Sunday, July 13, 2025
Homeព័ត៌មានជាតិចោលសំរាមអត់របៀប អស់១លានរៀល

ចោលសំរាមអត់របៀប អស់១លានរៀល

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ដែលដឹកសំរាមមកចាក់ចោលនៅលើផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ បានចូលខ្លួន សារភាពកំហុស និងបង់ផាកពិន័យ (១លានរៀល) ជូនមន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

បុរសដែលដឹកសំរាមទៅចាក់ចោលលើផ្លូវសាធារណៈនោះ មានឈ្មោះកែវ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ការចូលខ្លួនមកសារភាពរបស់បុរសខាងលើនេះ ធ្វើឡើងក្រោយពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធាន និងដាក់ឱសានវាទឱ្យបុរសរូបនោះ ចូលខ្លួនមកសារភាពកំហុស និងបង់ផាកពិន័យ ឱ្យបានមុនម៉ោង ៥ល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំងខាងក្រោងហ្គារាស់សាំងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ សោភណភាពទីក្រុង និងអនាម័យបរិស្ថាន។

បន្ទាប់មក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារ តាមរយៈបណ្តាញ សង្គម ហ្វេសប៊ុក ថា “អំពើអាក្រក់ ដឹកសំរាមមកចាក់លើផ្លូវ។ សូមប្រញាប់ចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ឱ្យបានមុនម៉ោង ១៧ៈ០០ ថ្ងៃ១៣-០៩-២២ នៅមន្ទីរបរិស្ថាន បើមិនចង់ឱ្យចាត់វិធានការ។ ម្ចាស់សំរាម និងជនដឹកសំរាម មកចាក់ចោល ត្រូវមានការទទួលខុសត្រូវ…”។

រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បុរសឈ្មោះកែវ តុលា ដែលជាអ្នកយកសំរាមមកបោះចោល នៅទីសាធារណៈ ខាងលើ បានចូលខ្លួនមកសារភាពកំហុសនៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងយល់ព្រមបង់ប្រាក់ផាកពិន័យ ចំនួន១លាន រៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

បុរសឈ្មោះ កែវ តុលា បានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈ តទៅទៀតហើយ ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់និងវេចខ្ចប់សំរាម ឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភណភាពទីក្រុងរបស់យើងទាំងអស់គ្នា ហើយសូមមេត្តាកុំបោះចោលសំរាមនៅតាមទីសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សោភណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុ ទាំងមូល ។

សម្រាប់ករណីឈ្មោះកែវ តុលា គឺជាសារមួយសម្រាប់បងប្អូន ហើយក្នុងករណីដែលបងប្អូនមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត នោះទេ រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរបរិស្ថាន ជាស្ថាប័នជំនាញ នឹងចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់៕

RELATED ARTICLES