្រោម ៖

          ខេត្តព្រះវិហារ ៖

 -ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅក្នុងតំបន់ប្រាសាទព្រះវិហារ ។

          ខេត្តឧត្តរមានជ័យ ៖

-នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។

 -នៅស្រុកបន្ទាយអំពិល កងកម្លាំងថៃ បានជីកលេណដ្ឋាន នៅតំបន់ច្រកទ្វារអន្តរជាតិជប់គគីរ ។

-នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើងនៃតំបន់នេះ។

 -នៅតំបន់ថ្មដូន កងកម្លាំងថៃ បានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវ នៅតំបន់ចូកគ្រួស ភាគខាងកើតច្រកទ្វារអន្តរជាតិថ្មដូន។

          ខេត្តពោធិ៍សាត់ ៖

-នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រ ដើម្បីអនុវត្តសកម្មភាពឈូសឆាយដី បន្ថែមទៀត នៅតំបន់អូរភ្លុកដំរី។

សកម្មភាពទាំងនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្រោមក្របខ័ណ្ឌអន្តរជាតិ និងតំបន់ រួមមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត ។ កម្ពុជា បដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការបកស្រាយសកម្មភាពទាំងនេះថា ជាការការពារខ្លួន ឬស្រប តាមការយល់ព្រមទ្វេភាគីមុនៗ រួមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជា មិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយ ដែលអះអាងដោយឯកតោភាគី ដោយប្រទេសថៃ ជាដាច់ខាត ។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ។

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិត ខាងល្អ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការដោះ ស្រាយជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោល ការណ៍របស់ខ្លួនថា ខ្សែព្រំដែន មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងឡើយ“ ។

ចំណែកនៅក្នុងសេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋានភិបាលកម្ពុជា បានធ្វើសេចក្ដីសង្ខេបខ្លឹមសារតវ៉ាផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ខាងលើ ដោយបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះ ស្រា យជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែន មិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ ។

 លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បញ្ជាក់ជូនជនរួមជាតិថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានារបស់កងកម្លាំងថៃ នៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ដោយខុសច្បាប់ ហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយនៅលើទីតាំងទាំងនោះ ដែលជាការបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយមិនរំលងសកម្មភាពណាមួយឡើយ។ ក្នុងនោះសកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជា តវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូល កាន់កាប់ទឹកដីកម្ពុជា លើទីតាំងថ្មីទៀតឡើយ។ ការតវ៉ាជាផ្លូវការនេះ គឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១. វាគឺជាសារព្រមានទៅភាគីថៃ ថាកម្ពុជា គឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃ មិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។ ទី២. វាគឺជាឯកសារភ័ស្តុតាងដែលមានតម្លៃគតិយុត្ត សម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ។  ទី៣. ការតវ៉ានេះ គឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិ ឱ្យបានដឹងឮ ជាសាក្សីនៃការរំលោភបំពាននិងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និងទី៤. លិខិតតវ៉ាទាំងនេះ គឺជាការរក្សាអាជ្ញាយុកាលនៃវិវាទ ឱ្យស្ថិតនៅជាធរមាន ដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដមួយ នាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជូនជាថ្មីថា កម្ពុជា រក្សាជំហរដាច់ខាត ការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ដោយឡែក ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ : ១១៧ សប្រក ចុះថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៩ ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ភាគីថៃ ពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិ សេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដូចខាងក្រោម ៖

១-ស្ថានភាពពលរដ្ឋភៀសសឹក ៖ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៦សែន ១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៣៤ ៤៣៩នាក់ទៀត (ស្តី្រ១៧ ៨៦០នាក់ និងកុមារ ១១ ៤៤៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

២-ការបន្តផ្អាកសវាសាធារណៈជាមូលដ្ឋាន ៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួង បានកត់ត្រាទុកនៅឡើយទេ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ទទូចឱ្យភាគីថៃ ពន្លឿនការចាត់តាំងក្រុមការងារ JBC ចាប់ផ្ដើមបន្តការវាស់វែងនិងកំណត់ខណ្ឌសីមា ឱ្យបានលឿន ស្របតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ដោយផ្អែកលើអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារដែលភាគីទាំងពីរ បានឯកភាពគ្នា។ គឺមានតែយន្តការនេះទេ ដែលនាំឱ្យភាគីទាំងសងខាងអាចបញ្ចៀសវិនាសកម្មនៃការប្រឈមមុខដោយអាវុធដាក់គ្នា និងដើម្បីនាំត្រឡប់មកវិញនូវជីវភាពជាប្រក្រតី និងភាពសុខក្សេមក្សាន្ត នៃប្រជាជនតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រពេញទំហឹង សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ដែលកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍សង្កត់ធ្ងន់ថា “…កម្ពុជា គ្រប់គ្រងឱ្យបាន និងរក្សាឱ្យបាននូវកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅដល់ការវាស់វែងព្រំ ដែន ដូចមានចែងក្នុងសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា នឹងបន្តដោះ ស្រាយ កម្ពុជាមិនចោលទេ ទឹកដីហ្នឹងនោះ! ប៉ុន្តែត្រូវប្រើពេល មិនមែនប្រើមួយថ្ងៃ ពីរថ្ងៃទេ។…យើងប្រកាន់យកការពង្រឹងបទឈប់បាញ់ ការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់។ យើងអត់ទទួលស្គាល់ការប្រើប្រាស់កម្លាំង ដើម្បីកាន់កាប់ទឹកដីជាក់ស្ដែងទេ។ កម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ។ កម្ពុជា ត្រូវការដោះស្រាយដោយសន្តិវិធី មិនមែនដោះស្រាយដោយកម្លាំងប្រដាប់អាវុធទេ។ ការដោះស្រាយនេះ មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជា តែក៏សម្រាប់ប្រជាជនថៃ ដែរ…មិនយូរមិនឆាប់ ដំណោះស្រាយនេះ នឹងឈានទៅដល់អ្វីមួយដែលស្មានមិនដល់។ រាជរដ្ឋាភិបាល យកជម្រើសបញ្ចៀសការស្លាប់ របួស ជម្លៀសប្រជាជន ស្លាប់ របួសកងកម្លាំងប្រដាប់អាវុធ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា។ ឥឡូវយើងរក្សាជីវិតបាន ទឹកដីយើងនឹងខិតខំយកមកវិញ តាមមធ្យោបាយសន្តិវិធី…”។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រួបរួមស្មារតីសាមគ្គីគាំទ្រសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំពុងដឹកនាំបេសកកម្មដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែន ជាពិសេស ការវិលមកវិញនូវជីវភាពជាប្រក្រតីនៃប្រជាជនទាំង សងខាង ៕ កុលបុត្រ

RELATED ARTICLES