
ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ដោយនិពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានសរុបមានចំនួន១៧០នាក់ មកពី១០៩ស្ថាប័ន ដែលបានចូលរួម បានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្ដូរយោបល់ ហើយបានអនុម័តចេញនូវសេចក្ដីថ្លែងការណ៍រួម ដែលមានខ្លឹមសារ១៣ចំណុច ។

ក្នុងនោះ ចំណុចទី៣ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយ ព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធ ចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការប្រឈមផ្លូវច្បាប់។

ចំណុចទី៤ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ស្នើដល់ស្ថាប័នសារព័ត៌ពេននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែន គប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុងរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដោយរួមទាំងអ្នកទេសចរផងដែរ។

ជាមួយគ្នានោះដែរ ចំណុចទី៦ វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតជួយជ្រោមជ្រែងឱ្យមានសន្តិភាព ជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។

ចំណែកចំណុចទី៨ វ.ន.ស.ក. រម្លឹកអ្នកសារព័ត៌មានថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ជាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេសនីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្ន ផ្ទៀងផ្ទាត់ និងស្វែងរកប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្ទើរដ្ឋាភិបាលផ្តល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀងទាត់ ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។

រីឯចំណុចទី១៣ វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ស្ថាប័នសារព័ត៌មានគប្បីចូលរួមកសាងឯកសាររស់ (រូបភាព រូបថត សំឡេង អត្ថបទ) ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ ៕


