Saturday, July 5, 2025
Homeសង្គម និងជីវិតទារកដៃ៤ ជើង៤ ពេទ្យគន្ធបុប្ផា វះកាត់ជោគជ័យ

ទារកដៃ៤ ជើង៤ ពេទ្យគន្ធបុប្ផា វះកាត់ជោគជ័យ

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងស្ញប់ស្ញែងជាខ្លាំងចំពោះសមត្ថភាពក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីរួមគ្នាវះកាត់ទារកកើតមកមានអវយវៈមិនប្រក្រតី (ដៃ៤ ជើង៤) រហូតទទួលបានជោគជ័យ។

យោងតាមព័ត៌មានពីមន្ទីរពេទ្យ បានឱ្យដឹងថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង បានកើត ដោយមានមកពីកំណើត ដៃ៤ ជើង៤ និងមានរន្ធគូទត្បៀតជិត (Anal imperforation)។ ទារកនេះ បានចូល សម្រាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរ ពេទ្យកុមារ ជយវរ្ម័នទី៧ (គន្ធបុប្ផា ទី៣) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជ បណ្ឌិតឯកទេស ប៉ុន ឡាឌីន និងលោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។

មន្ទីរពេទ្យ បានបញ្ជាក់ថា ទារកនេះ បានឆ្លងការវះកាត់ ៤លើក ដោយជោគជ័យ។ ការវះកាត់លើកទី១ គឺការវះ កាត់យកអវយវៈលើ ១គូ (ដៃ) ចេញ។ ការវះកាត់លើកទី២ គឺការវះកាត់ដោយចោះពោះវៀនធំ ដើម្បីឱ្យទារក បន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន។ ការវះកាត់លើកទី៣ គឺការវះកាត់យក អវយវៈ ក្រោម ១គូ (ជើង) ចេញ និងការវះកាត់លើកទី៤ គឺការវះកាត់យកឆ្អឹង pubis ដែលខូចទម្រង់ពីកំណើតចេញ។

ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធភាព ពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះ ដោយស្នាមញញឹម ជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់ ៣ខែក្រោយ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ៕

RELATED ARTICLES