Sunday, July 13, 2025
Homeព័ត៌មានជាតិចោរលួចម៉ូតូ បន្ទោសម្ចាស់ទុកចោលប្រហែសពេក

ចោរលួចម៉ូតូ បន្ទោសម្ចាស់ទុកចោលប្រហែសពេក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បន្ទាប់ពីធ្វើ សកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច លុះត្រូវកម្លាំងអាវុធហត្ថវ៉ៃខ្នោះ ក៏បន្ទោសម្ចាស់ម៉ូតូថា មកពីទុកម៉ូតូ ចោលប្រហែសពេក។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរបណ្ណាគារ IBC តាមបណ្តោយ ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យជាចោរលួចម៉ូតូដែលត្រូវចាប់ឃាត់ខ្លួន មានឈ្មោះហេង ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះពេជ្រ សារស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ រីឯម៉ូតូរបស់ជនរងគ្រោះ គឺម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-4182។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់ទើបតែជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយក៏បានទៅឈប់ចតចោលនៅខាងមុខបន្ទប់ជួលរបស់ខ្លួន។ បន្ទាប់មកគាត់ក៏បានចូលទៅអង្គុយហូបមីឆា នៅក្នុងបន្ទប់ជួល ដោយទុកម៉ូតូនៅខាងក្រៅបន្ទប់។ លុះមួយស្ទុះក្រោយមក គាត់បានឮសំឡេងកាច់កម៉ូតូ ទើបចេញពីខាងក្រៅបន្ទប់ មកមើល ក៏ឃើញជនសង្ស័យរត់ចេញពីម៉ូតូរបស់គាត់ ហើយគាត់ក៏បានរត់ដេញតាម និងស្រែកចោរ!ៗ រហូតដល់ចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋបានឮគាត់ស្រែក ក៏បានជួយស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗតែម្តង។ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ហើយក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការអន្តរាគមន៍ភ្លាមៗតែម្តង។

នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន តែមិនបានសម្រេចទេ។ ចំណែកមូលហេតុ គឺដោយសារតែជនរងគ្រោះទុកម៉ូតូចោលប្រហែសពេក។

ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES