Monday, July 14, 2025
Homeព័ត៌មានជាតិចៅសង្កាត់ សុំអន្តរាគមន៍ដោះលែងឡានដឹកដី

ចៅសង្កាត់ សុំអន្តរាគមន៍ដោះលែងឡានដឹកដី

ភ្នំពេញ ៈ លោកសង្កាត់ស្ពានថ្ម និងប្រជាពលរដ្ឋ រួមជាមួយម្ចាស់រថយន្តដឹកដី ប្រមាណ ៣០នាក់ ដោយមានរូបថត សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះ បានទទួចស្នើសុំដល់សម្តេចនាយករដ្ឋមន្ត្រី  មេត្តាជួយអន្តរាគមន៍ទៅក្រសួងសាធារណការនិងដឹកជញ្ជូន ដោះលែង រថយន្តដឹកដី ចំនួន៥គ្រឿង ដែលក្រសួង បានចាប់ឃាត់ទុក កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបានមកប្រើប្រាស់ ជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋាន និងប្រកបមុខរបររកស៊ីឡើងវិញ។

ការទទូចស្នើសុំនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើទីតាំងដែលត្រូវស្ថាបនាផ្លូវមួយខ្សែ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

លោកហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម តំណាងឱ្យប្រជាពលរដ្ឋ បានឱ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើដងផ្លូវដែលរងការខូចខាត នារដូវវស្សានេះ និងមានទំនាកទំនងល្អជាមួយអ្នកធ្វើអាជីវកម្មដឹកដី ក្នុងមូលដ្ឋានផង ទើបលោកបានស្នើសុំឱ្យពួកគាត់ជួយជួសជុលកំណាត់ផ្លូវក្នុងមូលដ្ឋាន ប្រមាណ ២ពាន់ម៉ែត្រ។ នៅក្នុងការជួយជួសជុលស្ថាបនាផ្លូវ ពុំអស់លុយកាក់នោះទេ។

លោកចៅសង្កាត់ បន្តថា នៅពេលស្ថាបនាផ្លូវ មិនទាន់រួចរាល់ផង ស្រាប់តែខាងក្រសួងសាធារណការនិងដឹកជញ្ជូន បានមកចាប់រថយន្តដឹកដីទាំងនោះ ដោយធ្វើការផាកពិន័យ រួចហើយ និងទុក១ឆ្នាំ ដោយអះអាងថា ដឹកលើសចំណុះ។ លោកចៅសង្កាត់ បានលើកដៃសំពះអង្វរដល់ក្រសួងសាធារណការ មេត្តាជួយដោះលែងរថយន្តទាំងនោះ បានត្រឡប់មកវិញ ដើម្បីបានចាក់ដី ជួយស្ថាបនាផ្លូវ អភិវឌ្ឍក្នុងមូលដ្ឋានបន្តទៀត។

ចំណែកលោកចាន់ ផនពិសិដ្ឋ ម្ចាស់អាជីវកម្មដឹកដី បានឱ្យដឹងថា បន្ទាប់ពីលោកចៅសង្កាត់ មានការស្នើសុំឱ្យជួយជួសជុល ស្ថាបនាផ្លូវ នៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប្រវែងប្រមាណ ២ពាន់ម៉ែត្រ លោកក៏បានហៅរថយន្តដឹកដី ប្រភេទ រថយន្តយីឌុប ជាច្រើនគ្រឿង មកចាក់ដី ហើយគាត់ជួយចេញថ្លៃប្រេង។ នៅពេលចាក់ដី ស្ថាបនាផ្លូវ បានប្រមាណ ៥ថ្ងៃ ស្រាប់តែនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមកចាប់ដកហូតរថយន្ត បញ្ជូនទៅទុកនៅស្នាក់ការជញ្ជីងថ្លឹង នៅព្រែកហូរ ដើម្បីផាកពិន័យ និងរក្សាទុករយៈពេល ១ឆ្នាំតែម្តង។

លោកណុល សុផល អាយុ៤៥ឆ្នាំ ជាម្ចាស់រថយន្តដឹកដី ស្នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត នៅ ស្រុក ព្រះស្តេច ខេត្តព្រៃវែង តំណាងរថយន្តដឹកដី បានទទួចអង្វរដល់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយអន្តរាគមន៍ដោះលែងរថយន្តដឹកដីរបស់ពួកគាត់ បានត្រឡប់មកវិញ ព្រោះរថយន្តទាំងនោះ ពួកគាត់ម្នាក់ៗ សុទ្ធតែខ្ចីលុយធនាគារ ដើម្បីមកទិញ រកស៊ីដឹកដី។ បើក្រសួងសាធារណការ ឃាត់ទុករយៈពេល ១ឆ្នាំ ពួកគាត់មានគ្មានលទ្ធភាពនឹងបង់ធនាគារ ហើយរថយន្តទុកចោលនឹងខូចខាតថែមទៀត។

ជុំវិញករណីខាងលើនេះ នៅមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES